នយោបាយ
រដ្ឋាភិបាលកំពុងរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជាពួកភេវករ
រដ្ឋាភិបាលកម្ពុជាកំពុងសិក្សារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមមានបំណងផ្ដួលរំលំរដ្ឋាភិបាលជាពួកភេរវករ។ ការរៀបចំនេះត្រូវបានមើលឃើញថាបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងទិវាជ័យជម្នះ៧ មករា លើទី៤៦ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់កម្ពុជាថ្មីថាច្បាប់នេះគឺកំពុងស្ថិតក្នុងការសិក្សារៀបចំដោយក្រសួងយុត្តិធម៌។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ថាក្រសួងពិតជាកំពុងសិក្សារៀបចំច្បាប់នេះមែន តែលោកមិនទាន់អាចបញ្ជាក់លម្អិតបន្ថែមបាននៅឡើយទេ។
លោកបានបញ្ជាក់មកកម្ពុជាថ្មីថា៖ «ក្រសួងកំពុងសិក្សា អំពីការរៀបចំច្បាប់នេះ ហើយក្នុងដំណាក់កាលនេះខ្ញុំនៅមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតនៅឡើយទេ»។

នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត យល់ថាកន្លងមកកម្ពុជាមានច្បាប់មួយចំនួនដូចជាច្បាប់ប្រឆាំងភេរវកម្មជាដើមរួចហើយដោយលោកជំរុញការពង្រឹងការអនុវត្តន៍ច្បាប់កន្លងទៅច្រើនជាង។ ទោះជាយ៉ាងណាការបង្កើតច្បាប់ថ្មីនេះលោកក៏ជំរុញឱ្យមានការសិក្សា និងទទួលយកការពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាថាគ្មានកំហុសឆ្គងពេលដាក់អនុវត្តន៍។
លោកថា៖ «ធម្មតាតែច្បាប់អនុម័តហើយគឺត្រូវអនុវត្តន៍ហើយលុះមានបញ្ហាទើបធ្វើវិសោធនកម្មបន្ថែម។ ខ្ញុំចង់ឱ្យមានការពិនិត្យពិគ្រោះយោបល់ចែករំលែកឱ្យគ្រប់ជ្រុងជ្រោយដើម្បីធានាពីការអនុវត្តន៍។

ក្នុងកម្មវិធីវេទិកាអ្នកជំនាញរបស់កម្ពុជាថ្មី កាលពីចុងខែធ្នូ ឆ្នាំ២០២៤ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីលោក សូ ណារ៉ូ បានលើកឡើងថាការរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមជាពួកភេរវករគឺអាចសិក្សាពីច្បាប់ដាក់កម្ពុជាប្រជាធិបតេយ្យនៅក្រៅច្បាប់មកសិក្សា។ ការបង្កើតនេះគឺជាការឆ្លើយតបទៅនឹងការបង្កើតចលនារបស់ក្រុមក្រៅច្បាប់ដែលបានបង្កើតចលនាផ្សេងៗនៅពេលចុងក្រោយនេះបំពានរដ្ឋធម្មនុញ្ញកម្ពុជាធ្ងន់ធ្ងរ។
លោកថា៖ «វានឹងធ្វើឱ្យឯកោដល់ពួកជ្រុលនិយមនេះពួកដែលឃ្លានអំណាចដោយគ្មានព្រំដែនទោះបីជាបំផ្លិចបំផ្លាញជាតិខ្លួនឯងធ្លាក់ក្នុងនរកនៃសង្គ្រាមអីក៏គេមិនខ្វល់។ អ៊ីចឹងខ្ញុំជឿថាវានឹងឈានដល់ដំណាក់កាលហ្នឹង»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបានបង្កើតចលនាជាតិតស៊ូមួយនៅក្រៅប្រទេស និងបានញ៉ុះញ៉ង់ដល់ពលរដ្ឋ មន្ត្រីរាជការប្រឆាំងរដ្ឋាភិបាល តាមយុទ្ធសាស្ត្រផ្ការីករបស់ខ្លួនដោយឱ្យរៀបចំកម្លាំងបង្កប់ដើម្បីបំផ្ទុះសកម្មភាពប្រឆាំងរដ្ឋចេញពីក្នុងប្រទេសវិញ។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត បានប្រាប់កម្ពុជាថ្មីតាមសារអេឡិចត្រូនិចតេឡេក្រាមថា សកម្មភាពរបស់លោក សម រង្ស៊ី ដែលបានបង្កើតចលនាផ្សេងៗ បង្កឱ្យមានការព្រួយបារម្ភខ្លាំងចំពោះសន្ដិសុខ។
លោកថា៖ «អំពាវនាវបែបនេះធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ និងហានិភ័យនៃការកើនឡើងទៅជាអំពើហឹង្សាជាផ្នែកមួយនៃអំពើភេរវកម្ម និងបដិវត្តន៍ពណ៌»។

លោកយល់ស្របពីការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរករដោយថា វានឹងជួយធានាដល់សុវត្ថិភាព និងស្ថិរភាពសង្គម។ លោកថាវិធានការផ្លូវច្បាប់ដែលមានគោលដៅនិងព័ត៌មានច្បាស់លាស់អាចឱ្យអាជ្ញាធរកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យ មុនពេលពួកគេធ្វើសកម្មភាពផ្សេងៗ។
លោកថា៖ «ការបង្កើតច្បាប់ប្រឆាំងអំពើភេរវកម្មដ៏ទូលំទូលាយមួយនឹងជួយដល់កម្ពុជាក្នុងការតម្រឹមច្បាប់ និងវិធានការផ្លូវច្បាប់ជាមួយនឹងក្របខណ្ឌប្រឆាំងភេរវកម្មសកល តាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសហការជាមួយដៃគូអន្តរជាតិ។ ការសហការបែបនេះ អាចរួមបញ្ចូលការចែករំលែកស៊ើបការណ៍ ការពង្រឹងសមត្ថភាព និងការចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលទាំងអស់នេះនឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសកម្ពុជា»។

ជាមួយគ្នានេះលោក ថុង ម៉េងដាវីត បានជំរុញដល់ការរៀបចំច្បាប់ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដារច្បាប់ប្រឆាំងភេរវកម្មអន្តរជាតិផងដែរដោយថាការធ្វើដូច្នេះ កម្ពុជាមិនត្រឹមតែពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងពង្រឹងជំហររបស់កម្ពុជាជាប្រទេសដែលមានស្ថិរភាព និងអធិបតេយ្យភាពក្នុងបរិយាកាសសន្តិសុខពិភពលោកដែលកាន់តែស្មុគស្មាញ។
ច្បាប់ដាក់ក្រុមជ្រុលនិយមមានបំណងបង្កអសន្តិសុខ បង្កើតសង្គ្រាម ជាពួកភេវករ ត្រូវបានបង្ហើបឡើងពីប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងមីទិញអបអរខួប៤៦ឆ្នាំ ទិវាជ័យជម្នះ៧ មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថាកម្ពុជាដល់ពេលហើយដែលត្រូវរៀបចំច្បាប់នេះដោយថាដើម្បីការពារសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍របស់ប្រទេស៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ