អាជីព
ឧកញ៉ា សួរ វីរៈ ផ្ដើមពីអ្នកនាំភ្ញៀវទេសចរដើរលេង រហូតបើកក្រុមហ៊ុនដឹកជញ្ជូន ឈានមុខមួយនៅកម្ពុជា
លោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើរឥវ៉ាន់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។ មែនទែនទៅ ការបង្កើតក្រុមហ៊ុននេះ គឺផ្ដើមចេញពីពេលដែលលោកឧកញ៉ា សួរ វីរៈ ប្រកបអាជីពជាអ្នកនាំភ្ញៀវទេសចរបរទេស ដើរលេងកម្សាន្តនៅរមណីដ្ឋាននានា នៅខេត្តកោះកុង។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗ ជុំវិញការសិក្សា ការងារ និងមុខជំនួញ របស់លោកឧកញ៉ា សួរ វីរៈ។
លោកឧកញ៉ា សួរ វីរៈ កើតនៅឆ្នាំ ១៩៨១ ហើយមានស្រុកកំណើត ភូមិនាថទង ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឪពុករបស់លោក ជាមន្ត្រីមន្ទីរឃោសនាការស្រុក កាលពីជំនាន់នោះ រីឯម្ដាយរបស់លោក គឺជាអាជីវករលក់ដូរនៅក្នុងផ្សារ។ លោក សួរ វីរៈ មានបងប្អូន ៤នាក់ ហើយក្នុងនោះលោក ជាកូនទី ៣ ក្នុងគ្រួសារ។
កុមារា វីរៈ ចូលរៀនបឋមសិក្សា អនុវិទ្យាល័យ និងបញ្ចប់ថ្នាក់វិទ្យាល័យនៅឯស្រុកកំណើត។ បន្ទាប់ពីបញ្ចប់ថ្នាក់ទី ១២ យុវជនរូបនេះ ក៏បានធ្វើដំណើរមកបន្តការសិក្សា នៅរាជធានីភ្នំពេញ ដើម្បីរៀនត្រៀមប្រឡងចូលថ្នាក់មហាវិទ្យាល័យ។ យុវជន សួរ វីរៈ បានដាក់ពាក្យចូលរៀនច្រើនកន្លែងដែរ តែជាប់ជាគ្រូបង្រៀន។ ប៉ុន្តែដោយសារការចំណាយច្រើន ហើយពេលនោះគ្រួសារខ្វះខាតផង ទើបបោះបង់ចោល ហើយបានបន្តទៅរស់នៅខេត្តកោះកុង។ ទៅដល់ខេត្តកោះកុង លោក វីរៈ បានបន្តការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងសេដ្ឋកិច្ច។
លោកឧកញ៉ា សួរ វីរៈ បានរំលឹកថា ទៅដល់ខេត្តកោះកុងដំបូង រូបលោកទើបតែមានអាយុ ១៨ឆ្នាំប៉ុណ្ណោះ ហើយពេលនោះ លោកបានជួយលក់ផ្លែឈើ ជាមួយម្ដាយនៅផ្សារខេត្តកោះកុង បន្ទាប់ពីទំនេរពីការសិក្សា។ ប្រហែលជា ១ឆ្នាំក្រោយមក ខេត្តកោះកុងចាប់ផ្ដើមមានភ្ញៀវបរទេស ចូលមកលេង ហើយពេលនោះលោក សួរ វីរៈ ចេះភាសាអង់គ្លេសផង និងដោយសារមានការជំរុញពីបងប្រុស ជាអ្នកដឹកភ្ញៀវទេសចរផង លោកក៏សម្រេចចិត្តធ្វើ ជាអ្នកនាំភ្ញៀវដើរលេងកម្សាន្ដ នាពេលនោះតែម្ដង។
ក្នុងការប្រកបអាជីព ជាអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្តនោះ លោក វីរៈ អាចរកចំណូលក្នុង ១ខែបានប្រមាណ ២០០ ទៅ ៣០០ដុល្លារអាមេរិក។ ចំពោះបញ្ហាប្រឈម សម្រាប់លោកនាពេលនោះ គឺការអ្នកដឹកភ្ញៀវទេសចរដើរលេង ជាអាជីពដំបូងរបស់លោក ហើយពេលនោះក៏មិនសូវមានភ្ញៀវច្រើននោះដែរ។ នៅពេលនោះដែរ លោក សួរ វីរៈ ពុំមានមធ្យោបាយធ្វើដំណើរទៅធ្វើការនោះទេ ដោយត្រូវខ្ចីម៉ូតូរបស់បងប្រុស តែនៅពេលបងប្រុសរវល់ដែរ លោកត្រូវជួលម៉ូតូគេ ដើម្បីជូនភ្ញៀវទេសចរដើរលេងកម្សាន្ដ។
ចំពោះដើមចមដំបូង ដែលនាំឲ្យអ្នកជំនួញរូបនេះ សម្រេចបើកក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ វីរៈប៊ុនថាំ អេចប្រេស នោះ ក៏កើតឡើងបន្ទាប់ពីលោកប្រកបការងារ ជាអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្ដ ផងដែរ។ លោក បានរៀបរាប់ថា នៅពេលលោកជូនភ្ញៀវដើរលេង នៅខេត្តកោះកុងនាជំនាន់នោះ មិនទាន់មានផ្លូវគោកចូលទៅដល់នៅឡើយទេ ដោយអ្នកដែលចង់ទៅខេត្តកោះកុង ត្រូវធ្វើដំណើរតាមផ្លូវទឹក។ នៅក្នុងអំឡុងពេល លោកជូនភ្ញៀវនោះដែរ លោក វីរៈ មានគំនិតថា ចង់បើកឲ្យមានផ្ទះសំណាក់របស់ខ្លួនឯងមួយ ដើម្បីឲ្យភ្ញៀវមកស្នាក់នៅ ពេលពួកគេមកដល់ខេត្តកោះកុង ព្រោះលោកជាអ្នកនាំពួកគេដើរលេងស្រាប់ ហើយលោកក៏ស្គាល់ភ្ញៀវទេសចរណ៍ច្រើន ផងដែរ។
នៅឆ្នាំ ២០០២ លោក វីរៈ បានសន្សំលុយរហូតអាចជួលផ្ទះវីឡាគេមួយ ហើយកែច្នៃផ្ទះនោះជាផ្ទះសំណាក់មាន ១៦បន្ទប់។ ចំពោះភ្ញៀវដែលគេង នៅផ្ទះសំណាក់របស់លោកនោះ គឺភាគច្រើនធ្វើដំណើរបន្តពីខេត្តកោះកុង ទៅកាន់ខេត្តព្រះសីហនុ។ ដូច្នេះនាពេលនោះ លោកស្រម៉ៃថា ប្រសិនបើមានផ្លូវពីខេត្តកោះកុង ទៅរាជធានីភ្នំពេញ និងទៅខេត្តព្រះសីហនុនោះ លោកចង់បើកឲ្យមានក្រុមហ៊ុន ដឹកភ្ញៀវទេសចរដោយឯងតែម្ដង។ ក្រោយមកនៅឆ្នាំ ២០០៤ ក៏មានការតភ្ជាប់ផ្លូវគ្រួសក្រហមពីកោះកុង ទៅខេត្តព្រះសីហនុ ហើយពេលនោះលោកក៏ទិញឡានតួរីសមួយគ្រឿង ដើម្បីដឹកអ្នកដំណើរពីកោះកុង ទៅខេត្តព្រះសីហនុតែម្ដង។
ពីដំបូងលោកត្រូវបើកបរឡានដោយខ្លួនឯងផង និងជូនភ្ញៀវទេសចរដើរលេងកម្សាន្តផង រយៈពេល ៣ខែ រហូតដល់មានកំណើនភ្ញៀវធ្វើដំណើរ ទើបលោក សួរ វីរៈ បានបន្តទិញរថយន្តដឹកអ្នកដំណើរជាបន្តបន្ទាប់ទៀត។ ក្រោយមកទៀត លោកក៏បានពង្រីកការដឹកអ្នកដំណើរពីខេត្តកោះកុង ទៅកាន់រាជធានីភ្នំពេញបន្ថែមទៀត រហូតមកពេលនេះ គឺបានពង្រីកការដឹកជញ្ជូនអ្នកដំណើរ នៅទូទាំង ២៥រាជធានី-ខេត្ត ដោយមានរថយន្តទំនើបៗ ជិត១០០គ្រឿង។
កាលពីពេលកន្លងទៅ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ធ្លាប់ទទួលរងនូវការរិះគន់ អំពីបញ្ហាជួបគ្រោះថ្នាក់ចរាចរណ៍មួយចំនួនដែរ។ ត្រង់ចំណុចនេះ លោកឧកញ៉ា សួរ វីរៈ បានឆ្លើយតបថា កាលពីពេលមុនមក ផ្លូវធ្វើដំណើរនៅក្នុងប្រទេសរបស់យើងមួយចំនួន មានការលំបាក និងកំពុងសាងសងផងដែរ ហើយកត្តាយល់ដឹងរបស់អ្នកបើកបរ ក៏នៅមានកម្រិត ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីសិក្សា រកឬសគល់រួចមកហើយ លោក សួរ វីរៈ ក៏បានបង្កើតឲ្យមានការបណ្ដុះបណ្ដាល និងរៀនសូត្រច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ ក្នុងមួយសប្ដាហ៍ម្ដង សម្រាប់អ្នកបើកបររថយន្តទាំងអស់ នៅក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។ មកដល់ពេលនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយរថយន្តរបស់ វីរៈប៊ុនថាំ អេចប្រេស នៅទូទាំងប្រទេស ស្ទើរតែមិនមានទៀតឡើយ។
បញ្ហាការរាតត្បាតជំងឺកូវីដ-១៩ គឺជាបញ្ហាសកល ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច-សង្គម ទៅលើប្រទេសនានានៅលើពិភពលោក។ មិនខុសគ្នាដែរ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ បញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា សួរ វីរៈ បានជួបប្រឈមដែរ។ ប៉ុន្តែលោកបានបង្វែរស្ថានការណ៍សិន ពីការដឹកជញ្ជូនអ្នកដំណើរ ទៅជាការដឹកជញ្ជូនទំនិញ និងទទួលបញ្ញើរវិញ ហើយក្នុងពេលកូវីដ-១៩ ជិត ២ឆ្នាំមកហើយនេះ អាជីវកម្មនេះ មានការរីកចំរើនជាខ្លាំង។ ដូច្នេះហើយ ទើបធ្វើក្រុមហ៊ុនរបស់លោក នៅតែអាចបន្តស្ថិរភាពល្អ ហើយបុគ្គលិកទាំងអស់នៅតែមានការងាធ្វើ និងទទួលបានប្រាក់ខែដដែល។
បន្ថែមលើនេះនៅចុងខែកក្កដា ឆ្នាំ ២០២១កន្លងទៅនេះ ក្រុមហ៊ុនរបស់លោកឧកញ៉ា សួរ វីរៈ បានជួបបញ្ហាមួយទៀត នោះគឺគ្រោះអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្តអស់ជាច្រើនគ្រឿង។ ចំពោះហេតុការណ៍នេះ លោកឧកញ៉ា សួរ វីរៈ បានតក់ស្លូតដែរ តែគ្មានបំណងចង់បោះបង់នូវមុខជំនួញនេះឡើយ។ លោកបានប្រាប់សហការីថា កុំបាក់ស្មារតី ហើយឡានដែលឆេះនោះ យើងអាចទិញវិញបាន។ លោកថា បើការឆេះឡាននេះ មិនប៉ះពាល់ដល់អ្នកដំណើរ ឬប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញភ្ញៀវទេ វាមិនបានប៉ះពាល់សេវាកម្មរបស់វីរៈប៊ុនថាំ តែវាប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនប៉ុណ្ណោះ។ លោកឧកញ៉ា សួរ វីរៈ បាននិយាយថា «ពេលហ្នឹងយើងកត់ស្លុតដែរ នៅពេលឃើញឡានឆេះច្រើន ហើយវាក៏ចំណាយអស់ច្រើនដែរ តែកម្លាំងចិត្តមួយប្រាប់ថា យើងអស់ទ្រព្យ តែអាជីវកម្មនៅ»។
ក្រោយការតស៊ូពុះពារ អស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានក្លាយជាក្រុមហ៊ុនដឹកអ្នកដំណើរនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា សួរ វីរៈ បាននិយាយដោយមោទនភាពថា បន្ទាប់ពីប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំមកនេះ មកដល់ពេលនេះក្រុមហ៊ុនរបស់លោក បានប្រែក្លាយជាក្រុមហ៊ុនដឹកអ្នកដំណើរ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនដឹកជញ្ជូនបញ្អើរទំនិញឆាប់រហ័ស ទាំងក្នុងប្រទេស និងក្រៅប្រទេសឈានមុខគេមួយផងដែរ។ លោកឧកញ៉ា សួរ វីរៈ បាននិយាយបន្តថា ពីមុនមកក្រុមហ៊ុនរបស់លោក គិតថាប្រកួតប្រជែងតែក្រុមហ៊ុនក្នុងស្រុកទេ តែក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនបញ្អើរទំនិញរបស់លោកដែលមាន ៦០០សាខា បាននិងកំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស ដែលចូលមករកស៊ីក្នុងប្រទេសកម្ពុជាថែមទៀត។
រយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបញ្ញើរទំនិញ របស់លោកឧកញ៉ា សួរ វីរៈ បានពុះពារឧបសគ្គជាច្រើន ហើយក៏បានរៀននូវបទពិសោធន៍នានា ដែលត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស ទាំងផ្នែកសេវាកម្ម បុគ្គលិក ប្រព័ន្ធតិចណូឡូជីជាដើម។ ត្រង់ចំណុចនេះលោកបាននិយាយថា «ជាផ្លែផ្កាមក គឺយើងបានទទួលជោគជ័យច្រើន មកដល់ពេលនេះ ការប្រកួតប្រជែងទោះបីជា មានទំហំធំ តែយើងនៅតែៗ ឈរជាលេខរៀងលំដាប់លេខ ១ នៅស្រុកខ្មែរ អញ្ចឹងវាជាមោទនភាព របស់ប្រជាជនខ្មែរផង ដែលយើងអាចប្រកួតប្រជែង ជាមួយក្រុមហ៊ុនបរទេស ដែលគេមានប្រវត្តិជោគជ័យ នូវស្រុកក្រៅច្រើន ហើយយើងនៅតែអាចឈរជើងបាន ជាលំដាប់ទី ១រហូតដល់ពេលនេះ ហើយក៏ខ្ញុំសង្ឃឹមថា យើងនឹងប្រឹងប្រែងឲ្យនៅលំដាប់លេខ ១ រហូតទៅមុខទៀត»។
បច្ចុប្បន្ននេះលោកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ហើយក៏បានមុខជំនួញផ្សេងទៀតដែរ ដែលលោកចូលចិត្ត គឺមុខជំនាញពាក់ព័ន្ធនឹងដីធ្លី និងការសាងសង Resort។ កាលពីពេលថ្មីៗ នេះ លោកក៏បានបង្កើតផ្សារអេឡិចត្រូនិច VTENH ដែលជាផ្សារលក់ទំនិញតាម Onlineទំនើបផងដែរ។ លោកឧកញ៉ា សួរ វីរៈ បានកត់សម្គាល់ឃើញថា យុវជនជំនាន់ក្រោយភាគច្រើន មានផ្នត់គំនិតចង់បង្កើតអាជីវកម្ម តែពួកគេមានការរារែក។ រារែកក៏ព្រោះតែពួកគេ មិនច្បាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងបញ្ហាធនធានថវិកា និងបទពិសោធន៍។
អ្នកជំនួញកំពុងជោគជ័យ លើវិស័យដឹកជញ្ជូនរូបនេះ បានលើកជាយោបល់ដល់យុវជនជំនាន់ក្រោយថា ប្រសិនចង់បង្កើតអាជីវកម្មមួយថ្មី យុវជនត្រូវច្បាស់ក្នុងចិត្តខ្លួនឯងថាតើ ខ្លួនមានកម្លាំងចិត្តគ្រប់គ្រាន់ឬអត់? ហើយចំណេះដឹង ចំពោះអាជីវកម្មដែលខ្លួនចង់នោះ មានកម្រិតណា? ប្រសិនបើមិនមាន តើថាខ្លួនយើងត្រូវមានអ្នកណា ជួយនាំផ្លូវដែរឬទេ? លោកឧកញ៉ា សួរ វីរៈ បានលើកឡើងទៀតថា ដើម្បីបង្កើតអាជីវកម្មមួយ យើងត្រូវសិក្សាអំពីបរិយាកាសនៃអាជីវកម្មនោះឲ្យច្បាស់ ថាតើផលលំបាកនៃអាជីវកម្មនោះ មានអ្វីខ្លះ? យើងត្រូវគិតអវិជ្ជមានឲ្យបានច្រើន ចំពោះអាជីវកម្មនោះ តែមិនមែនគិតរហូតដល់លែងហ៊ាន ចាប់ផ្ដើមអាជីវកម្មនោះឡើយ ព្រោះអាជីវកម្មណាក៏ដោយក៏ត្រូវប្រថុយដែរ គ្មានអាជីវកម្មណាដែលមិនប្រថុយទេ ត្រូវតែហ៊ានប្រថុយ តែត្រូវគិតអំពីគុណវិបត្តិឲ្យបានច្រើន ដើម្បីយើងគិតទុកឲ្យហើយថា នៅពេលដែលវាមានបញ្ហាកើតឡើង យើងអាចដោះស្រាយវាបាន។
លោកឧកញ៉ា សួរ វីរៈ បានបន្ថែមថា យើងត្រូវហ៊ានប្រថុយប្រថាន តែប្រថុយប្រថានជាមួយគោលការណ៍ច្បាស់លាស់ ហើយកុំប្រថុយដោយអំនួត។ កន្លងមានអ្នកប្រថុយ ដោយអំនួតបានបរាជ័យ ក្នុងអាជីវកម្មរបស់ខ្លួន ដោយមិនបានគិតដោយទទួលខុសត្រូវឡើយ គឺគិតថាដឹងតែបានជោគជ័យ តែការពិតបរិយាកាសនៅក្នុងអាជីវកម្ម គាត់សិក្សាមិនបានអស់នោះទេ ហើយមិនបានព្យាយាមដកពិសោធន៍ពីរាមច្បង។ អ្វីដែលលោកឧកញ៉ា សួរ វីរៈ ឃើញយុវជនមួយចំនួន ទទួលបានជោគជ័យក្នុងអាជីវកម្ម ហើយបានមកជួបលោកដែរនោះ គឺយុវជននោះ ជាយុវជនឆ្លាត ដោយបានសិក្សាអំពីបទពិសោធន៍អ្នកចាប់ផ្ដើមុន និងហ៊ានសួរថា ហេតុអ្វីបានជារាមច្បងបរាជ័យត្រង់ចំណុចនេះ និងហេតុអ្វីបានជារាមច្បង ចាប់ផ្ដើមខុសត្រង់ចំណុចនេះ? ហើយនៅពេលទទួលបានបទពិសោធន៍ និងការណែនាំពីរាមច្បងហើយ យុវជនដែលឆ្លាតនោះ នឹងខិតខំកែតម្រូវ ព្រមទាំងមិនដើរផ្លូវខុសឡើយ ព្រោះគេទទួលបានការបំភ្លឺផ្លូវ ពីរាមច្បងរួចទៅហើយ។
លោកឧកញ៉ា សួរ វីរៈ បានបញ្ចេញទស្សនៈបន្ថែមថា ការមិនបោះបង់នូវគំនិតខ្លួនឯង ក៏ជាចំណុចនាំទៅដល់ភាពជោគជ័យផងដែរ។ អ្នកខ្លះ ចាប់ផ្ដើមអាជីវកម្មភ្លាម មើលទៅមិនចង់ទៅមុខ គាត់ក៏អស់កម្លាំងចិត្ត ហើយមិនបានប្រឹងប្រែង និងពុះពារឲ្យដល់ទីបញ្ចប់នោះទេ គ្រាន់តែចាប់ផ្ដើមភ្លាមមើលទៅរាងធ្លាក់បន្តិច ហើយដល់តង់ទីពីរគាត់ក៏គិតថា ប្រហែលជាទៅមិនរួចទេ ដោយគាត់មិនបានគិតរកនូវចំណុចខ្វះខាត ថា ហេតុអ្វីបានជាអាជីវកម្មខ្លួនមិនទៅមុខ? ដោយសារមិនអភិវឌ្ឍន៍សេវាកម្ម ឬផលិតផលរបស់ខ្លួន ឬយ៉ាងណា? អ្នកខ្លះទៀត គាត់មានឆន្ទៈថា គាត់នឹងធ្វើវាឲ្យបាន តែបែរជាគាត់ធ្វើមិនបានទៅវិញ។ ចំណុចសំខាន់មួយទៀតនោះ គឺមានជំនាញពិតប្រាកដ របស់ខ្លួនឯង។ យើងត្រូវសួរ ថាតើខ្លួនឯងមានជំនាញខាងអាជីវកម្មហ្នឹងឬអត់? ប្រសិនបើខ្លួនឯង មិនមានជំនាញហ្នឹងទេ កុំចំណាយពេលវេលាលើអាជីវកម្មហ្នឹងអី គួរតែឆ្លៀតពេលទៅធ្វើការជាមួយគេ ដើម្បីយកបទពិសោធន៍លើអាជីវកម្មមួយហ្នឹងវិញ ទើបជាការល្អ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន