Connect with us

នយោបាយ

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងពីសង្គ្រាមកម្ពុជា-ថៃក្នុងឆ្នាំ២០០៨ ដែលដើមហេតុនៃសង្គ្រាមនោះគឺកើតពីអ្នកជាតិនិយមជ្រុលថៃតែប៉ុន្មាននាក់ប៉ុណ្ណោះបានរុញឱ្យសង្គ្រាមកើតឡើង ហើយពួកគេបានរត់ចេញពីបញ្ហាដែលពួកគេបង្ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីបានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនសម្ដេចនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះដោយអមនឹងរូបថត៤សន្លឹកដែលថតនៅថ្ងៃទៅ១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ ក្នុងពេលចរចាជាមួយភាគីថៃផ្អាកការប្រយុទ្ធគ្នា។

សម្ដេចបានរម្លឹកទៅកាន់សង្គ្រាមកម្ពុជា-ថៃ នៅឆ្នាំ២០០៨ កើតឡើងពីអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨ ដែលសកម្មភាពនេះហើយ បានរាលដាលរហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ។

សម្ដេចបានសរសេរថា៖ «បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១»។

ជាមួយនឹងសំណេរថាគ្មានពលរដ្ឋប្រទេសណាមិនស្រលាញ់ជាតិទឹកដីរបស់ពួកគេនោះទេ បញ្ហាព្រំដែននៅសេសសល់រវាងប្រទេសថៃ និងកម្ពុជា គឺជាមរតកប្រវត្តិសាស្ត្រ ដែលត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីជៀសវាងបង្កជាបញ្ហាហិង្សា ដែលធ្លាប់កើតឡើង។  

សម្ដេចថា គ្មានអ្វីចំណេញពីសង្គ្រាមនោះទេក្រៅពីការស្លាប់ទាំងសងខាង ខណៈអ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិស្មើជីវិតពេលមានសង្គ្រាមកើតឡើងបែរនាំគ្នារត់ទៅកន្លែងសុវត្ថិភាព។

សម្ដចបានបន្ថែមថា៖ «អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា»។

នាយករដ្ឋមន្ត្រីសង្ឃឹមថា នេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។

គួរឱ្យដឹងផងដែរថា ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨​ផ្ដើមចេញពីការចូលមកក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ចូលដីខ្មែរប្រហែល៣០០ម៉ែត្រ តំបន់ប្រាសាទព្រះវិហារ សង្គ្រាមបានផ្ទុះឡើងចេញពីព្រះវិហារ និងបានរាលដាលដល់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម