នយោបាយ
លោក សុខ ឥសាន៖ការរួបរួមកម្លាំងអតីតបក្សប្រឆាំង នៅតែមិនអាចយកឈ្នះគណបក្សប្រជាជនបានឡើយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៤ ខែតុលានេះ បានថ្លែងថា ការរួបរួមកម្លាំងគ្នាឡើងវិញនៃអតីតគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នាពេលនេះ នៅតែមិនមែនជាគូប្រជែង និងអាចយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ។

គណបក្សឆន្ទៈខ្មែរ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនសម្រេចរួបរួមគ្នាជាមួយគណបក្សភ្លើងទៀន និងចូលរួមជាគណបក្សនយោបាយតែមួយតាមការជាក់ស្ដែង។ ការសម្រេចបែបនេះ ធ្វើឡើងក្រោយពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទាំងពីរនេះ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់។
គណបក្សឆន្ទៈខ្មែរ បានប្រកាសថា ខ្លួនសម្រេចមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះឡើយ។ ប៉ុន្តែគណបក្សឆន្ទៈខ្មែរ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដែលចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតឲ្យចូលរួម និងគាំទ្រគណបក្សភ្លើងទៀនឲ្យបានទូលំទូលាយ និងខ្លាំងក្លា ដើម្បីអំណាចប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា។

ពាក់ព័ន្ធនឹងការប្រកាសនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងដូច្នេះថា៖ «ការចងសម្ព័ន្ធភាពគ្នានេះ គឺជាសិទ្ធនយោបាយរបស់គណបក្សទាំងពីរ (គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ) ឲ្យតែមេដឹកនាំគណបក្សទាំងពីរឯកភាពគ្នា គឺគ្មានបញ្ហាទើសទាល់អ្វីដល់គណបក្សប្រជាជនកម្ពុជានោះទេ»។
មន្ត្រីគណបក្សប្រជាជនរូបនេះ បានគូសបញ្ជាក់ថា គណបក្សទាំងនេះ សុទ្ធសឹងតែជាអតីតសមាជិកគណបក្សប្រឆាំង ដែលត្រូវបានតុលាការរំលាយចោល ហើយបែកខ្ញែកគ្នាមកបង្កើតជាគណបក្សនយោបាយថ្មីតូចៗជាច្រើន រួមទាំងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ ជាដើម។ ដូច្នេះ ការប្រមូលផ្ដុំឡើងវិញនៃកម្លាំងគណបក្សទាំងនេះ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ក៏មិនបានបង្កភាពភ័យខ្លាច ឬភាពភ្ញាក់ផ្អើល ឬជាឧបសគ្គរារាំងដល់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបានការគាំទ្រពីពលរដ្ឋច្រើនលើសលប់ និងតែងតែទទួលបានជ័យជំនះ ជាបន្តបន្ទាប់នោះទេ។

គួរជម្រាបដែរថា នៅថ្ងៃទី៤ ខែតុលានេះ គណបក្សភ្លើងទៀន បានប្រកាសស្វាគមន៍វត្តមានគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ។ ទន្ទឹមគ្នានេះ បក្សភ្លើងទៀន បានប្រកាសតែងតាំងលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ផងដែរ។ គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់ឲ្យចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា