នយោបាយ
វិសោធនកម្មរដ្ឋធម្មនុញ្ញ៖ តើ៩លើកមកនេះ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានកែត្រង់មាត្រាណាខ្លះ?
នៅក្នុងសប្តាហ៍នេះ រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។ ការធ្វើវិសោធនកម្មលើកនេះ គឺជាលើកទី១០ ហើយចាប់តាំងពីឆ្នាំ១៩៩៣មក។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៩លើកកន្លងទៅ ថា តើបានកែត្រង់មាត្រាណាខ្លះ?
-លើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤៖ គឺបានកែប្រែលើមាត្រា២៨នៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីផ្តល់សិទ្ធិដល់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យនៅពេលដែលព្រះមហាក្សត្រអវត្តមានដោយព្រះរាជសារប្រគល់សិទ្ធិ។
-លើកទី២ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩៩៖ គឺបានកែប្រែលើមាត្រា១១,១២,១៣,១៨,២២,២៤,២៦,២៨,៣០,៣៤,៥១,៩០,៩១,៩៣ និងមាត្រាទាំងឡាយនៃជំពូកទី៨ដល់ជំពូកទី១៤នៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា។
-លើកទី៣ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០១៖ គឺបានកែប្រែលើមាត្រា១៩ និង២៩នៃរដ្ឋធម្មនុញ្ញដោយមកចែងថា«ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ» និងកែតម្រូវកំហុសបច្ចេកទេសនូវមាត្រា១៩ថ្មី ត្រង់លេខមាត្រាយោងតាមពីមាត្រា១០០ចាស់ទៅមាត្រា១១៩ថ្មី។
-លើកទី៤ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥៖ គឺបានកែប្រែលើមាត្រា៨៨ និង១១១ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីកែសម្រួលកូរ៉ុមនៃការប្រជុំរដ្ឋសភា៖
+កូរ៉ុមប្រាំពីរភាគដប់សម្រាប់ការអនុម័តយកមតិភាគច្រើន ពីរភាគបី ឬយកមតិភាគច្រើន បីភាគបួននៃចំនូនសមាជិករដ្ឋសភាទាំងមូល។
+កូរ៉ុមប្រាំមួយភាគដប់ សម្រាប់ការអនុម័តយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
-លើកទី៥ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៦៖ គឺបានកែប្រែលើមាត្រា៨២,៨៨ថ្មី,៩០ថ្មី,៩៨,១០៦ថ្មី,១១១ថ្មី(មួយ) និងមាត្រា១១៤ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺសំដៅកែសម្រួលសំឡេងបោះឆ្នោត ពីសំឡេងពីរភាគបីមកជាមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមប្រជុំដើម្បី៖
+បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មការនានានៃរដ្ឋសភា
+បោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល និងអនុម័តញតិ្តបន្ទោសទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាល
+បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកគណៈកម្មការនានានៃព្រឹទ្ធសភា
+អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងព្រឹទ្ធសភា
-លើកទី៦ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨៖ គឺបានកែប្រែលើមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីចែងបន្ថែមពីការបែងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
-លើកទី៧ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤៖ គឺបានកែប្រែលើមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មីដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីបញ្ញត្តិអំពីអង្គការរៀបចំការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ។
-លើកទី៨ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៖ គឺបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ។ មាត្រា៣៤ថ្មី បានបញ្ចូលនូវការដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ មាត្រា៥៣ គឺបានចែងបន្ថែមថាកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទោះបីក្រោមរូបភាពណាក៏ដោយ។ ឯ មាត្រា៤២ បន្ថែមថា ថា គណបក្សនយោបាយ ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះជាដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជាឡើយ។ មាត្រា៤៩ បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះជាដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋឡើយ។ ចំណែក មាត្រា១១៨ បានកែប្រែថា គណៈរដ្ឋមន្ត្រី ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិក។
-លើកទី៩ នៅឆ្នាំ២០២១៖ វិសោធនកម្មលើមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន«សញ្ជាតិខ្មែរតែមួយគត់»។
ដោយឡែក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៤៖ រដ្ឋសភាកម្ពុជា បានបង្កើតនូវច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ច្បាប់ធម្មនុញ្ញបន្ថែមនេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរីភាពពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់៕
ដោយ៖ សេម វាសនា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន