Connect with us

ព័ត៌មានជាតិ

អន្សម​ខ្មែរ​ផ្សំគ្រឿង​ឆ្ងាញ់​ពិសេស ​មានលក់​នៅ​ខេត្តស្ទឹងត្រែង​ និងតាមអនឡាញ ទទួលការគាំទ្រច្រើន

បានផុស

នៅ

នំអន្សមខ្មែរត្រូវបានយកមកកែច្នៃផ្សំគ្រឿងយ៉ាងពិសេស មានរសជាតិឈ្ងុយឆ្ងាញ់មានលក់នៅខេត្តស្ទឹងត្រែង និងតាមអនឡាញ អ្នកធ្លាប់បានភ្លក់ទទួលស្គាល់ និងស្ងើចសរសើរអំពីរសជាតិនៃអន្សម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វថ្ងៃនេះ គ្រួសារមួយនៅខេត្តស្ទឹងត្រែងបានវេចនំអន្សមលក់នៅផ្ទះក្នុងខេត្តស្ទឹងត្រែងនិងតាមប្រព័ន្ធសង្គមហ្វេសប៊ុក នំអន្សមត្រូវបានកែច្នៃ និងបន្ថែមគ្រឿងផ្សំយ៉ាងពិសេស ធ្វើឲ្យមានរសជាតិខុសប្លែកពីធម្មតាឈ្ងុយឆ្ងាញ់ហើយដាក់លក់តាមអនឡាញរហូតទទួលបានជោគជ័យ។ ថែមទាំងមានអ្នកគាំទ្រកុម្ម៉ង់ច្រើនវេចខ្ចប់នំអន្សមផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅក្រៅខេត្តមិនគ្រប់គ្រាន់តាមតម្រូវការឡើយ។

លោកស្រីង៉ែត សុភា វ័យ ៥៦ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង អ្នកផ្ដើមគំនិតវេចខ្ចប់អន្សមលក់ បានរៀបរាប់ប្រាប់ថា ដើមឡើយលោកស្រីវេចលក់ធម្មតាក្នុងពេលមានជំងឺកូវីដ១៩ ហើយបានដាក់លក់តាមអនឡាញត្រឹម ៣០​នំអន្សមប៉ុណ្ណោះក្នុងមួយថ្ងៃ នំអន្សមមួយលក់តម្លៃមួយម៉ឺនរៀល។

ក្រោយមានអតិថិជនច្រើនគាំទ្រនៅក្នុងខេត្តបានបន្តលក់តាមអនឡាញ ធ្វើឱ្យមានគេស្គាល់កាន់តែច្រើនជក់ចិត្ត និងទទួលស្គាល់រសជាតិឆ្ងាញ់ផងនោះរហូតក្នុងមួយថ្ងៃលោកស្រីវេចចាប់ពី៥០ទៅ៦០គីឡូអង្ករស្មើនំអន្សមពី២៥០ទៅ៣០០នំ។
លោកស្រីបានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា អ្នកដែលកុម្ម៉ង់ទិញនំអន្សមរបស់គាត់ភាគច្រើនគឺជាអ្នកនៅតាមបណ្ដាខេត្តផ្សេងនិងអ្នកទីក្រុងភ្នំពេញ។

អ្នករស់នៅក្នុងខេត្តស្ទឹងត្រែងមួយចំនួនក៏បានកម្មង់នំអន្សមរបស់គាត់យកទៅលក់បន្តផងដែរ។
ចំពោះការវេចខ្ចប់វិញនោះមានអនាម័យហើយផ្សំគ្រឿងដោយគំនិតកែច្នៃខ្លួនឯងមានដាក់ស្នូលពងទាប្រៃ សាច់ជ្រូកបីជាន់ សណ្ដែកខៀវអង្ករដំណើបលេខ១លាងឱ្យស្អាតអប់ស្លឹកតយនិងបន្ថែមគ្រឿងផ្សេងទៀត។

លោកស្រីបានរៀបរាប់ទៀតថា រាល់ថ្ងៃនេះលក់តាមអនឡាញមានគេកុម្ម៉ង់ទិញច្រើនណាស់ធ្វើសឹងមិនទាន់ផង ក្នុងមួយថ្ងៃមានអ្នកជួយវេចខ្ចប់នំរហូតដល់ទៅជិត១០ នាក់ដើម្បីបំពេញតម្រូវការ។ អ្នកស្រី ភា រុណ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែងបានចូលរួមវេចខ្ចប់នំអន្សមនៅផ្ទះ។

លោកស្រីង៉ែតសុភាបានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃគាត់គ្មានការងារធ្វើ បានមកជួយវេចខ្ចប់នំអន្សមនៅផ្ទះលោកស្រីដោយទទួលបានប្រាក់កម្រៃ ៤០.០០០ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ្នកស្រីពិតជារំភើបចិត្តណាស់ដោយមានការងារធ្វើ ជារៀងរាល់ម៉ោង ៧ព្រឹកអ្នកស្រីនិងអ្នកផ្សេងទៀតបានមកដល់ផ្ទះលោកស្រីង៉ាតសុភាដើម្បីជួយវេចខ្ចប់នំនិងចម្អិនដាក់លក់រហូតដល់ថ្ងៃរសៀលទើបរួចរាល់។

លោកស្រីង៉ែតសុភាបាននិយាយបន្ថែមទៀតថា មុខរបរធ្វើនំអន្សមខ្មែរនេះដំបូងឡើយគ្រាន់កែអផ្សុកតែប៉ុណ្ណោះ តែធ្វើយូរៗទៅមានគំនិតច្នៃផ្សំគ្រឿងលក់បន្តិចបន្តួចតាមអនឡាញមិននឹកស្មានថាមានគេកុម្ម៉ង់ទិញច្រើនបែបនេះសោះ។បន្ទាប់ពីតម្រូវការធ្វើនំអន្សមដ៏ច្រើនធ្វើឱ្យគាត់បង្កើតការងារដល់ស្ត្រីពិសេសគឺស្ត្រីមេម៉ាយគ្មានទីពឹងនិងបុរសគ្មានការងារធ្វើដើម្បីទទួលបានប្រាក់ចំណូលដោះស្រាយជីវភាពរបស់ពួកគេ។

សូមរំឭកថា ពិធីបុណ្យចូលឆ្នាំខ្មែរធ្វើឡើងនៅខែមេសាជារៀងរាល់ឆ្នាំ សង្គមខ្មែរតែងតែវេចនំអន្សមនៅតាមគ្រួសារនីមួយៗទុកទទួលទាន ឬយកទៅវត្ត។

អន្សមគឺជាប្រពៃណីខ្មែរស្ទើគ្រប់រូបនៅក្នុងក្រុមគ្រួសារ តែងតែវេចនៅពេលមាន បុណ្យទានដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ រៀបពិធីអាពាហ៍ពិពាហ៍ជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម