នយោបាយ
គុយបា អរគុណកម្ពុជាដែលផ្តល់ជំនួយអង្ករ ខណៈកម្ពុជា អរគុណគុយបា ដែលបានជួយក្នុងអតីតកាល
នាយករដ្ឋមន្រ្តី គុយ បា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានអរគុណកម្ពុជាដែលជួយគុយបាក្នុងបច្ចុប្បន្ន គឺការផ្តល់ជំនួយជាអង្ករដល់ប្រទេសមួយនេះ។ រីឯ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ ក៏បានអរគុណគុយបាដែលបានជួយកម្ពុជាក្នុងគ្រាលំបាកកាលពីអតីតកាល។ ការអរគុណគ្នានៃនាយករដ្ឋមន្រ្តីទាំង២នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយនៅល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃអង្គារ ម្សិលមិញ ។ ចុះពីលើយន្តហោះភ្លាម លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ នៅក្នុងជំនួបទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោក។
លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា។ លោក ក៏បានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង គឺឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់ ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះ រួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ។

ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះ គឺការស្រាវជ្រាវលើវិស័យសុខាភិបាល ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុតក្នុងពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀតដល់កម្ពុជា។

សូមជម្រាបជូនថា កម្ពុជា និងគុយបា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ កម្ពុជា-គុយបា មានកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីយូរមកហើយ គឺចាប់តាំងពីសម័យព្រះបរមរតន:កោដ្ឋព្រះបាទ នរោត្តម សីហនុ និងអតីតប្រធានាធិបតីគុយបា លោក ហ្វីដែល កាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និងប្រពៃណីដ៏ល្អនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជននៃប្រទេសទាំងពីរ បានបន្តការពារ ថែរក្សា និងលើកកម្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
សាធារណរដ្ឋគុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលតែងតែជួយគាំទ្រនៅគ្រប់កាលៈទេសៈ ជាពិសេស នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០។ គុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ហើយបានបញ្ជូនជំនួយជាគ្រូពេទ្យមកជួយពិនិត្យព្យាបាលពលរដ្ឋកម្ពុជា ក៏ដូចជា ជួយស្តារឡើងវិញវិស័យសុខាភិបាល។

ទន្ទឹមគ្នានេះ កម្ពុជា ក៏បានជួយគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសនេះ បានជួបការលំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្ដិធម៌ពីសំណាក់ប្រទេសមហាអំណាច ដោយកម្ពុជាបានគាំទ្រគុយបានៅលើវេទិការអន្ដរជាតិនានា នៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការសហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀតជាដើម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី