នយោបាយ
មន្ត្រី គ.ជ.ប ៖ ច្បាប់មិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមណ្ឌលពិសេសនៅក្រៅប្រទេស ដើម្បីឲ្យពលរដ្ឋបោះឆ្នោតទេ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ច្បាប់មិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមណ្ឌលពិសេស ឬដោយឡែកនៅឯក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបោះឆ្នោតបាននោះទេ។ ការអះអាងនេះ គ្រាដែលគណបក្សចំនួន ៤ គ្រោងដាក់សំណើទៅកាន់រដ្ឋសភា, ក្រសួងមហាផ្ទៃ, និង គ.ជ.ប ដើម្បីសុំជួបពិភាក្សាជុំវិញកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលក្នុងនោះ ក៏មានការស្នើឲ្យបង្កើតមណ្ឌលពិសេសសម្រាប់ពលរដ្ឋខ្មែរ អាចបោះឆ្នោតបាននៅក្រៅប្រទេសផងដែរ។ គណបក្សនយោបាយទាំង ៤នោះ រួមមាន៖ គណបក្សភ្លើងទៀន, គណបក្សឆន្ទៈខ្មែរ, និងគណបក្សកែទម្រង់កម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែសីហានេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានកំណត់តួនាទីនិងភារកិច្ច ឲ្យរៀបចំចាត់ចែង និងគ្រប់គ្រង ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ, និងការបោះឆ្នោតផ្សេងទៀត តាមច្បាប់ជាធរមាន។ បញ្ញត្តិនេះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជំពូក ១៥ ថ្មី ២។

ចំពោះគម្រោងស្នើឡើងរបស់គណបក្សទាំង ៤ខាងលើ ដែលចង់ឲ្យបង្កើតមណ្ឌលពិសេស សម្រាប់ប្រជាពលរដ្ឋខ្មែរ អាចបោះឆ្នោតបាននៅក្រៅប្រទេសនោះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប មិនធ្វើអត្ថាធិប្បាយឆ្លើយតបអ្វីឡើយ។ តែយ៉ាងណាក៏ដោយ លោក សោម សូរីដា បានលើកឡើងថា គ.ជ.ប គឺស្ថាប័នអនុវត្តការរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត តាមច្បាប់ធរមាន។ ដូច្នេះហើយ នៅក្នុងបញ្ញត្តិ ដែលមានជាធរមាន គឺនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងច្បាប់ ស្ដីពី ការបោះឆ្នោតផ្សេងទៀត គឺការបោះឆ្នោត ត្រូវធ្វើដោយផ្ទាល់ ហើយប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍បន្តថា «ការិយាល័យបោះឆ្នោត ត្រូវកំណត់ឲ្យបង្កើតឡើងតាមឃុំ-សង្កាត់នីមួយៗ បើអញ្ចឹងនៅក្នុងឃុំ-សង្កាត់ គឺជាទីតាំងរដ្ឋបាលដែលការិយាល័យបោះឆ្នោត ត្រូវតាំងនៅ អញ្ចឹងតាមបញ្ញត្តិនេះ មិនអនុញ្ញាតឲ្យ គ.ជ.ប រៀបចំមណ្ឌលពិសេស ឬដោយឡែកនៅឯក្រៅប្រទេស បានទេ»។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា គ.ជ.ប អាចរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផង និងវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោតផង ដែលកំពុងនៅជាធរមាន។
លោក សោម សូរីដា បានបន្ថែមទៀតថា «យើងគ្រាន់តែពិនិត្យមើលស្ថានភាពជាក់ស្ដែងក្នុងការអនុវត្ត គ្រាន់តែការិយាល័យបោះឆ្នោតនៅក្នុងប្រទេស វាមានកើតឡើងនូវបញ្ហាជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោតទៅហើយ…ហើយនោះ គឺជាការចាត់វិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ទាំងបរិវេនខាងក្នុង បរិវេនខាងក្រៅ និងក្នុងការិយាល័យបោះឆ្នោត…ចឹងក្នុងប្រទេសយើងកើតឡើងបញ្ហាប្រឈមជាច្រើនទៅហើយ តើការបង្កើតមជ្ឈមណ្ឌលនៅឯក្រៅប្រទេសនោះ វាអាចប្រឈមនឹងបញ្ហាអ្វីខ្លះ?»។
លោកបន្តថា ចំណុចខាងលើនេះ គឺជាចំណុចដែលត្រូវពិចារណាអំពីយន្តការ នៃការដោះស្រាយបណ្ដឹង ករណីមានភាពមិនប្រក្រតីកើតឡើងនៅមណ្ឌលបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយតាមច្បាប់របស់កម្ពុជា ការបោះឆ្នោត ត្រូវធ្វើនៅការិយាល័យបោះឆ្នោត ដែលមានទីតាំងនៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបោះឆ្នោតរួច ត្រូវរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត ដែលដូច្នេះការិយាល័យបោះឆ្នោត នឹងក្លាយទៅជាការិយាល័យរាប់សន្លឹកឆ្នោត នៅពេលដែលបញ្ចប់ការបោះឆ្នោត។
លោក សោម សូរីដា បានលើកឡើងទៀតថា «ការបង្កើតមជ្ឈមណ្ឌលនៅឯក្រៅប្រទេសនោះ តើអ្នកណាជាអ្នករៀបចំទទួល និងដោះស្រាយបណ្ដឹងក្នុងករណីមានការប្ដឹងតវ៉ា ឬជំទាស់ នៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត…ចឹងករណីនេះគឺជាករណីត្រូវសិក្សាឲ្យបានច្បាស់លាស់ មុននឹងលើកឡើងនូវការធ្វើវិសោធនកម្មច្បាប់ ទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់បោះឆ្នោត»។ អ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា សម្រាប់ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះបើច្បាប់កំណត់ឲ្យអនុវត្តបែបណា គឺ គ.ជ.ប នឹងគោរព និងអនុវត្តទៅតាមបញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត