នយោបាយ
CPP ណែនាំសាខាបក្សទាំងអស់ខិតខំអនុវត្តឱ្យបានជោគជ័យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា ខាងមុខ
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ ដើម្បីការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដំបូងគេ ដែលបានសម្រេចចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ ហើយត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។
គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់បេក្ខជនឈរឈ្មោះទាំង ៨មណ្ឌលភូមិភាគទូទាំងប្រទេស ដោយក្នុងនោះ មានបេក្ខជនឈរឈ្មោះសរុបចំនួន ១១៦រូប (ស្រី២២រូប) ខណៈសម្ដេចតេជោ ហ៊ុន សែន បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល។

ដើម្បីឈានទៅទទួលបានភាពជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខឆាប់ៗនេះ គណបក្សប្រជាជនកម្ពុជា តាម រយៈសេចក្ដីសម្រេចចិត្តរបស់ខ្លួនក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ហើយត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំដូច្នេះថា៖ «គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរនូវសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

មហាសន្និបាត ក៏បានណែនាំឱ្យផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។
បន្ថែមពីនេះ មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទី បន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងមាតុភូមិកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?