ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ សាររបស់លោក សម រង្ស៊ី ប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ បង្ហាញពីការចូលរួមជាមួយបរទេសបំផ្លាញប្រយោជន៍ជាតិ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បណ្ឌិត គិន ភា សម្តែងការហួសចិត្ត ក្រោយពេលលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង បង្ហោះសារថាគម្រោងព្រែកជីកហ្វូណនតេជោ បង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាជន ដោយលោកចាត់ទុកថា សារនេះបង្ហាញពីការឃុបឃិតជាមួយបរទេសបំផ្លាញការអភិវឌ្ឍ និងប្រយោជន៍ជាតិកម្ពុជា។
ការលើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ ថា៖«គម្រោងជីកព្រែក ភ្ជាប់ទីក្រុងភ្នំពេញ ទៅដល់សមុទ្រខេត្តព្រះសីហនុ អាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅប្រជាពលរដ្ឋខ្មែរ។ របប ហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវឱ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សា គ្រប់ជ្រុងជ្រោយនៅឡើយ»។

ជុំវិញខ្លឹមសារនេះដែរ បណ្ឌិត គិន ភា បានឆ្លើយតបនៅលើបណ្តាញសង្គមថា៖«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងម្នាក់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា»។
«ខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរបែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ»។

លោក គិន ភា បន្តទៀតថា បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។
«បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ»។ នេះបើតាមខ្លឹមសាររបស់បណ្ឌិត គិន ភា បានបង្ហោះនៅលើណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៥ ខែ មេសា។
លោកបានគូសបញ្ជាក់ថា៖«ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ»។

បើតាមខ្លឹមសាររបស់លោក សម រង្ស៊ី បានឱ្យដឹងទៀតថា៖«បំណងធំ នៃព្រែកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។ អតីតមេដឹកនាំបក្សប្រឆាំងបន្តទៀតថា៖«មូលដ្ឋានសឹករបស់ចិន នៅរាម ក៏ជាឈ្នាន់ ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន»។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា ៖«បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ»។
បន្ថែមពីនេះសម្តេចគូសបញ្ជាក់ថា៖« ព្រែកជីកហ្វូណនតេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕

-
ចរាចរណ៍២១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់