នយោបាយ
សម្ដេចតេជោ ប្រាប់បណ្ដាបក្សនៅអាស៊ី ថា គណបក្សប្រជាជនកម្ពុជា បានការពារគោលការណ៍លទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់បណ្តាគណបក្សនយោបាយនៅអាស៊ី ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់សាមគ្គីភាព ឯកភាពជាតិ និងបានការពារយ៉ាងរឹងមាំនូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

ការថ្លែងប្រាប់បែបនេះ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បច្ចុប្បន្ន ស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរល្អ ដែលផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការកែលម្អជីវភាពប្រជាជន។ សម្ដេចតេជោ គូសបញ្ជាក់ថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជាប្រធានគណបក្ស និងសម្តេចធិបតី ជានាយករដ្ឋមន្ត្រី បានលើកកម្ពស់សាមគ្គីភាព ឯកភាពជាតិ ការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ សំដៅធានាឱ្យប្រទេសជាតិរក្សាបាននូវសន្ដិភាព ស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សង្គមយ៉ាងរឹងមាំ និងដំណើរការអភិវឌ្ឍលើគ្រប់វិស័យបន្ដទៀត។

សម្ដេចតេជោ បានបន្ថែមថា សន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល។ សម្ដេច សង្កត់ធ្ងន់ថា ទិសស្លោក «អរគុណសន្តិភាព ខ្ញុំស្រឡាញ់សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់» បានក្លាយជាស្មារតីសង្គមដ៏ខ្លាំងក្លា រស់រវើក ក្នុងការការពាររាល់សមិទ្ធផលសង្គមជាតិ និងដំណើរទៅមុខរបស់ជាតិ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ របស់ ICAPP នេះ សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈ បទពិសោធ ឧត្តម្មានុវត្តន៍ជាអ្នកដឹកនាំ ក្នុងរយៈពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះរបស់សម្ដេច ប្រកបដោយពលិកម្ម និងការយកជីវិតធ្វើជាដើមទុនរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការកសាងប្រទេសពីស្ថានភាពស្ទើរសូន្យ ការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពដែលមានរយៈពេលយូរបំផុតនៅកម្ពុជា ក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។
ការចែករំលែកនូវទស្សនៈ និងបទពិសោធនៃការដឹកនាំប្រទេសរបស់សម្ដេចតេជោ ក៏ស្របទៅនឹងមូលបទរបស់កិច្ចប្រជុំនៃមហាសន្និបាត ICAPP លើកទី១២ ដែលគណបក្សប្រជាជនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅពេលនេះផងដែរ ពោលគឺក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ«ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលកំពុងជួបប្រទះបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។

មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំនៅរាជធានីភ្នំពេញ នឹងប្រមូលផ្តុំនូវកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ការទប់ស្កាត់ជម្លោះ ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ ព្រមទាំងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
សម្ដេចតេជោ បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរបស់អង្គការ ICAPP ក្នុងការតភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិសំខាន់ៗ និងបណ្ដាគណបក្សនយោបាយនៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងគណបក្សនៅអាស៊ី៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់