នយោបាយ
បក្សកម្លាំងជាតិ ចាត់ទុកបក្សភ្លើងទៀន កំពុងដើរលើផ្លូវនយោបាយផ្ដាច់ការ គំរាមកំហែងលើអង្គបោះឆ្នោត
គណបក្សកម្លាំងជាតិ ចាត់ទុកគណបក្សភ្លើងទៀន កំពុងដើរលើផ្លូវនយោបាយផ្ដាច់ការ បង្ខិតបង្ខំ និងគំរាមកំហែងលើអង្គបោះឆ្នោត ដោយបានបោះបង់គោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បក្សកម្លាំងជាតិ បានលាតត្រដាងនូវទង្វើផ្ដាច់ការរបស់បក្សភ្លើងទៀន ក្រោយបានបណ្ដេញអ្នកតស៊ូជាមួយបក្សនេះចេញពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ គណបក្សកម្លាំងជាតិ លើកឡើងថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបោះបង់គោលការណ៍ប្រជាធិបតេយ្យ ហើយចាប់យកជម្រើសផ្តាច់ការ បង្ខិតបង្ខំ គំរាមកំហែង ដែលទង្វើទាំងនេះ បានលាតត្រដាងឱ្យមហាជនទូទៅបានឃើញ តាមរយៈការមិនគោរពឱ្យតម្លៃ និងការបណ្ដេញចេញអ្នកតស៊ូ អ្នកលះបង់ អ្នកស្មោះត្រង់នៅតាមមូលដ្ឋាន ជាពិសេសការប្រើអំណាចបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត (អង្គបោះឆ្នោត) ដើម្បីទៅបោះឆ្នោតឱ្យគណបក្សមួយ ដោយរំលោភលើសិទ្ធិសម្រេចចិត្តជាសម្ងាត់របស់អង្គបោះឆ្នោត។
ជាមួយគ្នានេះ គណបក្សភ្លើងទៀន បានបណ្ដេញសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតចេញពីតួនាទីជាច្រើននាក់ នៅទូទាំងប្រទេស ខណៈដែលគណបក្សភ្លើងទៀន មិនមានឈ្មោះចូលរួមប្រកួតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ផងនោះ។

បើតាមគណបក្សកម្លាំងជាតិ ទង្វើផ្តាច់ការជាក់ស្តែងមួយក្នុងចំណោមទង្វើផ្តាច់ការជាច្រើនរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន គឺការបណ្ដេញចេញសកម្មជនតស៊ូ លះបង់ ស្មោះត្រង់ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួន ៥រូប ពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត។ គណបក្សកម្លាំងជាតិ ចាត់ទុកទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀនពេលនេះ គឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅទូទាំងប្រទេស។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ គណបក្សកម្លាំងជាតិ ក៏បានអំពាវនាវដល់ក្រសួងមហាផ្ទៃ កុំទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ពីព្រោះជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?