នយោបាយ
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត សមាជិកដ៏លេចធ្លោររបស់អតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញមុខបរិហារ និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសឈប់គាំទ្រគណបក្សភ្លើងទៀន និងក្រុមមេដឹកនាំគណបក្សនេះតទៅទៀត។ ការចេញមុខបរិហារគណបក្សភ្លើងទៀននេះ គឺបន្ទាប់ពីគណបក្សនេះ បានសម្រេចលុបសមាជិកភាពអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញពីគណបក្ស។

តាមរយៈទំព័រហ្វេសប៊ុក អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានសរសេរថា៖«គណបក្សនេះ(គណបក្សភ្លើងទៀន)ពីដើម ជាគណបក្សដែលល្អ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន បានបំផ្លាញស្មារតីដើម បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្សដែលជាគណបក្ស សម រង្ស៊ី ពួកអស់នេះធ្វើការដកសកម្មជនណាដែលស្មោះត្រង់នឹងពលរដ្ឋ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ ហើយមិនចេះរណបគេ បង្ខិតបង្ខំសកម្មជនឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់»។ សម្រាប់អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺទាំងអស់នេះហើយជាមូលហេតុនៃការដករូបអ្នកស្រីដោយបំពានលក្ខន្តិកៈ គឺក្រោយពីអ្នកស្រីទៅគាំទ្រគណបក្សកម្លាំងជាតិ និងរកជំនួយជួយគណបក្សមួយនេះ។
គណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញពីសមាជិកភាពគណបក្សភ្លើងទៀន។ យ៉ាងណាក៏ដោយ គណបក្សនេះ មិនបានបង្ហាញពីមូលហេតុនៃការលុបសមាជិកភាពអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត នេះនោះទេ។ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត មិនសុខចិត្តនឹងការសម្រេចនេះទេ ដោយចាត់ទុកថា ក្រុមក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន បានធ្វើខុសនឹងលក្ខន្តិកៈគណបក្ស។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានពន្យល់ដូច្នេះថា៖ «ការដកខ្ញុំនេះ គឺខុសពីលក្ខន្តិកៈគណបក្ស ដោយខ្ញុំជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀននៅឡើយ តែត្រូវបានពួកនេះធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ បើលុបឈ្មោះខ្ញុំពីគណបក្សនោះ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស ជាពិសេស ពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កើតឡើងឡើយ ដោយដកខ្ញុំម្តងហើយពីលេខាធិការបក្សខេត្តដោយបំពាន ហើយពេលនេះ លុបឈ្មោះខ្ញុំម្តងទៀត ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក»។ ដោយហៅក្រុមក្បាលម៉ាស៊ីនដឹកនាំគណបក្សភ្លើងទៀនថា«ពួកនេះៗ» អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបំពានច្បាប់លក្ខន្តិកៈគណបក្ស និងបំពានច្បាប់គណៈកម្មាធិការនាយក។
គួរជម្រាបជូនថា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺជាសមាជិកដ៏ល្បីល្បាញមួយរូបរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលតែងតែដើរតាម និងធ្វើសកម្មភាពក្រោមការចង្អុលបង្ហាញរបស់លោកស្រី មួរ សុខហួរ ដែលកំពុងរត់គេចពីទោសទណ្ឌទៅបរទេស។ សមាជិកអតីតបក្សប្រឆាំងរូបនេះ ធ្លាប់ជាប់ធ្វើជាចៅសង្កាត់អូចា ក្រុងបាត់ដំបង កូតាខាងគណបក្សសង្រ្គោះជាតិដែលមិនទាន់ត្រូវបានតុលាការរំលាយ។ ក្រោយគណបក្សនេះ ត្រូវបានរំលាយទៅតាមផ្លូវច្បាប់ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ក៏បានទៅឈរឈ្មោះតំណែងចៅសង្កាត់នេះឱ្យគណបក្សភ្លើងទៀនវិញ ហើយក៏បានជាប់ត្រឹមជាចៅសង្កាត់រង។

មួយរយៈនេះ ដោយសារតែមិនពេញនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត ក៏បានចេញមុខបរិហារ និងរិះគន់ថ្នាក់ដឹកនាំគណបក្សនេះជាបន្តបន្ទាប់។ ចុងក្រោយ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានដកការគាំទ្រគណបក្សភ្លើងទៀន មកគាំទ្រគណបក្សកម្លាំងជាតិដែលដឹកនាំដោយលោក រ៉ុង ឈុន និងបានធ្វើសកម្មភាពជាច្រើនជួយដល់គណបក្សមួយនេះនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?