នយោបាយ
កម្ពុជាមិនទាន់មានចម្លើយពីការចូល BRICS ទេ
រដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុន ឃាង ថាកម្ពុជាកំពុងតាមដានពីការវិវត្តន៍របស់ និងកំណត់ពីទំហំនៃភាពខ្លាំង និងខ្សោយរបស់BRICS ខណៈមិនទាន់អាចឆ្លើយបាននោះទេពីលទ្ធភាពដែលកម្ពុជាចូលរួមក្នុង BRICS ឬក៏អត់។
លោកលើកឡើងបែបនេះក្នុងកិច្ចពិភាក្សាបង្រៀនពិសេសមួយដែលរៀបចំដោយវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានោះលោក អ៊ុន ឃាង បានលើកឡើងថា បច្ចុប្បន្នក្នុងតំបន់អាស៊ានមានតែប្រទេសឥណ្ឌូនេស៊ីមួយប៉ុណ្ណោះបានចូលជាសមាជិកនៃក្រុមប្រទេស BRICS ដែលមានកត្តាទាក់ទងជាច្រើនដូចជានយោបាយ និងពាណិជ្ជកម្មទ្វេភាគីជាមួយក្រុមប្រទេសទាំងនោះ។ លោកថាពេលដែលមានសមាជិកអាស៊ានចូល BRICS ក៏ជាចំណុចល្អផងដែរដែលអាចនាំប្រយោជន៍ពាណិជ្ជកម្មសម្រាប់តំបន់ ទោះជាយ៉ាងណាសម្រាប់ការពិចារណាចូលជាសមាជិក BRICS របស់កម្ពុជាលោកថាពេលនេះកម្ពុជាកំពុងតាមដានការវិវត្តន៍នៃBRICS ជាមុនសិន។
លោកថា៖ «ពួកយើងកំពុងកំណត់លើទំហំនៃភាពខ្លាំង និងភាពខ្សោយរបស់(BRICS)នៅពេលនេះ»។

បើតាមលោក អ៊ុន ឃាង ការងើបឡើងរបស់ BRICS គឺជាការវិវត្តន៍ថ្មីនៃប្រព័ន្ធពហុភាគីនិយម និងតុល្យភាពនៃអំណាចរបស់មហាអំណាចក្នុងពិភពលោក។ លោកបន្ថែមថា BRICS ត្រូវបានបង្កើតឡើងក៏ដើម្បីកាត់បន្ថយឥទ្ធិពលនៃលុយដុល្លារផងដែរ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាលោកស្រី ជា សិរី បានលើកឡើងថាអំណាចបង្កកទ្រព្យសម្បត្តិរបស់អាមេរិកគឺជាការបារម្ភរបស់ធនាគារកណ្ដាលរបស់ប្រទេសទាំងអស់នៅទូទាំងពិភពលោក។ ស្របពេលដែលការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជាដូចពេលបច្ចុប្បន្នពិតជានាំឱ្យកម្ពុជាមានភាពងាយរងគ្រោះជាពិសេសក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងពេលដែលមិនមានភាពប្រាកដប្រជានៃនយោបាយអាមេរិក ព្រមទាំងការបែងចែកភូមិសាស្ត្រនយោបាយជាដើម។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីមានជម្លោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ ជាការឆ្លើយតបរុស្ស៊ីក៏ប្រកាសប្រើវិធានការឆ្លើយតបដួចគ្នា ខណៈក្រុមប្រទេស BRICS ដែលដឹកនាំដោយ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង ក៏កំពុងមានវិធានជាបន្តបន្ទាប់ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ប្រាក់ដុល្លារក្នុងកិច្ចប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ