នយោបាយ
ទូតចិនច្រានចោលព័ត៌មានថា«ចិនផ្អាកផ្តល់កម្ចីដល់កម្ពុជា» ហើយអះអាងថា «ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា»
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចេញមកអះអាងក្នុងន័យថា រដ្ឋាភិបាលចិន មិនបានផ្អាកការផ្តល់កម្ចីដល់ប្រទេសកម្ពុជានោះទេ តែផ្ទុយទៅវិញ ចិន នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា។ ការចេញមកអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលចិន បានផ្អាកការផ្តល់កម្ចីដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកអភិវឌ្ឍប្រទេស។

នៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃអង្គារ លោក Wang Wenbin បានអះអាងថា ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ហើយគម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីចិន នឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។
ការចេញមកគូសបញ្ជាក់របស់អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានាពេលនេះ គឺជាការឆ្លើយតបទៅការចុះផ្សាយរបស់សារព័ត៌មាន Reuters របស់អង់គ្លេសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនៅក្រៅប្រទេសយកមកចុះផ្សាយបន្តថា រដ្ឋាភិបាលចិន មិនបានអនុម័តប្រាក់កម្ចីណាមួយដល់កម្ពុជាក្នុងឆ្នាំ ២០២៤ ឡើយ បើទោះបីជាប្រទេសមហាអំណាចមួយនេះបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។

ជុំវិញព័ត៌មាននេះ ហើយមុនការចេញមុខអះអាងរបស់លោក Wang Wenbin នៅពេលនេះ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញមកច្រានចោលព័ត៌មាននេះផងដែរ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត។ លោកបានអះអាងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន គ្រោងនឹងធ្វើការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខ និងពុំមានគម្រោងណាមួយត្រូវបានលុបចោលនោះទេ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក មាស សុខសេនសាន បានបញ្ជាក់ថា៖«ខ្ញុំចង់បញ្ជាក់ជូនថា យើងមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរដែលបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌនៃកិច្ចចុះព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងហិរញ្ញប្បទានសម្បទានជាច្រើនទៀតដែលយើងគ្រោងនឹងមានជាមួយគ្នា»។

ជាមួយគ្នានេះ លោក មាស សុខសេនសាន ក៏បានអះអាងឱ្យដឹងដែរថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងជាពិសេសនឹងគ្នា ហើយថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏ដូចជា រដ្ឋមន្រ្តីការបរទេសកម្ពុជា ទើបតែបញ្ចប់ទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន។ រីឯ រដ្ឋមន្រ្តីការបរទេសចិន និងអ្នកវិនិយោគចិនជាច្រើនទៀត ក៏តែងតែមកទស្សនកិច្ច និងសិក្សាអំពីលទ្ធភាពនៃការវិនិយោគនៅកម្ពុជាមិនចេះដាច់ និងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទៀតផង។ ហេតុដូច្នេះហើយ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់ឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ និងតាមដាននៅក្នុងកិច្ចការនេះ ហើយវិនិច្ឆ័យដោយខ្លួនឯងចុះ។
សូមជម្រាបជូនថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤នេះ កម្ពុជា មានបំណុលសាធារណៈសរុបចំនួន ១១,៧៨ ពាន់លានដុល្លារ ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ៤៥៦ លានដុល្លារ។ ចិន គឺជាប្រទេសដែលបានផ្តល់កម្ចីច្រើនជាងគេដល់កម្ពុជា មានចំនួនជាង៤ពាន់លានដុល្លារ។ សម្រាប់កម្ចីទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកទៅវិនយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង