នយោបាយ
សម្តេចតេជោ ប្រាប់រដ្ឋមន្រ្តីការពារប្រទេសវៀតណាមថា កម្ពុជាដកខ្លួនពីCLV មិនប៉ះពាល់ទំនាក់ទំនងប្រទេសទាំង៣ឡើយ
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានប្រាប់រដ្ឋមន្រ្តីការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG)ថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA) មិនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង៣ឡើយ។ សម្តេចតេជោ បានបញ្ជាក់ប្រាប់ដូច្នេះនៅក្នុងឱកាសទទួលជួបការសម្តែងការគួរសមពីសំណាក់លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់រដ្ឋមន្រ្តីការពារប្រទេសវៀតណាមយ៉ាងដូច្នេះថា៖ «ការដកខ្លួនរបស់កម្ពុជាចេញពីយន្តការនេះ មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ ដោយយើងប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេស មកជំនួសឱ្យកិច្ចសហប្រតិបត្តិការកម្រិតតំបន់នេះវិញ ដូចបាន ស្តែងឱ្យឃើញតាមរយៈការរៀបចំសមយុទ្ធយោធារួមគ្នាបីប្រទេសនេះជាដើម»។
ក្រៅពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV-DTA)នេះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង ក៏បានជជែកពិភាក្សាលើបញ្ហាជាច្រើនទៀតផងដែរ។ សម្រាប់លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ លោក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាពិសេសក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំង៣កម្ពុជា ឡាវ និងវៀតណាម បានយ៉ាងល្អ។ លោកក៏បានលើកអំពីសមិទ្ធផលនានាដែលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបាន និងបានជូនពរឱ្យកម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលធំធេងផ្សេងៗបន្ថែមទៀត។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានទំនាក់ទំនងជាប្រពៃណី និងមានកិច្ចសហប្រតិបត្តិការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធនោះ រដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានគូសបញ្ជាក់ថា សន្តិភាពរបស់ប្រទេសមួយ គឺជាសន្តិភាពរបស់ប្រទេសមួយទៀត។ ហេតុដូចនេះ វៀតណាម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយកម្ពុជា និងបន្តគំាទ្រកម្ពុជាក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិនានា។ ជាមួយគ្នានេះ លោកក៏បានជម្រាបសម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមនាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឆ្នាំ២០២៤-២០២៩ រួមមានការអភិវឌ្ឍធនធានមនុស្ស, ការអប់រំបណ្តុះបណ្តាល, កិច្ចសហប្រតិបត្តិការតាមព្រំដែន, ការបន្តជំនួបជាប្រចាំរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម។ លោកក៏បានសម្តែងនូវក្តីសង្ឃឹមថា ការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះ នឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេស កងកម្លាំងយោធា បង្កើនភាពជឿជាក់រវាងគ្នា និងលើកកម្ពស់ការទទួលខុសត្រូវ មិនអនុញ្ញាតឱ្យពួកអមិត្តយកប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។

បន្ថែមលើនេះ លោក ហ្វាន វ៉ាន់ យ៉ាង ក៏បានស្នើកម្ពុជាជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានានៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងដូចគ្នានេះ លោកក៏ស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ។
ជាការឆ្លើយតបវិញ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំសមយុទ្ធយោធារួមគ្នា និងជំនួបត្រីភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម។ សម្តេចតេជោ ក៏បានរំលឹកនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែកនូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាមនៅក្នុងការរំដោះកម្ពុជា។ សម្តេចបានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើវៀតណាមជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។

ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី ដែលបានលើកឡើងនូវទិសដៅសកម្មភាពការងារ ដែលត្រូវបន្តធ្វើទៅមុខ និងការបន្តផ្តល់ការគាំទ្រនានាដល់កម្ពុជា។ សម្តេចតេជោ បានចង្អុលបង្ហាញបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សជាគោលដៅសំខាន់ និងបានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចសិក្សា ការបោះជំរុំ និងការសិក្សារួមគ្នារវាងនាយទាហាន ដើម្បីពង្រឹងទំនាក់ទំនងគ្នា និងស្គាល់គ្នាពីដំបូងតែម្តង។សម្តេចតេជោ បានលើកឡើងបន្តទៀតថា កិច្ចការរុករកអដ្ឋិធាតុកងទ័ពពលីវៀតណាមក៏ជាកិច្ចការអាទិភាព ដូចគ្នានឹងការវិនិយោគ ដែលត្រូវទទួលបានការគាំទ្រ និងបរិយាកាសល្អ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមអាចពង្រីកអាជីវកម្មបន្ថែម សំដៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ