អាជីព
កំហុសទាំង ៧ នៃសិល្បៈគ្រប់គ្រងមនុស្សដែលនាំឲ្យភាពជាអ្នកដឹកនាំចុះខ្សោយ
បរាជ័យរមែងកើតឡើងមុននឹងជោគជ័យ តែបើមានចំណុចទំាង៧យ៉ាងនេះ បរាជ័យជាលទ្ធផលចុងក្រោយ។
១. មិនស្គាល់បុគ្គលិកខ្លួនឯង

មិនស្គាល់បុគ្គលិកជាមនុស្សប្រភេទណា មានតម្រូវការអ្វីខ្លះ និងមានទុក្ខធុរៈអ្វី នោះជាភាពបរាជ័យដែលអ្នកដឹកនាំមាន។ ជាមេគេ បើមិនដឹងអ្នកក្រោមបង្គាប់ខ្លួនជានរណាផង តើអាចដឹកនាំក្រុមបានយ៉ាងម៉េចនឹងកើត? ជាមេគេ គួរស្គាល់បុគ្គលិកខ្លួនឲ្យច្បាស់ មិនមែនស្គាល់តែឈ្មោះនិងតួនាទីរបស់ពួកគេ ហើយក៏ចប់នោះទេ។
២. មិនផ្ដល់ការណែនាំការងារឲ្យបានច្បាស់
លទ្ធផលការងារពុំមានគុណភាព អាចមិនមែនដោយសារនិយោជិក តែវាដោយសារអ្នកដឹកនាំក្រុម។ មុនពេលឲ្យតួនាទីទៅកាន់បុគ្គលិក និងមុនពេលឲ្យពួកគេអ្វើអ្វីមួយ ត្រូវបញ្ជាក់ឲ្យបានច្បាស់ពីកិច្ចការដែលត្រូវបំពេញ។ មិនមែនចេះតែប្រើបុគ្គលិកទាំងដែលពួកគេមិនដឹងក្បាលកន្ទុយ ហើយចង់បានលទ្ធផលល្អនោះទេ។ បែបនេះបើភារកិច្ចមិនជោគជ័យ កុំបន្ទោសពួកគេ តែត្រូវស្ដីថាឲ្យខ្លួនឯង។
៣. មិនអើពើដោះស្រាយបញ្ហា

អ្នកគ្រប់គ្រងមួយចំនួនមានទម្លាប់សង្ឃឹមថា បញ្ហាជម្លោះឬការខ្វែងគំនិតគ្នាក្នុងចំណោមបុគ្គលិកនឹងបាត់ទៅវិញដោយខ្លួនឯង ហើយបណ្ដោយឲ្យរឿងហេតុបន្តទៅជាដំបៅ។ ការមិនអើពើបែបនេះ វាមិនមែនជាដំណោះស្រាយល្អឡើយ ផ្ទុយទៅវិញវានឹងកាន់តែអាក្រក់ទៅៗ បើមិនមានអន្តរាគមន៍សមស្របពីថ្នាក់ដឹកនាំទេ។ អសមត្ថភាពនៃការស្រាយជម្លោះផ្ទៃក្នុង ជាមូលហេតុនាំឲ្យអ្នកគ្រប់គ្រងបរាជ័យក្នុងការដឹកនាំជារឿយៗ។
៤. ព្យាយាមធ្វើមិត្តជាមួយបុគ្គលិករណបរាយការណ៍យកមុខ
ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកមិនអាចបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយតែនិយោជិកដែលរាយការណ៍មកអ្នកនោះទេ។ ទង្វើបែបនេះកំពុងបញ្ជាក់ថា អ្នកជាមេកោយដែលមានភាពលម្អៀង ត្រចៀកស និងកំពុងបំបែកមិត្តភាពខ្លួនជាមួយបុគ្គលិកដទៃ។ ការនិយាយដើមមិនល្អ អេចអូញចាក់ចេកចាក់ស្ករ ជាអ្វីដែលថ្នាក់ដឹកនាំមិនគួរស្ដាប់ឡើយ។
៥. មិនចេះសង្កេតរកព័ត៌មានពិតសំខាន់ៗ
ជាទូទៅគ្រប់អង្គភាព ឬស្ថាប័ន សុទ្ធតែមានព័ត៌មានខ្លះត្រូវរក្សាជាការសម្ងាត់របស់ខ្លួន។ ជាអ្នកដឹកនាំ អ្នកប្រហែលជាត្រូវបានថ្នាក់លើស្នើសុំឲ្យទុកព័ត៌មានមួយរយៈ ហើយចែករំលែកនូវអ្វីដែលអាចចែករំលែកបាន។ ប៉ុន្តែបើអ្នកដឹងអ្វី រួចនិយាយទាំងអស់ អ្នកចប់មិនខាន។ មួយវិញទៀត អ្នកជាមេគេ នៅពេលរាយការណ៍ជូនថ្នាក់លើ គួរចេះសង្ខេបរបាយការណ៍សំខាន់ៗផង។
៦. បង្ហាញទង្វើមិនស្មើភាពចំពោះបុគ្គលិក

បើនៅក្នុងអារម្មណ៍ អ្នកមិនចាំបាច់គិតចំពោះនិយោជិកគ្រប់រូបដូចគ្នាក៏បាន ប៉ុន្តែបើជាការប្រព្រឹត្តគឺត្រូវតែមានចំពោះពួកគេស្មើៗគ្នា។ កាលណាសម្ដែងសកម្មភាពមិនដូចគ្នា វាជាមូលហេតុដែលនាំឲ្យបុគ្គលិកស្អប់គ្នា ឈ្នានីស ហើយគុំគួនអ្នកគ្រប់គ្រងថែមទៀត។ ក្រៅពីនោះ បុគ្គលិកមិនសូវខំធ្វើការផងដែរ។
៧. ទុកបុគ្គលិកល្អៗចោលយូរពេករហូតគេលែងមានចិត្តចង់ជួយ
មានចរិតមិនទទួលខុសត្រូវចំពោះបញ្ហា ជាពិសេសពេលមានរឿងមិនល្អម្ដងៗតែងតែបន្ទោសអ្នកថ្នាក់ក្រោមខ្លួន។ នៅចំពោះមុខថ្នាក់លើ មិនចេះលើកសរសើរបុគ្គលិក ហើយយកតែល្អខ្លួនឯង។ ជាមេកោយដែលមិនខ្វល់ពីការអភិវឌ្ឍសមត្ថភាពអ្នកក្រោមបង្គាប់ ទាំងនេះក៏ជាហេតុធ្វើឲ្យខ្លួនមិនអាចក្លាយជាអ្នកដឹកនាំជោគជ័យបាន ព្រោះតែចរិតចង់ល្អតែឯងហើយជាន់ពន្លិចអ្នកដទៃ៕
ប្រែសសម្រួល៖ សន្យា
ប្រភព៖ The Balance Careers
ចុចអាន៖រៀនបង្កើតអារម្មណ៍ថា កន្លែងធ្វើការរបស់ខ្ញុំមានសុវត្ថិភាព
ចុចអាន៖បង្កើតវប្បធម៌«ស្ដាប់បុគ្គលិកនិយាយ»បានប្រយោជន៍អីខ្លះ?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់