Connect with us

នយោបាយ

តើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចបញ្ចប់ក្នុងពេលឆាប់ៗនេះទេ? 

បានផុស

នៅ

 

គិតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានអូសបន្លាយប្រមាណ៧ខែម​កហើយតាំងពីខែកុម្ភៈមក។ ក៏ប៉ុន្តែ ស្ថានភាពនៃសង្រ្គាមនេះ ហាក់មិនទាន់មានភាពធូរស្រាលនៅឡើយ ពោល គឺនៅតែបន្តភាពក្តៅគគុកដដែលរវាងប្រទេសទាំង២ ហើយក៏ជះឥទ្ធិពលដល់ពិភពលោកទាំងមូលដូចគ្នា។ តើសង្គ្រាមមួយនេះ អាចបញ្ចប់បាននៅពេលណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្គ្រាមនៃប្រទេសទាំង២ មិនត្រឹមតែខាតបង់ត្រឹមតែក្នុងប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលទទួលរងនូវឥទ្ធិពលពីសង្គ្រាមនេះដូចគ្នា ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេស តម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក។ រីឯ ផ្នែកនយោបាយ ផ្នែកទេសចរណ៍ ឬ ផ្នែកដទៃផ្សេងទៀត ក៏ជួបបញ្ហាដូចគ្នាដែរ។ បញ្ហាទាំងអស់នេះ ជារឿងមួយដែលពិភពលោកព្រួយបារម្ភជាខ្លាំង ហើយក៏គ្មាននរណាម្នាក់អាចដឹងបានឡើយថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់នៅពេលណា។ 

លោក ពុយ គា អ្នកកាសែតជើងចាស់នៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានថ្លែងប្រាប់“កម្ពុជាថ្មី”ថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែជាបញ្ហាក្តៅគគុកនៅឡើយ ព្រោះសព្វាវុធរបស់ភាគីអ៊ុយក្រែន ត្រូវបានឧបត្ថម្ភជាបន្តបន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិកជាដើម។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាទិដ្ឋភាពខាងក្រៅមើលទៅហាក់ដូចជាអ៊ុយក្រែនកំពុងតែមានប្រៀបជាងរុស្ស៊ី ដោយដណ្តើមបានទឹកដីរាប់ពាន់គីឡូម៉ែត្រការ៉េមែនពិត ក៏ប៉ុន្តែ ទាំងនេះអាចជាយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមក៏ថាបាន។ 

ក្នុងករណីដែលអ៊ុយក្រែនដណ្តើមបានទឹកដីជាច្រើនពីរុស្ស៊ីនេះ លោក ពុយ គា មានប្រសាសន៍ថា៖ “តាមការបកស្រាយពីខាងរុស្ស៊ី គាត់ថា រហូតមកដល់ពេលនេះ គឺគាត់ប្រើសុទ្ធតែទ័ពតំបន់ទេ អត់ទាន់បានប្រើទ័ពជាតិទេ។ ក្នុងបរិបទនេះ គេសួរថា ចុះពេលអ៊ុយក្រែនគាត់វ៉ៃដណ្តើមបានហ្នឹង មានន័យថាបាក់ទ័ពហើយមែនទេ? មានការបកស្រាយខាងរុស្ស៊ីថា នេះ គឺជាយុទ្ធសាស្ត្រដែលគាត់ត្រូវរៀបចំឡើងវិញ”។ 

ចំណែក លោកស្រីបណ្ឌិត អ៉ឹម សុខសម្ផស្ស អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៃមជ្ឈមណ្ឌលខេមរសិក្សា ក៏បានមើលឃើញពីបញ្ហាខាងលើ មិនខុសពីលោក ពុយ គា ប៉ុន្មានដែរ។ លោកស្រីបណ្ឌិត សុខសម្ផស្ស យល់ថា បច្ចុប្បន្ននេះ អ៊ុយក្រែនហាក់កំពុងមានប្រៀបលើរុស្ស៊ីពិតមែន ព្រោះលោកខាងលិច និងអាមេរិក មិនត្រឹមតែផ្តល់ជាជំនួយផ្នែកសព្វាវុធដល់អ៊ុយក្រែន ប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាជំនួយមនុស្សធម៌ផ្សេងទៀត ដើម្បីឲ្យអ៊ុយក្រែនមានកម្លាំងតស៊ូជាមួយរុស្ស៊ីបន្ថែមទៀត។ លោកស្រីបណ្ឌិត បានបន្ថែមថា សង្គ្រាមរបស់ប្រទេសទាំង២មិនងាយនឹងបញ្ចប់នោះទេ ព្រោះគ្មានសញ្ញាពីភាគីណាមួយដែលចង់ធ្វើការចរចារជាមួយគ្នា ដើម្បីស្វែងរកសន្តិភាពឡើយ។ 

រីឯ លោកបណ្ឌិត ផាត កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យា​ល័យ​ញ៉ូយ៉ក និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីវិញ បានមើលឃើញពីការមានប្រៀបរបស់អ៊ុយក្រែនលើរុស្ស៊ីថា ជាបញ្ហាមួយដែលពិបាកនឹងថ្លឹងថ្លែង ព្រោះស្ថានភាពនយោបាយ និងសង្គ្រាម អាចផ្លាស់ប្តូរបានគ្រប់ពេលវេលា។ ម្យ៉ាងវិញទៀត សង្គ្រាមរវាងប្រទេសទាំង២ ជាសង្គ្រាមដែលរ៉ាំរ៉ៃពិបាកក្នុងការទស្សន៍ទាយថា អាចនឹងបញ្ចប់នៅពេលណាបាន។ 

យ៉ាងណាក៏ដោយ អ្នកជំនាញទាំង៣រូបខាងលើ បានសង្កត់ធ្ងន់ជារួមនៃបញ្ហាទាំងមូលថា ដើម្បីដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន និងរុស្ស៊ីបាន គឺមានតែកិច្ចចរចារមួយប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្នុងនាមកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកាខាងមុខ ដោយមានប្រទេសជាច្រើនចូលរួម បូករួមទាំងប្រទេសមហាអំណាចជាដៃគូផងនោះ មានមតិជាច្រើនបានយល់ថា ភាគីពាក់ព័ន្ធទាំងអស់អាចលើកយកបញ្ហានៅរុស្ស៊ី និងអ៊ុយក្រែនមកប្រជុំ និងពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយមួយសម្រាប់ប្រទេសទាំង២៕ 

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម