អាជីព
អតីតនិស្សិតអក្សរសាស្រ្តអង់គ្លេសម្នាក់ ក្លាយជាអ្នកចងក្រងសហគមន៍កសិកម្មលេចធ្លោក្នុងខេត្តចំនួនពីរ
អតីតនិស្សិតអក្សរសាស្រ្តអង់គ្លេសម្នាក់ ក្លាយទៅជាអ្នកចងក្រងសហគមន៍កសិកម្មដ៏លេចធ្លោមួយរូប នៅក្នុងខេត្តសៀមរាប និងបាត់ដំបង។ ត្បិតមិនមែនជាអ្នករៀនខាងកសិកម្មក៏ពិតមែន ក៏ប៉ុន្តែយុវជនរូបនេះ បានលើកឡើងថា វិស័យកសិកម្មមានតួនាទីយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។
សម្បុរខ្មៅស្រអែមរាងខ្ពស់បន្តិចលោក ញ៉ សុភាព កាលពីថ្ងៃទី ៨ ខែមេសា បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា មុនពេលប្រឡូកក្នុងវិស័យកសិកម្ម លោកគឺជាអតីតបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ ក៏ប៉ុន្តែអ្វីដែលជំរុញឲ្យលោកចូលរួមជ្រោមជ្រែងកសិករក្នុងខេត្តសៀមរាប និងបាត់ដំបង តាមរយៈការប្រមូលផ្ដុំ និងចងក្រងសហគមន៍កសិករនេះ គឺបន្ទាប់ពីលោកមើលឃើញថា វិស័យនេះរងផលប៉ពាល់យ៉ាងខ្លាំងនៅក្នុងបរិបទកូវីដ-១៩ និងមួយចំណែកទៀតគឺដោយសារតែលោកមានឈាមជ័រជាអ្នកធ្វើកសិកម្ម។
លោកថា «ក្នុងអំឡុងពេលកូវីដ ខ្ញុំតែងគិតថាក្នុងនាមយើងជាយុវជនម្នាក់ ដែលពោរពេញទៅដោយសក្កានុពលក្នុងការជួយគាត់ តែបែរជាយើងមិនអាចជួយគាត់បាន ដូច្នេះពេលត្រឡប់មកពីប្រទេសនេប៉ាល់ វិញខ្ញុំក៏ចាប់ផ្ដើមចាប់យកវិស័យកសិកម្មតែម្ដង។
បុរសមាឌមាំសម្បុខ្មៅស្រគាំរូបនេះបានឲ្យដឹងទៀតថា ក្នុងការចងក្រងកសិករជាសហគមន៍មួយដ៏រឹងមាំបាន លោកត្រូវដើរតួរជាកសិករផង ជាឈ្មួញផង និងជាប្រធានក្រុមផង។ ពោលគឺលោកត្រូវរៀបចំផែនការក្នុងការសម្អាតដី រួមជាមួយនឹងការប្រឹក្សាបច្ចេកទេសដល់សមាជិកក្រុម ហើយនៅពេលចាប់ផ្ដើមប្រមូលផល លោកត្រូវជួយរកទីផ្សារដើម្បីលក់ផលិតផលកសិកម្មទាំងនោះបន្ថែមទៀត។
លោកបញ្ជាក់ថា «អ្វីដែលធ្វើរាល់ថ្ងៃខ្ញុំមិនលម្អៀងទៅកាន់ខាងណាមួយទេ គឺធ្វើក្នុងនាមជាកសិករផង ជាប្រធានក្រុមផង និងជាឈ្មួញដើរប្រមូលទិញផលិតផលពីកសិករ»។
បើតាមលោក ញ៉ សុភាព មូលហេតុដែលកសិផលរបស់កសិករមួយចំនួន មិនមានទីផ្សារគឺដោយសារតែកសិករភាគច្រើន គាត់មានចំណេះដឹងតិចតួចទាក់ទងនឹងបច្ចេកទេស ក្នុងការដាំដុះ ដែលវាជាមូលហេតុធ្វើឲ្យការផលិតរបស់កសិករទាំងនោះ នៅមិនទាន់បានឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការទីផ្សារ ហើយការផ្គត់ផ្គង់ក៏មិនគ្រប់គ្រាន់។ លោកថាមកដល់ពេលនេះលោកបានចងក្រងកសិករជាក្រុមៗក្នុងខេត្តប្រមាណចំនួន ៥ ដែលក្នុងនោះខេត្តសៀមរាប និងបាត់ដំបងមានចំនួនច្រើនជាងគេ និងមានសមាជិកក្នុងក្រុមនីមួយៗប្រហែល ៣០នាក់។ លោកបន្ថែមទៀតថា ការចងក្រងកសិករជាសហគមន៍បែបនេះ មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យតម្លៃកសិផលរបស់ពួកគេមានស្ថេរភាព។
បច្ចុប្បន្នលោកកំពុងអនុវត្តការដាំស្លឹកគ្រៃភ្លុកដំរី លើផ្ទៃដីចំនួន ៦០សិបហិចតា ដោយក្នុងនោះខេត្តសៀមរាបលាតសន្ធឹងលើផ្ទៃដី ៣០ហិកតា។ ចំណែកក្នុងខេត្តបាត់ដំបង ក៏ស្ថិតនៅក្នុងផ្ទៃដីប្រមាណ ៣០ហិកតាដូចគ្នា។ លោកបានឲ្យដឹងទៀតថា ក្រៅតែពីការលើកកម្ពស់ឲ្យកសិករចងក្រងជាសហគមន៍ លោកក៏មានគម្រោងបន្ថែមទាក់ទងនឹងកាដាំគល់ស្លឹកគ្រៃ នៅលើផ្ទៃដីប្រមាណ ១៥០ហិកតា ស្ថិតនៅក្នុងខេត្តបាត់ដំបង សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសផងដែរ។
លោកបញ្ជាក់ថា «ខ្ញុំក៏មានគម្រោងដាំស្លឹកគ្រៃលើផ្ទៃដីប្រមាណជា ១៥០ហិចតាទៀត នៅខេត្តបាត់ដំបង ដើម្បីត្រៀមផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ»។
គិតត្រឹមឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចងក្រងសហគមន៍កសិកម្មចំនួន ១២១៧សហគមន៍នៅទូទាំងប្រទេស និងមានសហភាពសហគមន៍កសិកម្មចំនួន ១៥ដែលមានសហគមន៍កសិកម្មជាសមាជិកចំនួន ២៧២។ ក្នុងនោះមានសហគមន៍ចិញ្ចឹមសត្វ សហគមន៍ដំណាំកសិឧស្សហកម្ម និងដំណាំបន្លែសុវត្ថិភាពចំនួន ២៩៣សហគមន៍៕
អត្ថបទ៖ លន់ សេនី





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ