Connect with us

នយោបាយ

នាយករដ្ឋមន្ត្រីផ្ញើសាររំលែកទុក្ខចំពោះសោកនាដកម្មភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ផ្ញើសារលិខិតមួយច្បាប់ជូនប្រធានាធិបតីអាមេរិក Joe Biden ចូលរួមរំលែកទុក្ខ និងក្ដីអាណិតអាសូរដល់ពលរដ្ឋ​អាមេរិកដែលបានរងគ្រោះពីភ្លើងឆេះព្រៃនៅក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា។

ក្នុងលិខិតចុះថ្ងៃទី១១ មករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាដើមឆ្នាំនេះជាសោកនាដកម្ម និងការបំផ្លាញដ៏ធំធេង ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងសហគមន៍របស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចថា៖ «ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះក្រុមគ្រួសារនៃសព និងតាមរយៈលោកប្រធានាធិបតី ជូនចំពោះប្រជាជនសហរដ្ឋអាមេរិក ជាពិសេសអ្នកដែលរងគ្រោះដោយផ្ទាល់ដោយគ្រោះមហន្តរាយដ៏សោកនាដកម្មនេះ»។

សម្ដេចនាយករដ្ឋមន្ត្រីជឿជាក់ថាសហរដ្ឋអាមេរិកនិងយកឈ្នះលើបញ្ហានេះ ហើយនឹងរឹងមាំជាងពេលណាទាំងអស់។

គិតត្រឹមព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនដល់២៤នាក់ហើយ ប៉ុន្តែមន្ត្រីក្នុងតំបន់ព្រមានថា តួលេខអាចហក់ឡើងជាបន្តទៀត។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី បានប្រាប់កម្ពុជាថ្មីកាលពីចុងសប្ដាហ៍មុនថាមិនមានជនជាតិខ្មែរណាម្នាក់រងគ្រោះពីឧបទ្ទវហេតុនេះទេ ខណៈនិស្សិត៣នាក់ដែលកំពុងសិក្សានៅទីក្រុង Santa Monica ត្រូវបានអាជ្ញាធរអាមេរិកជម្លៀសចេញទៅទីតាំងសុវត្ថិភាព។

ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាមានជាង៣០ម៉ឺននាក់ ភាគច្រើនរស់នៅទីក្រុងឡុងប៊ិចមិនរងផលប៉ះពាល់ពីភ្លើងឆេះព្រៃនេះទេ។

ពេលនេះ អគ្គិភ័យនៅ Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។

ក្នុងនោះភ្លើងឆេះព្រៃ Palisades គឺជាអគ្គិភ័យឆេះមុនគេនិងមានទំហំធំជាងគេបង្អស់ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩ ៥១០ហិកតា ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន១១%ប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម