នយោបាយ
បក្សខ្មែររួបរួមជាតិ និងបក្សកម្ពុជានិយម អបអរសាទរខួបលើកទី ៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
បន្ទាប់ពីបានប្រកាសរួបរួមគ្នា កាលពីថ្ងៃទី ១០ ខែតុលាកន្លងទៅនេះរួចមក លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញប្ញទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានបន្តបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដោយបានរៀបចំពិធីអបអរសាទរខួបលើកទី ៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១។

ពិធីជួបជុំអបអរសាទរនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមលោក ញឹក ប៊ុនឆៃ ដែលបានថ្លែងក្នុងកម្មវិធី នៅព្រឹកថ្ងៃទី ២៣ ខែតុលានេះ បានឲ្យដឹងថា គណបក្សរបស់លោក និងគណបក្សកម្ពុជានិយម សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពី កម្ពុជា ២៣ តុលា ១៩៩១។

លោកថា ផ្ដើមចេញពីកិច្ចព្រមព្រៀងនេះ កម្ពុជាឈានចូលយុគសម័យថ្មី នៃទំព័រប្រវត្តិសាស្រ្ដដែលខ្មែរពីគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ បានងាកមករកវប្បធម៌ផ្សះផ្សារជានាគ្នា ក្នុងការដោះស្រាយបញ្ហាសង្គមជាតិឲ្យចុះសម្រុង និងសុខដុមរមនានឹងគ្នា។

លោក ញឹក ប៊ុនឆៃ បានថ្លែងទៀតថា ការរៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី ៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពី កម្ពុជា ២៣ តុលា ១៩៩១ ដែលគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ធ្វើឡើងនេះ គឺម្យ៉ាងឧទ្ទិស និងដឹងគុណថ្លៃថ្លាចំពោះស្ថាបនិក និងសហគមន៍អន្តរជាតិ ដែលបានផ្ដួចផ្ដើមធ្វើឲ្យសម្រេចនូវសមិទ្ធផលសម្រាប់កម្ពុជា។

ម្យ៉ាងទៀតសំដៅដាស់សតិអារម្មណ៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេស ក៏ដូចជានៅបរទេស ជាពិសេសយុវជនខ្មែរ ដែលមិនធ្លាប់បានឆ្លងកាត់សម័យសង្រ្គាម នាទសវត្សរ៍ឆ្នាម ៧០-៨០ ឲ្យចងចាំជានិច្ច នូវគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់អ្នកតស៊ូ ដែលបានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។
នៅព្រឹកមិញនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហោះសារអបអរសាទរខួបទី ៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះផងដែរ។
ទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន។ ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង