នយោបាយ
អ្នកវិភាគ៖ គម្រោងបង្កើតរដ្ឋាភិបាលនិរទេស ជានយោបាយនាំខ្មែរបែកបាក់ និងខូចប្រយោជន៍ជាតិ
ជាថ្មីម្តងទៀតអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានទម្លាយពីគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ ការប្រកាសនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជានយោបាយនាំខ្មែរបែកបាក់ តាមរយៈមធ្យោបាយផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅពេលថ្មីៗនេះ លោក សម រង្ស៊ី បានកំពុងប្រកាសកៀរគរមនុស្សនៅក្រៅប្រទេសបង្កើតចលនាមួយដែលលោកដាក់ឈ្មោះថា ចលនាជាតិខ្មែរតស៊ូ ដែលមានបេសកកម្មដណ្តើមយកប្រទេសកម្ពុជាពីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី បានប្រកាសថា ចលនាជាតិខ្មែរតស៊ូ នឹងឈានទៅបង្កើតរដ្ឋាភិបាលមួយជាបណ្តោះអាសន្ននៅក្រៅប្រទេស។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងចាត់ទុកការប្រកាសរបស់លោក សម រង្ស៊ី បង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនេះ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានការបំបែករដ្ឋ ទឹកដី ឬរាជរដ្ឋាភិបាលពីរ ឬបីឡើយ។

បណ្ឌិត យង់ ពៅ បានរម្លឹកអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នៅក្នុងសម័យសង្គ្រាមត្រជាក់ ពោលគឺមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដូចជាមុនមានការរៀបចំឱ្យមានការបោះឆ្នោតឆ្នាំ១៩៩៣ គឺកម្ពុជា ដឹកនាំដោយរដ្ឋាភិបាលចំនួន៤ ដូច្នេះ កុំឱ្យមានព្រឹត្តិការណ៍បែបនេះជាថ្មីម្ដងទៀត ដែលនឹងជាន់តាមប្រវត្តិសាស្ត្រ ឈានទៅនាំខ្មែរបែកបាក់គ្នា។ ទន្ទឹមនេះ ការប្រកូកប្រកាសពីសំណាក់បុគ្គល សម រង្ស៊ី នៅក្រៅប្រទេស ក៏នឹងនាំឱ្យអ្នកគាំទ្រនៅក្នុងប្រទេស ដែលតែងជឿលង់តាមការញុះញង់នេះមួយចំនួនតូច ក្លាយជាជនល្មើសច្បាប់ពាក់ព័ន្ធនឹងចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ដូច្នេះ លោក ប្រាប់ឱ្យប្រជាពលរដ្ឋ ពិសេសសកម្មជនមួយចំនួន ដែលដើរតាមបុគ្គល សម រង្ស៊ី គប្បីចៀសឱ្យឆ្ងាយពីសកម្មភាពផ្ទុយនឹងច្បាប់ជាតិ ព្រោះថានឹងធ្វើឱ្យខាតប្រយោជន៍ជាតិ និងខាតប្រយោជន៍បុគ្គលខ្លួនឯង រហូតឈានទៅមានទោសទណ្ឌនៅថ្ងៃក្រោយ ព្រោះតែសកម្មភាពល្មើសនឹងច្បាប់។

ចំណែក បណ្ឌិត អេង កុកថាយ អ្នកវិភាគនយោបាយ មើលឃើញថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី មិនមែនជារឿងថ្មីនោះទេ ជារឿងដដែលៗ ដែលអ្នកនយោបាយចាស់វស្សារូបនេះ ធ្លាប់ធ្វើឡើងសម្រាប់បោកបញ្ឆោតប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេស ក៏ដូចជាប្រជាជនក្នុងប្រទេសមួយចំនួនតូចប៉ុណ្ណោះ។
បណ្ឌិតរូបនេះ បានរម្លឹកកាលពីឆ្នាំ២០១៨ ដែលលោក សម រង្ស៊ី ក៏បានធ្លាប់បង្កើតចលនាសង្គ្រោះជាតិម្ដងរួចមកហើយ នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា តែមិនទទួលបានជោគជ័យឡើយ។ មិនតែប៉ុនហ្នឹង លោក សម រង្ស៊ី ក៏ធ្លាប់ប្រកាសចង់វិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលនេះគ្រាន់តែជាការបោកប្រាស់ដល់អ្នកគាំទ្រតិចតួចរបស់គាត់ ដែលជាអ្នករងគ្រោះ ជឿតាមការអំពាវនាវញុះញង់ឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់ បង្កចលាចលសង្គម។

ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតតេយ្យនៅកម្ពុជានោះ បណ្ឌិត អេង កុកថាយ អះអាងថា គឺផ្ទុយស្រឡះ ពោលគឺប្រជាធិបតេយ្យដែលកម្ពុជា បាននិងកំពុងដើរកន្លងមក និងតមកដល់បច្ចុប្បន្ន គឺមានភាពល្អប្រសើរជាលំដាប់ ជាពិសេសការធានាបាននូវសន្តិសុខ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាតិ។
លោក បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់គណបក្សប្រជាជានកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតចុងក្រោយនេះ គឺម្ចាស់ឆ្នោតច្រើនលើសលប់ជាង៨០% បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំនាវាកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ម្យ៉ាងវិញទៀត តាម រយៈការបោះឆ្នោតនេះ ត្រូវបានអន្តរជាតិវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន ជា ពិសេសមិនមានអំពើហិង្សា ដោយធានាបាននូវលទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព ស្ថេរនយោបាយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម