ព័ត៌មានជាតិ
វិស័យតែងនិពន្ធប៉ុន្មានឆ្នាំចុងក្រោយ ស្ថិតលើផ្លូវវិជ្ជមាន
កំណើនអ្នកអានសៀវភៅ បានធ្វើឲ្យវិស័យតែងនិពន្ធកាន់តែរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមអ្នកជំនាញមើលឃើញថា បច្ចុប្បន្នការបោះពុម្ពសៀវភៅមានការផុសផុលខ្លាំង តាមលក្ខណៈស្តង់ដាពីរ គឺបែបខ្មែរ នឹងឈានទៅរកបែបបរទេស ដែលមានស្ថានភាពល្អប្រសើជាងប៉ុន្មានឆ្នាំមុន។
ប៉ុន្តែយ៉ាងណាក៏មានមតិមួយចំនួនលើកឡើងថា វិស័យតែងនិពន្ធនៅកម្ពុជា នៅមានកម្រិត ដែលទាមទារឲ្យអ្នកនិពន្ធពង្រឹងគុណភាពតែងនិពន្ធបន្ថែមទៀត។ យ៉ាងនេះក្តី ក្រុមអ្នកជំនាញក៏កោតសរសើរថា ការផុសផុលក្នុងវិស័យតែងនិពន្ធ ផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋខ្មែរបានរៀនសូត្របន្ថែម។
លោក ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ ទទួលបន្ទុកជាប្រធានគណៈកម្មការស្រាវជ្រាវ និងបោះពុម្ពផ្សាយ បានប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍ថា ប្រសិនបើមើលតែមួយជ្រុង គេមិនអាចវាយតម្លៃពីគុណភាពការតែងនិពន្ធបាននោះទេ ព្រោះតែអ្នកនិពន្ធម្នាក់ត្រូវមានចំណេះជំនាញលើផ្នែករបស់ខ្លួន ប្រសិនបើអ្នកនិពន្ធមិនមានចំណេះដឹងគ្រប់គ្រាន់ នោះទេ ក៏មិនអាចសរសេរបានដែរ។
លោក ឡឹក ជំនោរបញ្ជាក់ថា បើគិតថាសៀវភៅសព្វថ្ងៃគ្មានគុណភាព ឬ គុណភាពនៅខ្សោយ មានកម្រិតគឺមិនអាចថាបានទាំងស្រុង នោះទេ ដោយសារតែអ្នកនិពន្ធមួយចំនួនច្រើន គេមានជំនាញរបស់គេផ្ទាល់ខ្លួន ឬក៏គ្រាន់តែអានផ្នែកណាមួយ ហើយគិតថាពួកគាត់នៅមានកម្រិតមិនគឺមែននោះទេ។
លោកថ្លែងថា “ដូចខ្ញុំ ជាអ្នកអប់រំ ខ្ញុំមិនអាចសរសេរ ប្រវត្តិសាស្ត្របានភ្លាមទេ បើគ្មានការស្រាវជ្រាវ ប៉ុន្តែយើងត្រឡប់ទៅសួរខ្លួនឯងវិញថា តើការនិពន្ធរបស់ពួកគាត់ម្នាក់ៗ គាត់និពន្ធ តម្រូវទីផ្សារ និពន្ធតម្រូវអារម្មណ៍មនុស្ស និងសង្គមបែបណា តែបណ្ណឹងទេ”។
ម្ចាស់ស្នាដៃសៀវភៅ «ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ» កញ្ញា គឹម ឌីណា បានលើកឡើងថា មានសៀវភៅខ្លះក៏ធ្វើបានល្អ ហើយខ្លះក៏មិនទាន់បានល្អ ប៉ុន្តែសំខាន់នៅពេលនេះ គឺទៅលើប្រភេទនៃអ្នកអាន ឧទាហរណ៍ថា កញ្ញាចូលចិត្តអានសៀវភៅប្រភេទបែបប្រលោមលោក បែបស្នេហា ប្រសិនបើខ្លួនអានហើយខ្លួនចូលចិត្ត និងសប្បាយចិត្ត រឿងបែបនេះហើយ ដែលនាងគិតថាល្អ។
កញ្ញា បានប្រាប់ថា ដើម្បីពង្រឹងស្នាដៃសៀវភៅរបស់ខ្លួន គឺពិនិត្យទៅលើស្នាដៃពីមុនយ៉ាងណាខ្លះ ដូចជាការៀបរាប់ ពិពណ៌នា ឬសាច់រឿងយ៉ាងម៉េចខ្លះ ហើយប្រសិនបើមានស្នាដៃទី២ ខ្លួនគិតថា គួរតែបន្ថែមអ្វីទៀត ហើយម្យ៉ាងទៀត ក៏នាងព្យាយាមសាកសួរយោបល់ពីរៀមច្បងឲ្យជួយកែលម្អផងដែរ។
លោក សួង ម៉ាក់ អ្នកនិពន្ធរឿងប្រលោមលោក យល់ឃើញថា សៀវភៅនៅស្រុកខ្មែរ នៅពេលដែលចេញផ្សាយ ឬបោះពុម្ពម្តងៗមិនទាន់មានស្ថាប័នណាត្រួតពិនិត្យនោះទេ អញ្ចឹងហើយ ស្នាដៃនិពន្ធនីមួយៗ គឺទៅតាមទឹកដៃ សមត្ថភាពរបស់អ្នកនិពន្ធនីមួយៗ ចំពោះលោកពិបាកសន្និដ្ឋានថាស្នាដៃរបស់នរណាល្អ ឬមិនល្អ ពីព្រោះវាផ្អែកទៅតាមលក្ខណ្ឌ របស់អ្នកអាន ប្រសិនបើអ្នកអានគាត់ពេញចិត្តអ្វីមួយ គាត់ទិញយកមកអានគាត់ចូលចិត្ត ក៏បន្តទិញ។
ចំពោះស្នាដៃរបស់អ្នកនិពន្ធ លោកគិតថា វាអាស្រ័យទៅតាមស្នាដៃរបស់អ្នកនិពន្ធដែរ ព្រោះអ្នកនិពន្ធខ្លះគាត់មានអ្នកគាំទ្រម្រិយមិត្តផ្ទាល់ខ្លួន។ គេអាចគិតថា ស្នាដៃរបស់អ្នកនិពន្ធហ្នឹងអត់ល្អ ប៉ុន្តែសម្រាប់អ្នកគាំទ្រថាល្អអញ្ចឹងអាស្រ័យលើអ្នកអានដែរ។
លោក សួង ម៉ាក់ ប្រាប់ថា ព្យាយាមកែប្រែនូវអ្វីដែលជាកំហុស ប្រសិនបើទទួលមតិយោបល់ពីអ្នកអាន ដើម្បីពង្រឹងសមត្ថភាពស្នាដៃទៅមុខទៀត។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ ក៏ទទួលស្គាល់ថា ស្តង់ដាសៀវភៅកម្ពុជានៅមានកម្រិតទៅលើការជ្រើសរើសប្រភេទក្រដាស ឯកសារឲ្យបានត្រឹមត្រូវ ប៉ុន្តែលោកថា បច្ចុប្បន្នមានលក្ខណៈល្អប្រសើខ្លាំង បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន។
លោកថា សព្វថ្ងៃនេះការបោះពុម្ពមានការផុសផុលបំផុតហើយលោកនៅតែកោតសរសើរថា អ្នកនិពន្ធក្លាហានហ៊ានសរសេរទោះបី ឃើញថាវិស័យនេះ វាមិនអាចផ្គត់ផ្គង់បាន ១ រយភាគរយ ប៉ុន្តែអ្នកនិពន្ធសៀវភៅណាមួយ បើមើលឃើញថា ទីផ្សារល្អ គាត់សរសេរ ហើយបកប្រែចេញមក បានន័យថាគាត់មានទីផ្សារហើយ ឃើញថាគាត់រស់បានស្រួលដែរ បើគាត់មានអ្នកត្រូវចិត្ត។ ការខ្វះចន្លោះនោះគឺ ទាមទារត្រូវការរៀបចំឲ្យមានអ្នកត្រួតពិនិត្យ បណ្ណាធិការ ឲ្យបានត្រឹមត្រូវ ការប្រើប្រាស់ពាក្យពេចន៍ តាមវចនានុក្រម និងពាក្យពេចន៍ណា ដែលមានឥទ្ធិពលមិនល្អដល់អ្នកអាន។
សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា និងជាអ្នកនិពន្ធ លោក ប៉ា ចន្ទរឿន បានលើកឡើងដែរថា ស្ថានភាពតែងនិពន្ធនៅកម្ពុជា គឺវាអាស្រ័យទៅលើប្រភេទសៀវភៅ បើនិយាយពីសៀវភៅដែលមានច្រើននៅស្រុកខ្មែរ សព្វថ្ងៃមានតែសៀវភៅប្រលោមលោក និងសៀវភៅការអភិវឌ្ឍបុគ្គលិកលក្ខណៈ។
លោកថា នៅកម្ពុជា មិនសូវមានអ្នកនិពន្ធ ឬគ្រូបណ្តុះបណ្តាល ជំនាញអ្នកនិពន្ធទេ ពីមុន ទើបតែ ប្រមាណជា ៤ ឬ ៥ ឆ្នាំចុងក្រោយនេះ មានការលេចឡើងនូវគ្រូបណ្តុះបណ្តាល ក៏ដូចជាស្ថាប័នគ្រឹះស្ថានបោះពុម្ពសៀវភៅមួយចំនួន ភាគច្រើនគឺគាត់បកប្រែសៀវភៅអភិវឌ្ឍខ្លួន ពីភាសារអង់គ្លេស និងភាសារថៃ។
លោកថា សៀវភៅខ្លះគឺពួកគាត់បកប្រែមិនបានត្រឹមត្រូវ ដោយសារតែសមត្ថភាពបកប្រែរបស់គាត់ នៅមានកម្រិត ហើយការយល់ដឹងពីភាពខុសគ្នានៃវប្បធម៌ របស់អ្នកនិពន្ធនៅក្នុងសៀវភៅ នឹងវប្បធម៌ខ្មែរ។ ប៉ុន្តែយ៉ាងណាលោកនៅតែកោតសរសើការផ្តួចផ្តើម ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការ បកប្រែ និងបោះពុម្ពសៀវភៅកន្លងមកជាភាសារខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរយុវជនបានអាន នឹងរៀនសូត្របន្ថែម។
លោកថា អ្វីដែលគួរធ្វើបន្ទាប់ គឺអ្នកនិពន្ធនាំគ្នាពិភាក្សាជួបជុំអ្នកជំនាញទាំងភាសារអង់គ្លេស ទាំងការបកប្រែដើម្បីជួយសម្រួលឃ្លោងឃ្លាគ្នា ខ្លឹមសារ និងពាក្យពេចន៍ឲ្យមានលក្ខណៈ ងាយស្រួលអាន និងងាយយល់ ដើម្បីឲ្យប្រជាពលរដ្ឋអានសៀវភៅទៅ មានភាពងាយស្រួលក្នុងការអាននឹងយល់ដឹង៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ