Connect with us

នយោបាយ

បទយកការណ៍៖ ទឹកចិត្តប្រជាពលរដ្ឋខេត្តស្វាយរៀង ចំពោះ គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន តាមរយៈការបោះឆ្នោត។ យោងតាមច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ការបោះឆ្នោតនេះត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្ដង។ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកមកខេត្តស្វាយរៀង តើ មន្ត្រីរាជការ និស្សិត អាជីវករ កម្មករ ប្រជាពលរដ្ឋ មានទឹកចិត្តដូចម្ដេចចំពោះ គណបក្សប្រជាជនកម្ពុជា?

លោក គឹម សាមួន សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ស្វាយរៀង ក្នុងមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម បានឱ្យដឹងថា សាកលវិទ្យាល័យស្វាយរៀងបង្កើតនៅឆ្នាំ២០០៥ ចំណែកលោកបានផ្លាស់ប្ដូរទីលំនៅ និងចូលបង្រៀននៅទីនេះតាំងពីឆ្នាំ២០០៦។ លោកអះអាងថា សាកលវិទ្យាល័យ​ស្វាយរៀង មានការអភិវឌ្ឍច្រើន លើកម្មវិធីសិក្សា ព្រមទាំងបានជួយយុវជនក្នុងតំបន់​ជុំវិញ​ខេត្តស្វាយរៀង ឱ្យបានសិក្សាបញ្ចប់ឧត្ដមសិក្សា ទទួលបានការងារល្អ ដោយមិនចាំបាច់​ទៅ​សិក្សា ឬធ្វើការនៅខេត្តឆ្ងាយពីផ្ទះ។

លោក គឹម សាមួន មានប្រសាសន៍ថា៖ “ទាំងអស់នេះកើតពីការខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ [ស្វាយរៀង] របស់ឯកឧត្ដម ហុក ឡង់ឌី ដែលលោកជាស្ថាបនិក ហើយមួយទៀតដោយសារប្រទេសយើងមានសន្តិភាពគ្រប់គ្រាន់ អ៊ី​ចឹងដំណើរការអភិវឌ្ឍរបស់ឧត្ដមសិក្សាតាមខេត្តនីមួយៗ ជាក់ស្ដែងនៅខេត្តស្វាយរៀងយើង មានការអភិវឌ្ឍខ្លាំង អ៊ីចឹងនិស្សិតទទួលយកគុណភាពសាកលវិទ្យាល័យស្វាយរៀង ហើយសាកលវិទ្យាល័យស្វាយរៀង មានជំនាញច្រើន អ៊ីចឹងនិស្សិតរបស់យើងមិនចាំបាច់ទៅណាឆ្ងាយទេ…”។

សាស្ត្រាចារ្យ គឹម សាមួន មានប្រសាសន៍ថា គុណភាពអប់រំរបស់ សាកលវិទ្យាល័យស្វាយរៀង ស្ដែងតាមរយៈសមត្ថភាពរបស់និស្សិត ព្រោះនិស្សិតបានចេញទៅបំពេញការងារក្នុងវិស័យរដ្ឋ និងឯកជនជាច្រើន ព្រមទាំងក្លាយជាម្ចាស់អាជីវកម្មផងដែរ។ ជាមួយគ្នានេះ សាកលវិទ្យាល័យស្វាយ​រៀង​មាន​ដៃគូអន្តរជាតិច្រើនទៅតាមគម្រោងផ្សេងៗ ដូចជាដៃគូជាមួយសហភាពអឺរ៉ុប សាកលវិទ្យាល័យ​​​នៅបណ្ដាប្រទេសអាស៊ាន ព្រមទាំងសាកលវិទ្យាល័យធំៗនៅភ្នំពេញ។

លោក គឹម សាមួន មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមថ្លែងអំណរគុណទៅដល់សន្តិភាព មាន​សន្តិភាព​ទើបយើងអាចមានពេលវេលាធ្វើអ្វីផ្សេងៗទៀត ដូចជាការអភិវឌ្ឍធនធានមនុស្ស។ ដូចនេះ សូមយុវជនទាំងឡាយឆក់យកឱកាសពីសន្តិភាព អភិវឌ្ឍខ្លួនដើម្បីជ្រោងសេដ្ឋកិច្ចជាតិឱ្យ​រឹង​មាំ”។

តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឱ្យមានការីកចម្រើនប្រកបដោយចីរភាព បរិយាប័ន្ន ដោយបានកំណត់ថា ត្រូវពង្រីក អនុវិទ្យាល័យ ឱ្យបានគ្រប់ឃុំ សង្កាត់ និងមានវិទ្យាល័យ ១កន្លែងយ៉ាង​តិចនៅ​តាមបណ្ត ក្រុង ស្រុក និងមានសាលាបឋមសិក្សានៅគ្រប់ភូមិទាំងអស់។ ជាក់ស្ដែងគិតមក​ដល់ពេល​នេះ នៅទូទាំងខេត្តស្វាយរៀង មានអគារសិក្សា ៩៦២ខ្នង មានសាលា​រៀន​គ្រប់កម្រិតសិក្សា រួមមាន សាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាលាគរុកោសល្យ និងវិក្រឹតការ និងសាកលវិទ្យាល័យ ០១កន្លែង គឺ សាកលវិទ្យាល័យស្វាយរៀង។

កញ្ញា អឿន មតី និស្សិតឆ្នាំទី៤ និងអ្នកហាត់ការនៅ សាកលវិទ្យាល័យស្វាយរៀង បានឱ្យដឹងថា កញ្ញាជាមនុស្សស្រឡាញ់ការសិក្សា ប៉ុន្តែតាមរយៈស្ថានភាព នាងមិននឹកស្មានថា​បានរៀនដល់សាកលវិទ្យាល័យទេ ព្រោះគ្រួសារមិនមានលទ្ធភាពផ្គត់ផ្គង់​ឱ្យនាងទៅសិក្សា​នៅ​ភ្នំពេញបាន។ ប៉ុន្តែជាភព្វសំណាង ដោយសារខេត្តស្វាយរៀងក៏មានសាកលវិទ្យាល័យ​មានគុណភាព ព្រមទាំងការផ្ដល់អាហារូបករណ៍នានា ទើបនាងអាចចូលថ្នាក់ឧត្ដម​សិក្សា​ដូចក្ដីប្រាថ្នា។

កញ្ញា អឿន មតី លើកឡើងថា៖ “ចា៎ ប្អូនមើលឃើញថា ទាក់ទងនឹងវិស័យអប់រំ ការសិក្សា មានការអភិឌ្ឍជាងមុន ហើយឥឡូវនេះ និស្សិតមានឱកាសច្រើនក្នុងការចូលរួម និងបញ្ចេញសមត្ថភាព។ តាំងពីប្អូនដឹងក្ដីមក ឃើញថា ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍច្រើន និងរស់នៅមានសុវត្ថិភាពមិនភ័យខ្លាចដូចមុន”។

កញ្ញា អឿន មតី លើកឡើងថា ក្នុងនាមជាយុវជន នាងប្ដេជ្ញាខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីបម្រើប្រទេសជាតិ ព្រមទាំងចូលរួមការងារស្ម័គ្រចិត្តនានាដើមជួយសង្គម។ កញ្ញា អឿន មតី និយាយបន្តថា៖ “ក្នុងនាមយើងជាយុវជន ឬនិស្សិត យើងត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង ចូលរួមកិច្ចការសង្គម ដើម្បីរដ្ឋាភិបាលអនុវត្តការងារកាន់តែប្រសើរ ព្រោះថាយុវជនជាស្នូល និងជាសរសរទ្រូងប្រទេសជាតិ នៃប្រទេសជាតិ”។

ខេត្តស្វាយរៀង ចែកចេញជា ២ក្រុង ៦ស្រុក ៦៨ឃុំ ១២សង្កាត់ ៦៩០ភូមិ មានប្រជាពល​រដ្ឋជាង ៦៧៤ ពាន់នាក់ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង មានជា ៤៣៨ ពាន់នាក់ ក្នុងនោះ​ប្រជាជនអាយុ ១៨ឆ្នាំឡើងដែលមានការងារធ្វើមានចំនួន ៩២,៦%។

លោក ថាំង គុយ អាយុ ៣៥ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងសំណង់ លោកប្រកបមុខរបរនេះរយៈពេល ៥ឆ្នាំហើយ។ ដើមឡើយលោកជា ជាងកាត់សក់ ហើយក្រោយមកក៏ផ្លាស់ប្ដូរមុខរបរមកបើកអាជីវកម្មលក់គ្រឿងសំណង់នេះវិញ។ លោក ថាំង គុយ លើកឡើងថា៖ “ខ្ញុំគិតថា អាជីវកម្មហ្នឹង ថ្ងៃខាងមុខនឹងល្អ យើងអាចបើកកាន់តែធំទៅ នឹងរកប្រាក់ចំណូលបានកាន់តែច្រើន។ ដើមឡើយងខ្ញុំបើកលក្ខណៈតូចទេ ប៉ុន្តែបើកបាន ២ ៣ឆ្នាំទៅ ខ្ញុំនឹងឃើញថា នឹងពង្រីងអាជីវកម្មឱ្យកាន់តែធំ ដោយធ្វើតាមដំណាក់កាល ធ្វើម្ដងបន្តិចៗសិន”។

ការលក់គ្រឿងសំណង់ គឺជាអាជីវកម្មដែលចំណាយដើមទុនច្រើន កត្តាដែលនាំឱ្យ លោក ថាំង គុយ មានគម្រោងពង្រីកមុខរបរបន្ថែមនេះ ត្រូវបានលោកលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នាំឱ្យអាជីវករមិនព្រួយបារម្ភ និងមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក ថាំង គុយ អះអាងបន្តថា៖ “ពីមុនយើងមិនបានអ៊ីចឹងទេ ប៉ុន្តែមកដល់ឥឡូវនេះ យើងបានប៉ុននេះ គឺថាគ្រាន់បើ បានល្អប្រសើរ។ ដូចខ្លួនខ្ញុំផ្ទាល់ ពីមុនមកខ្ញុំអត់មានអីដែរ ផ្ដើមពីបាតដៃទទេមក។ ឥឡូវមានប្រព័ន្ធ ផ្លូវថ្នល់សព្វបែបយ៉ាង។ ខ្ញុំគោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជា យើងរស់ក្រោមសន្តិភាព យើងបង្កើតអាជីវកម្មអី ក៏រលូនទៅតាមហ្នឹងដែរ”។

ដោយមានការរីកចម្រើនផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា បានធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរ​ការងារ​បង្កបង្កើនផលពីតាមបែបប្រពៃណី មកតាមបែបទំនើបកម្មកសិកម្មវិញ ដោយប្រើប្រាស់គ្រឿង​យន្តកសិកម្មជំនួសកម្លាំងពលកម្មមនុស្ស និងកម្លាំងអូសទាញដោយ គោក្របី ប្រមាណ ៩៦% ដែលក្នុងនោះ នៅទូទាំងខេត្តស្វាយរៀង មានគ្រឿងយន្តកសិកម្ម ប្រមាណ ៥៣ ពាន់គ្រឿង រួមមាន ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនស្ទូង ម៉ាស៊ីនបោកស្រូវ។

លោកស្រី ពាន់ សាត អាយុ ៦៨ឆ្នាំ ផ្ដើមចេញពីបាតដៃទទេក្រោយឆ្នាំ១៩៧៩ បច្ចុប្បន្ន លោកស្រី មានដីស្រែ ៥-៦ហិកតា ដោយថែមទាំងបានចែកកូនៗទាំង៣ ម្នាក់១ហិកតា ដើម្បីប្រកបកិច្ចការរបរចិញ្ចឹមជីវិតទៀតផង។ លោកស្រីបានឱ្យដឹងថា ចំពោះកិច្ចការធ្វើស្រែ បច្ចុប្បន្នប្រជាពលរដ្ឋលែងប្រើកម្លាំងមនុស្ស និងក្របីទៀតហើយ គឺប្រើគ្រឿងចាក់ តាំងពីភ្ជួរដី រហូតដល់ច្រូត។

លោកស្រី ពាន់ សាត មានប្រសាសន៍ថា៖ “មិនដែលភ្ជួរគោទេ ភ្ជួរតែអាត្រាក់ (ត្រាក់ទ័រ) ដឹកស្រូវក៏អាត្រាក់… ពីមុនយើងច្រូតដៃ ដឹកស្រូវប្រើក្របី ឥឡូវលែងភ្ជួរអស់ហើយ។ ខ្ញុំមានម៉ាស៊ីនច្រូតមួយ អាម៉ាស៊ីនកិនស្រូវមួយ អាត្រាក់ភ្ជួរ…។ បើប្រទេសមានសង្គ្រាម យើងរកអីបាន ទាល់ប្រទេសស្រួលបួលអ៊ីចឹង បានរកបាន”។

លោកស្រី ពាន់ សាត លើកឡើងថា ចំពោះផ្លូវគមនាគមន៍ដែលជាសរសៃឈាមក្នុងភូមិ ពីមុនមានសភាពពិបាកធ្វើដំណើរ ពោលគឺខែប្រាំងផ្លូវហុយដី បើខែវស្សាផ្លូវដាច់ និងបែកភក់ រណ្ដៅធំៗ។ ប៉ុន្តែបច្ចុប្បន្ន គ្រប់វិស័យទាំងអស់ ទាំងវិស័យអប់រំ និងជំនឿសាសនា បានរីកចម្រើនជាលំដាប់។

លោកស្រី ពាន់ សាត  លើកឡើងថា៖ “ពីមុនផ្លូវដាច់ជិះមិនរួចទេ ទើបមានថ្នល់ល្អអ៊ីចឹង បានជិះស្រួលហ្នឹង ភ្លៀងមកអ៊ីចឹង ជិះមិនរួចទេ។ គ្មានសាលាល្អទេ ទើបបានល្អហ្នឹង វត្តសុទ្ធតែធ្វើថ្មី។ ខ្ញុំស្រឡាញ់ គណបក្សប្រជាជន រហូត មានចិត្តទៅណា? បានគាត់ជួយហ្នឹងហើយ យើងរកស៊ីមានបានប៉ុណ្ណឹង”។

ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តស្វាយរៀង ផលិតស្រូវ ប្រមាណ ៣ ពាន់តោន ក្នុងនោះ​បាន​នាំចេញទៅលក់នៅប្រទេសជិតខាង ជាង ១ លានតោន ហើយ អតិរេកស្រូវដែលនៅសល់​បម្រុង​ទុក​ជាស្បៀងអាហារ ប្រមាណ ២ លានតោន។

លោក អ៊ិន សម្បត្តិ អាយុ ៦៣ឆ្នាំ ភូមិអង្គក្ដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឱ្យដឹងថា សមាគមមនុស្សចាស់ បានជួយសម្រួលទុក្ខធុរៈមនុស្សចាស់ក្នុងមូលដ្ឋានបានជាច្រើន។ លោកពេញចិត្តគណបក្សប្រជាជនកម្ពុជា ព្រោះបានរំដោះលោកឱ្យផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបញ្ជាក់ថា របបនោះសាហាវឃោរឃៅ បង្ខំប្រជាជនធ្វើការធ្ងន់ ផ្ដល់អាហារតិចតួច និងធ្វើបាបលោកជិតអស់ជីវិត។

លោក អ៊ិន សម្បត្តិ មានប្រសាសន៍ថា៖ “ខ្ញុំបានរួចរស់ពីរបបរបបខ្មែរក្រហមដោយសារ គណបក្សប្រជាជន ដោយសារសម្ដេច ហ៊ុន សែន ដែលគាត់ជាវីរបុរសដ៏ឆ្នើម។ ខ្ញុំអរគុណសន្តិភាព ដែលសម្ដេច ហ៊ុន សែន ធ្វើនយោបាយ ឈ្នះ ឈ្នះ បង្រួបបង្រួមខ្មែរតែមួយ ឱ្យខ្មែរមានសន្តិភាព អភិវឌ្ឍប្រទេសគ្រប់ទីកន្លែង គ្រប់់ជនបទមាន ភ្លើង មានផ្លូវ មានគ្រប់អ្វីៗទាំងអស់”។

លោក អ៊ិន សម្បត្តិ មានប្រសាសន៍បន្តថា ពីមុន និងឥឡូវ ស្ថានភាពស្រុកទេសមានភាពខុសគ្នាដូចមេឃ និងដី ដ្បិតពេលស្រុកមានសង្គ្រាម លោក និងប្រជាជនទាំងអស់រស់នៅវេទនា មិនបានគេងនៅត្រឹមត្រូវ ព្រោះត្រូវរត់ទៅនេះ រត់ទៅ នោះ គេចគ្រាប់កាំភ្លើង គ្រាប់ប្លោង។

លោក អ៊ិន សម្បត្តិ មានប្រសាសន៍ថា៖ “ដេកតែតាមស្រែ តាមដើមឈើ ថ្ងៃក្ដៅ ពិបាកណាស់សង្គ្រាម ដល់សន្តិភាពនេះ យើងចង់ធ្វើអីក៏បាន ទៅណាក៏បាន បានស្រួលគ្រប់បែបយ៉ាងទាំងអស់ ខ្ញុំអរគុណសន្តិភាព។ ពី [ឆ្នាំ] ៧៩ មក កុំថាឡើយនេះ សូម្បីបាយ មិនចង់មានហូបគ្រប់គ្រាន់ផង បើប្រៀបធៀបឥឡូវ ដូចមេឃ និងដី មានហូបចុក កូនចៅមានឡាន មានម៉ូតូគ្រប់គ្នា គួរឱ្យស្ញប់ស្ញែង យើងស្មានមិនដល់។ ការសិក្សារៀនសូត្ររបស់កូនចៅឥឡូវ គេជឿនលឿនណាស់ កាលពីមុនឆ្ងាយ ឥឡូវសាលារៀនជិតៗ ហើយសាលារៀនឥឡូវទំនើបទៀត”។

អនុវត្តតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្ត ដល់វិស័យវិនិយោគឯកជន​របស់​រាជរដ្ឋាភិបាល ធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងមក​ដល់​បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង និងកំពុង​ដំណើរ​ការចំនួន ៩កន្លែង និងសហគ្រាសមួយចំនួនទៀតស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមាន​រោងចក្រ សហគ្រាស សរុបមានចំនួន ២៦២កន្លែង បានបង្កើតការងារធ្វើជូន​ប្រជាពលរដ្ឋ​ប្រមាណជាង ៩ម៉ឺននាក់។ ផលរបរដែលបងប្អូនកម្មករ និយោជិតទទួលបានពីការបំពេញការងារ​នៅ​តាម​រោងចក្រ សហគ្រាស មានប្រមាណ ២៣ ទៅ ២៥លានដុល្លារអាមេរិក ក្នុងមួយខែ។

កម្មការិនី សារិត ចិន្តា នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត បានឱ្យដឹងថា អ្នកស្រីធ្វើការរោងចក្រនេះ អស់រយៈពេលជាង ៨ឆ្នាំហើយ ដោយពីមុនអ្នកស្រី នៅធ្វើការផ្ទះ និងមើលកូនធម្មតា ប៉ុន្តែក្រោយពីខេត្តស្វាយរៀងសម្បូររោងចក្រ និងការងារ អ្នកស្រីបានមកបំពេញការងាររោងចក្រ ដែលធ្វើឱ្យគ្រួសារអ្នកស្រីមានជីវភាពគ្រួសារប្រសើរឡើង។

អ្នកស្រី សារិត ចិន្តា លើកឡើងថា៖ “និយាយរួម បានជួយច្រើនហ្មងគ្រួសារខ្ញុំ។ បានថវិកាពីធ្វើការទៅ បានដោះស្រាយជីវភាព បានទិញម៉ូតូប្ដីខ្ញុំ ខ្ញុំ កូនខ្ញុំទិញម្នាក់មួយទាំងអស់ បានទិញផ្ទះ ទិញដីឡូត៍…ហើយសន្សំទុកឱ្យកូនពេលអនាគតទៀត”។

អ្នកស្រី សារិត ចិន្តា បញ្ជាក់ថា ការងារប្រចាំថ្ងៃមិនលំបាកទេ ទន្ទឹមពេលរោងចក្រ​មានអនាម័យ​ស្អាត ខ្យល់អាកាសគ្រប់គ្រាន់ ព្រមទាំងទទួលបាន​នូវប្រព័ន្ធគាំពារសង្គមលើការថែទាំសុខភាព តាមរយៈ ការទទួលបាននូវ​ប័ណ្ណបេឡា​ជាតិ​សន្តិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់​ក្នុងការថែទាំ និងព្យាបាលជំងឺ​ដោយ​ឥតគិតថ្លៃ។

អ្នកស្រី សារិត ចិន្តា បញ្ជាក់ថា៖ “ខ្ញុំចង់អរគុណសម្ដេចពុក ដែលសម្ដេចពុកបានបង្កើតរោងចក្រ បានខ្ញុំមានការងារធ្វើបូរិបូរណ៍ ថវិកាក៏បរិបូរណ៍បានដោះស្រាយជីវភាពគ្រួសារខ្ញុំបានធូធារប្រសើរជាងមុន អ៊ីចឹងខ្ញុំចង់អរគុណគាត់”។

ខេត្តស្វាយរៀង ត្រូវបានបង្កើតឡើងដោយព្រះរាជប្បញ្ញត្តិ លេខ៤៩ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដែលត្រូវបានបង្កើតឡើង​ដោយការ​រួម​បញ្ចូលគ្នា ៣ខេត្ត គឺ ខេត្តរំដួល ខេត្តរមាសហែក និងខេត្តស្វាយទាប។

បច្ចុប្បន្នសេដ្ឋកិច្ច (GDP) ខេត្តស្វាយរៀង មានទំហំជាង ១ ០៩៤ លានដុល្លារ។ បើប្រៀបធៀបនឹងឆ្នាំ២០២១ បង្ហាញថា ខេត្តស្វាយរៀង មានកំណើនសេដ្ឋកិច្ច ៥,៦% ក្នុងនោះ បានចូលរួមចំណែកពីវិស័យកសិកម្ម ប្រមាណ ៤៤% វិស័យឧស្សាហកម្ម ប្រមាណ ៣៨% និងវិស័យសេវាកម្មប្រមាណ ១៨%។ ចំណូលសម្រាប់មនុស្សម្នាក់ មានប្រមាណ ១ ៦០០ ដុល្លារអាមេរិក កើនឡើង ២៦៧ដុល្លារ បើប្រៀបធៀបនឹង ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្តិទី៧ នេះ ខេត្តស្វាយរៀងមាន ៥ អាសនៈ ដោយមាន ៩៨៤ ការិយាល័យបោះឆ្នោតសរុបចំនួន ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ចំនួន ៤១៥ ៩១៩នាក់ មាន ១៣ គណបក្ស ឈរឈ្មោះរកសំឡេងឆ្នោត។

“ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវ​ដ៏សំខាន់ ​របស់​ប្រជាពល​រដ្ឋគ្រប់​រូប!”

សូម Link នេះ ដើម្បីទស្សនា បទយកការណ៍ ជាវីដេអូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម