អាជីព
បទយកការណ៍ “របរ និងក្ដីប្រាថ្នាចម្បងរបស់បងប្អូនកសិករមៀនប៉ៃលិន”
បន្ទាប់ពីអង្ករ និងស្វាយកែវរមៀត មៀនប៉ៃលិន គឺជាដំណាំយុទ្ធសាស្រ្តទី៣ ដែលកម្ពុជាបានចចារនាំចេញទៅទីផ្សារប្រទេសចិន។ កន្លងមកមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជានឹងនាំមៀនប៉ៃលិនទៅកាន់ទីផ្សារយក្សមួយនេះជាផ្លូវការនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ គម្រោងនេះបានធ្វើឱ្យយកសិករ និងសហគមន៍មៀនប៉ៃលិនមានការទន្ទឹងរង់ចាំ ហើយម្នាក់ៗខិតខំបង្កើនការដាំដុះដំណាំនេះ និងបានពង្រីកវិសាលភាពទៅកាន់ខេត្តដទៃទៀត។ ប៉ុន្តែគម្រោងនាំចេញនេះត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩ និងកត្តាបច្ចេកទេសផ្សេងៗ។ ក្តីរំពឹងបែរជាអស់សង្ឃឹម ខណៈប្រទេសថៃបានបិទមិនទទួលទិញផ្លែមៀនប៉ៃលិនរបស់កសិករកម្ពុជាថែមទៀត។
តើបងប្អូនប្រជាកសិករដំណាំមៀនប៉ៃលិន មានបំណងប្រាថ្នាអ្វីខ្លះចំពោះការលក់ចេញនូវកសិផលរបស់ខ្លួន ដែលខិតខំដាំដុះ និងបានចំណាយដើមទុនជាច្រើននោះ? ចំណែកអាជ្ញាធរ និងស្ថាប័ន ក្រសួងពាក់ព័ន្ធបានចូលរួមជួយសម្រួល និងដោះស្រាយបើកផ្លូវក្ដីសង្ឃឹមជូនកសិករដូចម្ដេចខ្លះ?
កសិករនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលបានប្រករបរដាំមៀននេះជាង ១០ឆ្នាំមកហើយ លោក អំ សារឿន បានថ្លែងថា ប្រជាកសិករពិតជារីករាយណាស់ដោយឃើញមន្ត្រីរដ្ឋាភិបាលចុះប្រមូលទិញផ្លែមានពីកសិករបែបនេះ។ កសិកររូបនោះបន្តថា លោកមានការសោកស្តាយដោយសារតែលោកបានបង្ខំចិត្តលក់ផ្លែមៀនរបស់ខ្លួនទៅឱ្យឈ្មួញក្នុង ១គីឡូក្រាម ១,៥០០រៀល មុនតែ៣ថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ជាមន្ត្រីឱ្យចុះទិញមៀនប៉ៃលិនរបស់កសិករ។ កសិករដដែលនេះបន្តថា ពិតជាសោកស្តាយព្រោះ១គីឡូខុសគ្នា ៥០០រៀល ខណៈផ្លែមៀនចម្ការរបស់លោកផ្តល់ផលបានប្រមាណជិត ៥០តោន។
កសិកររូបនោះបន្តថា៖ “ផ្លែមៀនលក់បានតម្លៃ ២,០០០រៀលក្នុង១គីឡូទើបកសិករអាចបានចំណេញខ្លះ តែបើតម្លៃក្រោម ២,០០០រៀលហើយ មិនបានចំណេញនោះទេ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយរដ្ឋនឹងចុះធ្វើការប្រមូលទិញមៀនពីកសិករបន្តទៀត ហើយខ្ញុំអាចនឹងរក្សាផ្លែមៀនខ្ញុំលក់ជូនរដ្ឋ”។
ទោះបីជាសង្ឃឹមបែបនេះក៏ដោយ លោក សារឿន ចង់បាននូវទីផ្សារប្រាកដប្រជាមួយ មានន័យថា ផលិតផលផ្លែមៀនប៉ៃលិននឹងមិនត្រូវកកស្ទះដូចពេលនេះ ក្រុមកសិករចង់បានការដាំដុះមួយដែលភ្ជាប់ទៅដោយកិច្ចព្រមព្រៀងទិញ ព្រោះកន្លងមកក្រសួងកសិកម្មធ្លាប់បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ឬ ដើមឆ្នាំ២០២២ កម្ពុជានឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន។ ជាមួយនេះកសិករក៏ចង់ឃើញរោងចក្រកែច្នៃ និង សម្អាតផ្លែមៀនត្រូវបានបង្កើតឡើងនៅក្នុងខេត្តរបស់ខ្លួន ដោយពួកគាត់សង្ឃឹមថា មានរោងចក្រកែច្នៃ និងធ្វើឱ្យផ្លែមៀនរបស់ពួកគេមិនជួបបញ្ហាប្រឈមទៀតទេ។ ព្រោះជាច្រើនឆ្នាំមកហើយដែលប្រជាកសិករ និងសហគមន៍មៀនប៉ៃលិន (ឬតាង៉ែន) នាំផលិតផលខ្លួនទៅទីផ្សារប្រទេសចិនតាមរយៈប្រទេសថៃដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យផលិតផលរបស់ប្រទេសថៃ (Product of Thailand)។
ជារៀងរាល់ឆ្នាំមៀនប៉ៃលិនត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅលក់នៅប្រទេសថៃតាមច្រករបៀងក្នុងខេត្តបាត់ដំបង និង ប៉ៃលិន ដែលនៅទីនោះមានក្រុមហ៊ុនថៃចាំប្រមូលទិញ និងធ្វើការកែច្នៃសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ការពឹងទៅលើដង្ហើមគេដកពិតជាពិបាករស់ណាស់ ព្រោះករណីជាក់ស្តែងនៅពេលថៃបិទមិនទទួលទិញផ្លែមៀនកម្ពុជានាពេលថ្មីនេះ ធ្វើឱ្យកសិករជួបបញ្ហាប្រឈមយ៉ាងខ្លាំង។
កសិករ សារឿន បានបន្តថា តាមពិតលោកបានឮថា នៅក្នុងខេត្តប៉ៃលិនមានការវិនិយោគសាងសង់រោងចក្រ និង ឡសង្ងួតផ្លែមឿនប៉ៃលិនជាង២ឆ្នាំមកហើយ តែមិនឃើញដំណើរការសោះ។ លោកបន្តថា៖ “ឮតែមន្រ្តីខេត្តនិយាយថា ក្រសួងមិនអនុញ្ញាតច្បាប់ដោយសារមិនទាន់មានការចុះមកត្រួតពិនិត្យពីអ្នកជំនាញចិន។ ប្រសិនបើប្រទេសយើងមានរោងចក្រកែច្នៃគឺពិតជាល្អណាស់ ព្រោះសព្វថ្ងៃពេលដែលយើងដឹកផ្លែឈើចូលទៅលក់ឱ្យក្រុមហ៊ុនថៃគឺត្រូវបង់ពន្ធនៅមាត់ច្រក់ព្រំដែន ១គីឡូ៤បាតបន្ថែមទៀត”។
បច្ចុប្បន្នសហគមន៍មៀនប៉ៃលិននៃខេត្តប៉ៃលិនមានរោងចក្រសម្ងួតសម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិនតម្លៃជាង៣លានដុល្លាមួយកន្លែងដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។ រោងចក្រនេះសាងសង់ និងបំពាក់ឧបករណ៍នានារួចអស់បានរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមកដល់នេះរោងចក្រនោះមិនទាន់បានបើកដំណើរការឡើយ ព្រោះកម្ពុជាមិនទាន់មិនកិច្ចព្រមព្រៀងក្នុងការនាំមៀនប៉ៃលិនទៅចិន។
បើតាមលោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិនបានបញ្ជាក់ថា រោងចក្រមួយនេះមានចំនួន៤ឡ សម្រាប់សម្ងួត និងសម្លាប់មេរោគលើផ្លែមៀនប៉ៃលិន។ ឡនីមួយៗ មានសមត្ថភាពសម្ងួតមៀនប៉ៃលិនបានប្រមាណ៩តោនដោយប្រើប្រាស់ពេល៧៤នាទី។ លោក សួន ជុំ លើកឡើងថា៖ “ប្រសិនបើកម្ពុជាមានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិន នោះមានក្រុមហ៊ុនមិនតិចជាង៣ទេមកវិនិយោគលើការបង្កើតរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិននៅតំបន់ដាំដុះដំណាំប្រភេទនេះនៅកម្ពុជា”។
សម្រាប់កសិករ នឿន ស្រីមុំ ដែលមានចម្ការមៀនប៉ៃលិនជាង ៥០០ដើម ក្នុងទឹកដីឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកស្រីបានចូលជាសមាជិកសហគមន៍មៀនប៉ៃលិនតាំងពីឆ្នាំ២០១៥មក។ កសិករវ័យ ៣៥ឆ្នាំរូបនេះបានខិតខំថែទាំដើមមៀនប៉ៃលិនឱ្យល្អ ឬតែងមែកត្រៀមបញ្ចេញផ្លែឱ្យមានរូបរាងស្អាតត្រូវស្តង់ដារ សម្រាប់នាំចេញ។ កសិកររូបនេះសង្ឃឹមថា មៀនរបស់ខ្លួននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ មិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសថៃទៀតនោះទេ ព្រោះកម្ពុជាក៏បានចរចានាំចេញផ្លែមៀនទៅកាន់ប្រទេសចិនរួចហើយ និងសង្ឃឹមថាកិច្ចព្រមព្រៀងនាំចេញមៀនទៅកាន់ប្រទេសចិននឹងអាចកើតមាននៅចុងឆ្នាំនេះ។
កសិករ នឿន ស្រីមុំ បានថ្លែងតាមទូរសព្ទថា៖ “កសិករ ក៏ដូចជាសហគមន៍មៀនប៉ៃលិនសុទ្ធបានដឹងថាកម្ពុជាអាចនាំមៀនប៉ៃលិនទៅចិនជាផ្លូវការនៅថ្ងៃណាមួយជាមិនខាននៅចុងឆ្នាំ២០២១ នេះ។ ដូចនេះពួកយើងបានខិតខំចំណាយពេលដើម្បីលៃលកធ្វើយ៉ាងណាអាចប្រមូលផលបាននៅចុងឆ្នាំនេះ ព្រោះដើមមៀនប៉ៃលិនចេញផ្លែបាន គឺត្រូវការយើងបញ្ជា។ យើងបញ្ជាឱ្យវាចេញផ្លែខែណារដូវណាក៏បានដែរប៉ុន្តែពេលនេះយើងហាក់ដូចជាមានការខកបំណងបន្តិច ព្រោះពេលវេលាជាក់លាក់ហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយ”។ កសិកររូបនេះបានបញ្ជាក់ថា ជាលក្ខណៈធម្មជាតិរបស់មៀនប៉ៃលិនមិនអាចចេញផ្លែបានឡើយប្រសិនបើយើងមិនបានបញ្ជា ព្រោះដំណាំនេះត្រូវការបាញ់ថ្នាំឱ្យចេញផ្លែ។
ស្រីមុំ បានបន្តថា ចម្ការរបស់នាងមានដើមមៀនប្រមាណ៥០០ដើមនោះអាចផ្តល់ទិន្នផលបានជិត១០០តោនក្នុង១ឆ្នាំ ហើយបើផ្លែមៀនលក់បាន១គីឡូជិត២០០០រៀល គឺអាចទទួលបានក្នុងរង្វង់ ៤ម៉ឺនដុល្លារ តែទូទាត់ការចំណាយផ្សេងៗទៅនៅសល់តិចតួច។ កសិកររូបនេះបានបន្តថា គ្រួសារនាងបានចំណាយអស់ប្រមាណជិត ១ម៉ឺនដុល្លារក្នុងការឈូសឆាយធ្វើដី និងដាំដើមមៀនប៉ៃលិននេះ ដោយចំណាយពេលថែទាំផងដែរប្រមាណ៥ឆ្នាំទើបទទួលផល។ កសិករវ័យក្មេងបានបន្តថា ដើមតាង៉ែនផ្តល់ផលទៅតាមអាយុកាលរបស់វា ដើមថ្មីផ្តល់ផលប្រមាណ១០០គីឡូក្រាម តែបើដើមដែលមានអាយុ៧ទៅ៨ឆ្នាំអាចផ្តល់ផល ២០០គីឡូក្នុង១ដើម។
កសិករវ័យក្មេងម្នាក់ទៀតមានវ័យជាង៣០ នៅភូមិឃុំដូច នឿន ស្រីមុំ ដែរបានបង្ហាញក្ដីសង្ឃឹមថា រដ្ឋនឹងបន្តទិញផ្លែមៀននេះរហូតចុងឆ្នាំ។ កសិករ ឈុំ ស្រីមន បានថ្លែងថា៖ “ផ្លែមៀនរបស់ខ្ញុំទើបតែចាប់ផ្តើមក្តឹប ក៏ប៉ុន្តែអ្នកជិតខាងខ្ញុំ មៀនរបស់គាត់ចាប់ផ្តើមទុំជាច្រើនថ្ងៃមកហើយ។ ពួកគាត់ត្រេកអរណាស់ដែលបានសម្តេច (សម្ដេចតេជោ ហ៊ុន សែន) ជួយប្រមូលទិញ បើមិនចឹង (អ៊ីចឹង) ទេ ច្បាស់ជាត្រូវស្អុយចោលហើយ ព្រោះថានៅពេលដែលថៃបិទព្រំដែន មៀនប៉ៃលិនត្រូវចាលគ្មានអ្នកទិញ។ មុននេះមានឈ្មួញនៅភ្នំពេញបានប្រមូលទិញក្នុងតម្លៃ១គីឡូត្រឹមតែ ១,៥០០រៀលប៉ុណ្ណោះ តម្លៃនេះគឺខាតហើយ”។
អ្នកស្រី ឈុំ ស្រីមន បានថ្លែងថា អ្នកស្រីមានចម្ការតាង៉ែនប្រមាណ ៤00ដើម ដោយចំណាយទុននៃការដាំអស់៥,០០០ដុល្លារ ផលទទួលបានហើយលក់ចេញក្នុងមួយគីឡូក្នុង ១គីឡូ ២,000រៀលទៅ ២,៥០០រៀល។ ចំណូលដែលគ្រួសារអ្នកស្រី ទទួលបានក្នុងមួយឆ្នាំគឺប្រមាណ ២ម៉ឺនដុល្លារ។ កសិកររូបនោះបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីប្រមូលផលហើយ យើងមិនមែនអង្គុយចាំយកផលដោយមិនធ្វើអ្វីនោះទេ គឺត្រូវតែងដើមដោយកាត់ចោលមែកណាដែលងាប់ដែលមិនល្អ ធ្វើយ៉ាងណាឱ្យដើមរបស់វាមានលក្ខណៈទូលាយ និងមិនស៊ុបទ្រុប ទើបវាផ្តល់ផលល្អសម្រាប់ឆ្នាំក្រោយ។
កសិករ ឈុំ ស្រីមន បានបន្តថាតាង៉ែ ៤០០ដើមនេះដាំនៅលើផ្ទៃដីប្រមាណ ៣ហិចតា។ ស្រីមន បន្តថា៖ “ប៉ុន្តែនៅប៉ៃលិននេះ ចម្ការតាង៉ែនរបស់តាៗមេៗគឺធំៗណាស់ សុទ្ធតែ ២០ទៅ ៥០ហិចតា។ នៅខេត្តប៉ៃលិននេះជាង ៧០ភាគរយគឺជាចម្ការតាង៉ែន”។
កសិករចាស់វស្សាមួយរូបទៀតដែលមានចម្ការមៀនប៉ៃលិនជាង ១០ហិចតា ស្ថិននៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក អ៊ុន ថេង ដែលបានប្រកបរបរនេះជាង១០ឆ្នាំ មកហើយបានឱ្យដឹងថា មៀនប៉ៃលិននៅពេលប្រមូលផលគឺដឹកទៅលក់ឱ្យក្រុមហ៊ុនចិនមួយដែលមានមូលដ្ឋានទៅប្រទេសថៃ។ ជាទូទៅមៀនប៉ៃលិនប្រជាកសិករទាំងអស់អាចដឹកនាំចូលក្នុងទឹកដីថៃបានចាប់ពីម៉ោង ១១យប់ទៅ។ កសិកររូបនោះបន្តថា លោកមានចម្ការមៀនប្រមាណ ៣,០០០ដើម រាល់ឆ្នាំលោកតែងនាំផ្លែមៀនទៅលក់ឱ្យក្រុមហ៊ុនចិននៅក្នុងប្រទេសថៃ។
លោក អ៊ុន ថេង បានឱ្យដឹងបន្តថា៖ “ក្រុមហ៊ុនចិនបានបញ្ជាទិញមៀនប៉ៃលិនពីយើងរាល់ឆ្នាំនោះ គឺដោយសារគេស្គាល់ពីគុណភាព និងរសជាតិមៀនប៉ៃលិនរបស់យើងច្បាស់។ ចម្ការមៀនប៉ៃលិនយើងមានគ្រប់លក្ខណៈអស់ហើយក្នុងការនាំទិន្នផលទៅប្រទេសចិនជាផ្លូវការ។ សព្វថ្ងៃយើងរងចាំតែពេលកម្ពុជាប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិនប៉ុណ្ណោះ យើងមិនពឹងដង្ហើមប្រទេសថៃតទៅទៀតទេ ព្រោះបើគិតទៅវាមានរយៈពេលជិត១០ឆ្នាំហើយដែលមៀនប៉ៃលិន របស់យើងនាំចេញទៅចិនក្រោមសំបកឈ្មោះនៃផលិតផលរបស់ថៃ”។
កាលពីពាក់កណ្ដាលខែសីហា ផ្លែមៀន និងផ្លែតាង៉ែន បានធ្លាក់ថ្លៃខ្លាំង និងត្រូវស្អុយរលួយចោល ដោយសារថៃផ្អាកទទួលទិញ។ ក្រោយពីកសិករ និងឈ្មួញកណ្ដាលនាំគ្នាតវ៉ានៅក្បែរព្រំដែនច្រើនថ្ងៃ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអង្គរក្សទៅប្រមូលទិញផ្លែមៀន និងផ្លែតាង៉ែន ពីកសិករ ដើម្បីចែកជូនមន្ត្រីរាជការ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដោយឥតគិតថ្លៃ។
ស្ត្រីឈ្មួញកណ្តាលម្នាក់ឈ្មោះ សុភ័ណ្ឌ អាយុ៤៦ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់បានដើរម៉ៅទិញផ្លែតាង៉ែនហៅមៀនប៉ៃលិនស្ទើរគ្រប់ក្នុងចម្ការទាំងអស់ទូទាំងខេត្តប៉ៃលិន ដោយម៉ៅម្តង ៣ទៅ៤ចម្ការ ពោលគឺពេលណាតាង៉ែនជិតទុំគាត់ដើរកក់ប្រាក់ឱ្យម្ចាស់ចម្ការរួចក៏នាំកម្មករចូលទៅបេះថ្លឹងគីឡូលក់តែម្តង។ ការដើរម៉ៅផ្លែតាង៉ែនតាមចម្ការពេលខ្លះចំណេញច្រើនហើយក៏មានពេលខ្លះខាតចុងខាតដើមដែរ ប៉ុន្តែភាគច្រើនគឺចំណេញព្រោះដើរម៉ៅទិញថោក លក់ថ្លៃខ្ពស់បន្តិច។ ការប្រកបរបរនេះគាត់ដើរម៉ៅតែក្នុងក្រុងប៉ៃលិនប៉ុណ្ណោះ ដោយមិនបានចេញទៅតាមខេត្តផ្សេងឡើយ។ ក្នុង១ថ្ងៃៗ គាត់ជួលកម្មករ៥ទៅ៦នាក់ ដោយម្នាក់ៗគិតថ្លៃឈ្នួល៤ម៉ឺនរៀលក្នុង១ថ្ងៃ។
ឈ្មួញរូបនោះបន្តថា បើដើរម៉ៅប៉ះចំខែធម្មតាគ្មានបុណ្យទានគាត់អាចលក់បាន១គីឡូក្រាមត្រឹមតែ ២,៥០០ទៅ៣,០០០រៀលប៉ុណ្ណោះ ប៉ុន្តែបើប៉ះចំថ្ងៃបុណ្យទាន គាត់អាចលក់បានក្នុង១គីឡូក្រាម ៤,០០០ ទៅ៥,០០០រៀល ហើយភាគច្រើនអ្នកទិញទៅលក់ក្នុងផ្សារសាមគ្គី នៅភ្នំពេញ ១គីឡូក្រាម៦,០០០ ទៅ៧,០០០រៀល តែបើគេដឹកយកទៅលក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញគឺ ១គីឡូក្រាមអាចលក់បាន៨,០០០រៀល។
កម្មករម្នាក់ឈ្មោះ ម៉ៅ សែន ភេទស្រីអាយុ ៣០ឆ្នាំ បានរៀបរាប់ឱ្យដឹងថា គាត់បានធ្វើការស៊ីឈ្នួលបេះផ្លែតាង៉ែនឱ្យថៅកែដោយគេគិតជាកេះ ក្នុង១កេះទម្ងន់ជាង១០គីឡូក្រាមគេឱ្យតម្លៃឈ្នួល ៦,០០០រៀល ហើយក្នុង១ថ្ងៃគាត់អាចបេះបាន៧ទៅ១០កេះ សរុបទៅក្នុង១ថ្ងៃគាត់អាចរកប្រាក់ចំណូលពី៤ទៅ៦ម៉ឺនរៀលដែរ។
អ្នកស្រី ម៉ៅ សែន បានឱ្យដឹងបន្តថា៖ “តែការប្រកបរបរមួយនេះត្រូវមានការអត់ធ្មត់ និងតស៊ូព្រោះក្នុង១ថ្ងៃៗសម្ងំនៅតែក្នុងចម្ការ និងរហ័សដៃរហ័សជើង ព្រោះបើបេះបានតិច បានប្រាក់កម្រៃក៏តិចតួចដែរ ដូច្នេះហើយ ទើបម្នាក់ៗមានការខិតខំប្រឹងប្រែងដោយស្ទើរតែមិនហ៊ានឈប់សម្រាកនោះឡើយ”។
គួររំលឹកជូនថា ក្រសួងពាណិជ្ជកម្មកាលពីចុងខែមីនា២០២១ ធ្លាប់បានផ្ញើលិខិតមួយទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយស្នើឱ្យក្រសួងកសិកម្មជួយជំរុញការចរចាជាមួយភាគីចិនលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញមៀនប៉ៃលិនស្រស់ និងក្លាស្សេទៅកាន់ប្រទេសចិន «Protocol for phytosanitary requirements for export of fresh and prepared Pailin Longan from Cambodia to China»។ ដោយក្រសួងបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានទទួលសំណើរបស់អ្នកផលិតនិងអ្នកប្រមូលទិញមៀនប៉ៃលិន ដែលសុំឱ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពជួយជំរុញការបើកច្រកទីផ្សារសម្រាប់ការនាំចេញមៀនប៉ៃលិន ដោយផ្ទាល់ពីកម្ពុជាទៅប្រទេសចិន ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យការលក់ផ្លែមៀនទៅប្រទេសចិន តាមរយៈប្រទេសជិតខាងត្រូវបានបិទ ឬរឹតបន្តឹង ព្រមទាំងតម្លៃដែលប្រមូលទិញនៅចម្ការបានធ្លាក់ចុះក្រោមថ្លៃដើមផលិត បង្កឱ្យមានការខាតបង់ធំធេងរបស់ប្រជាកសិករ និងពាណិជ្ជករ។
ចំណែកក្រសួងកសិកម្មបានធ្វើការឆ្លើយតបវិញថា ក្រសួងកសិកម្មមិនមានអ្នកតំណាងនៅតាមស្ថានទូតដូចក្រសួងពាណិជ្ជកម្មទេ ហេតុនេះលោកសូមស្នើឱ្យអ្នកតំណាងក្រសួងពាណិជ្ជកម្មដែលធ្វើការនៅស្ថានទូតកម្ពុជាប្រចាំប្រទេសចិនឱ្យខិតខំបន្ថែមទៀតដើម្បីបង្កើនទំនាក់ទំនងជាមួយភាគីចិន និងបញ្ជូនព័ត៌មានមកកម្ពុជា ខណៈក្រសួងកសិកម្មបានផ្ញើឯកសារទៅហើយដោយនៅរង់ចាំការឆ្លើយតបពីភាគីចិនតែប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិនលោក សួស ស៊ីយ៉ាត ធ្លាប់បានប្រាប់ឱ្យដឹងថា នៅពេលមិនមានទីផ្សារនាំចេញទៅប្រទេសចិនដោយផ្ទាល់ អ្នកដាំមៀនប៉ៃលិនបានជួបឧបសគ្គជាច្រើនដោយគិតចាប់តាំងពីប្រាក់ចំណូល និងផែនការពង្រីកការដាំដុះបន្ថែម។ បច្ចុប្បន្នបើទោះនៅខេត្តប៉ៃលិនមានកន្លែងប្រមូលទិញសម្រាប់នាំចេញទៅប្រទេសថៃ ប៉ុន្តែជានិច្ចកាលអ្នកដាំតែងប្រឈមនឹងបញ្ហាជាច្រើន។ លោកបន្តថា៖ “ប្រទេសចិនជាទីផ្សារធំ និងមានតម្រូវការច្រើន បើយើងអាចនាំចេញដោយផ្ទាល់វានឹងអាចធ្វើឱ្យតម្លៃល្អជាងពេលនេះ ហើយការដាំដុះក៏នឹងកើនឡើងផងដែរ”។
បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន ៤,៣៨៩ហិកតា។ ចំនួននេះ ជាផ្ទៃដីដែលផ្តល់ផលឱ្យកសិករ និងប្រជាសហគមន៍ ខណៈផ្ទៃដីកំពុងដាំដុះមៀនប៉ៃលិន រាប់ហិកតាទៀតមិនបានរាប់បញ្ជូនឡើយ។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលលោកបានបន្តឱ្យដឹងថាខេត្តប៉ៃលិន មានសហគមន៍ផលិតមៀនប៉ៃលិនចំនួន៤០ ដោយសហគមន៍នីមួយៗ មានសមាជិកជាង២០០គ្រួសារ។
យោងតាមក្រសួងកសិកម្ម នៅកម្ពុជាបច្ចុប្បន្ន មៀនប៉ៃលិនមានដាំដុះភាគច្រើននៅខេត្តប៉ៃលិន បាត់ដំបងនិងខេត្តព្រះវិហារ។ គិតត្រឹមចុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះប្រមាណ ១៤,៥០០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានជាង ១១,៥០០ហិកតា ដោយជាមធ្យមក្នុង១ហិកតាផ្តល់ផលជិត ១៧តោន។ បរិមាណផលដែលទទួលបានមានប្រមាណជិត ២០ម៉ឺនតោន ក្នុងនោះការនាំចេញសម្រេចបានប្រមាណ ១០២ពាន់តោន ដោយមានតម្លៃប្រហែលជិត ១០០លានដុល្លារក្នុង១ឆ្នាំ៕
ដោយ៖ណារី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
សន្តិសុខសង្គម១២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់