ពេលសាកល្បងការងារមានពីរបីទៅ៦ខែតាមតំណែង និងតាមបទវិន័យផ្ទៃក្នុងរបស់ក្រុមហ៊ុននិមួយៗ។ ជាទូទៅយើងចាប់ផ្តើមថ្ងៃដំបូងដោយមានអារម្មណ៍ជឿជាក់ ចំពោះសមត្ថភាពខ្លួនឯង ព្រោះមិនខ្លាំងម៉េចនឹងជាប់?
ប៉ុន្តែបន្ទាប់ពីស្គាល់អ្នកគ្រប់គ្រង មិត្តរួមការងារ ស្គាល់ថាមុខងារខ្លួននឹង ត្រូវទទួលខុសត្រូវអ្វីខ្លះ បុគ្គលិកថ្មីៗចាប់ផ្តើមកើតគំនិតព្រួយបារម្ភចំពោះការងារ។ ការខ្លាចរអាក្នុងការសួរនាំបញ្ចេញយោបល់ និងការខ្លាចមានកំហុសក្នុងអំឡុងពេលនេះ ភាគច្រើនធ្វើឱ្យបុគ្គលិកថ្មី មានអារម្មណ៍តានតឹង ធុញទ្រាន់ និង តូចចិត្ត។
ឆ្លងកាត់ដោយជោគជ័យ នូវដំណាក់កាលសាកល្បងការងារនៅកន្លែងធ្វើការថ្មី អាចជាផ្នែកមួយដ៏លំបាកព្រោះយើងមិនស្គាល់អ្នកណា មិនដឹងអំពីវប្បធម៌ទីនោះ ព្រមទំាំងភាគីទំាងសង គឺចៅហ្វាយនិងបុគ្គលិក មិនទាន់ស្គាល់ចិត្តគ្នា។
យុទ្ធសាស្រ្តមួយចំនួនដែលជួយបានគឺ ដំបូងបង្អស់ បុគ្គលិកថ្មីត្រូវស្វែងយល់ពីវិធីអាចជំនៈ ភាពតានតឹងនិងរក្សាលំនឹងចិត្ត កុំរំជួលចិត្តពេក កុំពិបាកចិត្តពេក ក៏កុំប្រហែសពេក។
បើ់យើងនិយាយថា កង្វះនៃការលើកទឹកចិត្តកំពុងតែកើតមានឡើង ខាងគេក៏អាចចាត់ទុកវិញបានថា
យើងមានចរិតមិនត្រឹមត្រូវសម្រាប់ការងារ ចូលមកដល់ភ្លាមវាយតម្លៃអវិជ្ជមានកន្លែងគេភ្លាម។
គួរតែប្រាប់ខ្លួនឯងជានិច្ចថាគ្រប់យ៉ាងសុទ្ធតែអាចកែលម្អបាន ប្រសិនយើងមានអាកប្បកិរិយាត្រឹមត្រូវនិងមានការប្តេជ្ញាចិត្ត។ យុទ្ធសាស្រ្តធំមួយដែលតែងតែមានប្រសិទ្ធិភាពសម្រាប់ឆ្លងកាត់ការសាកល្បង គឺការធ្វើការតាមវិជ្ជាជីវៈ។
តាមវិជ្ជាជីវៈ?
បាទ គឺ ធ្វើយ៉ាងណាកុំប្រលូករឿងក្រៅការងារឧទាហរណ៍ ការនិយាយដើមគ្នា ការរិះគន់ ចេចចូចឬ បង្កើតស្នេហា ឬបង្កជម្លោះ។ល។ យើងមិនត្រូវសិ្នទ្ធពេកឬព្រងើយពេកជាមួយអ្នកគ្រប់គ្នានោះដែរ។
យុទ្ធសាស្ត្រធំមួយទៀត គឺការបង្កើតចំណាប់អារម្មណ៍ដោយប្រឹងអស់ពីលទ្ធភាព រាល់ការងារដែលថ្នាក់លើដាក់ឱ្យ មានភាសាកាយវិការវិជ្ជមាន និងមានទស្សនៈវិជ្ជមានលើកាលៈទេសៈនានាដែលខ្លួនឆ្លងកាត់។ គ្មានអ្នកណាម្នាក់អាចធ្វើទង្វើអវិជ្ជមានមកលើបុគ្គលដែលតែងតែមានសកម្មភាពវិជ្ជមានជាមួយគេនោះទេ។
ចូររើសយកវិធីស្លៀកពាក់ប្រកបដោយភាពឆ្លាតវៃ បង្ហាញថាយើងផ្តល់តម្លៃនិងយកចិត្តទុកដាក់ចំពោះខ្លួនឯងនិងមុខការងារយើង។ គោរពពេលវេលាចូលមុនចេញក្រោយ បើកុងត្រាសល់តែមួយគេនឹងប្រគល់ឱ្យយើង។
ចាំថា ដំណាក់កាលនេះ ត្រូវសកម្មខ្លាំងធ្វើមួយចប់រកមួយទៀតធ្វើ! កុំរង់ចាំឱ្យអ្នកសផ្សេងទៀតប្រាប់ដាស់តឿន ព្រោះនេះជាដំណាក់កាលដែលគេពិនិត្យយើងម៉ត់ចត់ គ្មាននិយោជកឬមន្ត្រីធនធានមនុស្សណា ចង់បាត់មនុស្សល្អ ឬចង់កុងត្រាបុគ្គលិកយ៉ាប់ៗទេ។
យុទ្ធសាស្ត្រចុងក្រោយ យុទ្ធសាស្ត្រស្លាប់រស់!
ចូរស្រលាញ់ក្រុមហ៊ុនដែលយើងកំពុងជ្រក បើមិនទេ ដើរចេញទៅព្រោះ ធ្វើអ្វីមួយដែលយើងមិនគោរពស្រលាញ់ វាគ្មានថ្ងៃជោគជ័យឡើយ។ មនុស្សដែលមានចរិតជិះក្របីឆ្លងភក់ តែងតែប្រលាក់ស្រម៉ក ចំណែកអ្នកដែលនៅឯណារីកចម្រើនទីនោះ និយាយល្អពីទីនោះ ទៅដល់ណាក៏មានគេស្វាគមន៍ដៃពីរទទួល។
សង្ឃឹមអត្ថបទនេះ កែប្រែការគិតរបស់អ្នក! បើមែន Share ឱ្យខ្មែរយើងជំនាន់ក្រោយយល់ផង!
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើងធ្វើជាមេដឹកនាំ