នយោបាយ
គ.ជ.ប អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ការឃោសនាកុំឲ្យពលរដ្ឋទៅបោះឆ្នោត បើមិនឈប់ នឹងចាត់ការតាមផ្លូវច្បាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពនានាផ្ទុយពីខ្លឹមសារច្បាប់ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានក្រុមបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈការចែកខិត្តបណ្ណ រូបភាព ឬស្ប៉តឃោសនានានាតាមបណ្តាញសង្គម ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ឬមិនឲ្យទៅបោះឆ្នោត ក្រោមហេតុផលថា ការបោះឆ្នោតខាងមុខមិនមានវត្តមានគណបក្សភ្លើងទៀន។
ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន បានលើកឡើងថា គ.ជ.ប កំពុងដំណើរការយ៉ាងរលូនក្នុងការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃកម្ពុជា។
គ.ជ.ប បានឆ្លើយតបថា ការដែល គ.ជ.ប បដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការអនុវត្តតាមច្បាប់ ក្នុងនាម គ.ជ.ប គឺជាស្ថាប័នបច្ចេកទេស ដោយ គ.ជ.ប បានអនុវត្តដោយស្មើភាព និងមិនមានការរើសអើងចំពោះគណបក្សនយោបាយណាមួយឡើយ។ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការខាងលើនេះ គឺជាការរំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវផាកពិន័យជាថវិកាពី៥លាន រៀលទៅ២០លានរៀល។

គ.ជ.ប បានសង្កត់ធ្ងន់ថា ចំពោះជនណាដែលបានប្រើគ្រប់មធ្យោបាយទុច្ចរិតនានា ដូចជា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងការបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន ជាដើម នឹងត្រូវមានទោសព្រហ្មទណ្ឌផ្សេងថែមទៀត។
បើតាម គ.ជ.ប យុទ្ធនាការនេះ ក៏ជាសកម្មភាពដែលប្រាសចាកទៅនឹងព្រះរាជសារអំពាវនាវឲ្យទៅបោះឆ្នោតរបស់ព្រះ មហាក្សត្រនៃកម្ពុជា ផងដែរ។ លើសពីនេះ ត្រង់ចំណុចទី១ មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ គឺ«គ.ជ.ប មានសិទ្ធិចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោតដោយសម្ងាត់»។
តែយ៉ាងណាក្ដី គ.ជ.ប ក៏បានអំពាវនាវដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះ ក្នុងករណីមិនបញ្ឈប់សកម្មភាពទាំងនេះ គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទនឹងអនុវត្តតាមការអំពាវនាវនេះឲ្យមានប្រសិទ្ធភាព៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក