នយោបាយ
នាយករដ្ឋមន្ត្រីប្រកាសឱ្យពង្រឹងគោលនយោបាយឯករាជ្យមិនចូលបក្សសម្ព័ន្ធ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសពីការប្រកាន់ខ្ជាប់របស់កម្ពុជានូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត្យជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ការប្រកាសរបស់សម្ដេចធិបតីនេះក្នុងពេលដែលក្រសួងការបរទេសបានវាយតម្លៃពីប្រឈមខ្លាំងនៃប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក ជាពិសេសក្នុងតំបន់។

ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពេលបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសកាលពីថ្ងៃទី៥ ខែមីនា ដែលក្រសួងការបរទេសបានស្រង់ប្រសាសន៍របស់សម្ដេចមកចុះផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១០ ខែមីនានេះ ដោយសម្ដេចបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ដោយធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ពង្រឹងភាពស្និតស្នាលជាមួយប្រជាជាតិទាំងអស់ លើកកម្ពស់ពហុភាគីនិយម ពង្រឹងមជ្ឈភាពអាស៊ាន លើកកម្ពស់ការទូតសេដ្ឋកិច្ច វប្បធម៌ ពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ និងសកម្មភាពការទូតរបស់កម្ពុជា។

ក្នុងរបាយការណ៍វិភាគសភាពការណ៍តំបន់ និងអន្តរជាតិសម្រាប់ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានវាយតម្លៃថាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតែប្រឈមនឹងឥទ្ធិពលពីការប្រកួតប្រជែងដណ្ដើមឧត្តមភាពរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនទៀត។
ក្នុងការវិភាគនោះក្រសួងការបទេសមើលឃើញថា៖ «កម្ពុជារំពឹងថានឹងបន្តប្រឈមនូវការលំបាកកាន់តែខ្លាំង ក្នុងការប្រកាន់ និងរក្សាបន្ទាត់នយោបាយក្រៅប្រទេសដែលមានការថ្លែងថ្លែង និងអព្យាក្រឹត ដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ ក្នុងនោះរួមមានការការពារអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព និងសន្ដិភាព»។

អ្នកវិភាគនយោបាយ សង្គមលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាគោលនយោបាយការបទេសមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជានាំប្រយោជន៍ដល់ប្រទេសនេះទាំងសន្ដិសុខ និងសេដ្ឋកិច្ច។ ការថ្លែងថ្លែងតុល្យភាពរបស់ចិន និងអាមេរិកនៅកម្ពុជា បានផ្ដល់ប្រយោជន៍ច្រើនដែលអាចទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសទាំងពីរនេះ ព្រមទាំងការបញ្ចេញទំនិញទៅលក់ផងដែរ។
លោកថា៖ «កម្ពុជាយើងមានការពឹងអាស្រ័យលើមហាអំណាចទាំងពីរនេះដូចគ្នា។ ចិនបានវិនិយោគមកកម្ពុជាធំបំផុតដែលមកវិនិយោគដើម្បីផលិតនិងនាំចេញ ខណៈទីផ្សារអាមេរិកគឺជាទីផ្សារធំទី១ដាច់គេតែម្ដងដែលមហាអំណាចទាំងពីរនេះមានតុល្យភាពលើការជួយដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា»។

មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់នៅដោយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក។
កម្ពុជាគឺជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធតាំងពីត្រូវបានចលនានេះបង្កើតដំបូងក្នុងឆ្នាំ១៩៦១ នៅទីក្រុងប៊ែលក្រាន ប្រទេសស៊េបី។ ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្តារដ្ឋជាសមាជិកក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការប្រកាន់ពូជសាសន៍និយម និងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជា ការប្រឆាំងនឹងមហាអំណាច និងប្លុកនយោបាយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?