នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ៖ ជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើថា ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន ហើយពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងគ្រាដែលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង ៧ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករាជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយមោទនភាព ជាទីបំផុត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនបាន រស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ នេះជាការផ្លាស់ប្ដូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបានឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងនីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាពប្រជាជនក៏កាន់តែបានប្រសើរឡើងជា លំដាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា សមិទ្ធផលថ្មីៗច្រើនអនេករួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវ បានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ គ្មានមូលដ្ឋានណាដែលនៅឆ្ងាយដាច់ស្រយាល មិនអាចទៅដល់ និងគ្មានការអភិវឌ្ឍនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដឹកនាំការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ប្រកបដោយជោគជ័យ ការពារបានអាយុជីវិតប្រជាជន រក្សាបានលំនឹងជីវភាព និងលំនឹងសេដ្ឋកិច្ច និងធ្វើឲ្យសេដ្ឋកិច្ចជាតិ អាចងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងត្រឡប់មកស្ថិតលើគន្លង នៃកំណើនជាសក្តានុពលវិញ។
រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងអនុវត្តដោយប្រសិទ្ធភាព នូវវិធានការគោលនយោបាយជាច្រើនដើម្បីលើកស្ទួយផលិតកម្ម បង្កើនការងារ និងមុខរបររបស់ប្រជាជន ពង្រឹងពង្រីកសេវាសាធារណៈ ពង្រឹងយុត្តិធម៌ សមធម៌ និងសុខដុមនីយកម្មសង្គម ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។
ទន្ទឹមនឹងភាពរឹងមាំនៃកត្តាផ្ទៃក្នុងជាតិ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់នៅលើផ្ទៃរាបអន្តរជាតិ ជាពិសេសតាមរយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ការរៀបចំអង្គរសង្ក្រាន្ត, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែលេចត្រដែតឡើង។
បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាសក្ខីភាពដែលបង្ហាញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់, គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ យុវជន-យុវនារី កម្មករ កសិករ ព្រះសង្ឃ បុព្វជិតនៃសាសនានានា បញ្ញវន្ត វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ប្រកបដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ