សន្តិសុខសង្គម
ចោទបុរសម្នាក់ជាគ្រូធ្មប់ បងប្អូនបង្កើត៣នាក់ព្រួតកាប់សម្លាប់ជនរងគ្រោះរួចអូសកប់ក្នុងកំផ្លោក
ជនដៃដល់ពីរនាក់បងប្អូនបង្កើតត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន និងម្នាក់ទៀតកំពុងគេចខ្លួន បន្ទាប់ពីព្រួតគ្នាកាប់សម្លាប់បុរសម្នាក់ ដែលពួកគេចោទប្រកាន់ថា ជនរងគ្រោះជាគ្រូអាបធ្មប់ ខណៈជនរងគ្រោះកំពុងអង្គុយលេងមាត់ប្រឡាយតែម្នាក់ឯង។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចលើផ្លូវព្រែកកំពង់រទេះ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានចំនួន៣នាក់ ជាបងប្អូនបង្កើតនឹងគ្នា (ឃាត់ខ្លួន២នាក់ គេចខ្លួន១នាក់)រួមមាន៖
១-ឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ២-ឈ្មោះ ផន សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិ អណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ៣-ឈ្មោះ ផន សីឡូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅស្នាក់នៅផ្ទះបន្ទប់ជួល សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន) ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៦ព្រឹក ព្រឹកឈ្មោះ ចន ចាន់ណយ ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះបានទៅរាយការណ៍ប្រាប់មេភូមិកំពង់រទេះថា បានបាត់ឪពុកចុងរបស់ខ្លួន (ជនរងគ្រោះ) ពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ និងឃើញមានស្នាមឈាម នៅលើដីផ្លូវចុះកំពង់ទឹកក្បែរស្ពានកំពង់រទេះ។ បន្ទាប់មកលោកមេភូមិកំពង់រទេះបានទៅមើលនៅលើផ្លូវចុះកំពង់ទឹកព្រែកកំពុងរទេះ បានឃើញមានស្នាមឈាមច្រើន ភ្លាមនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ឃើញជនរងគ្រោះត្រូវគេសម្លាប់រួចអូសចូលក្នុងប្រឡាយនិងយកកំផ្លោកកប់ពីលើ។
តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ ផន សីហាក់ ហៅផៃ បានសារភាពថា នៅវេលាកើតហេតុខាងលើ រូបខ្លួននិងប្អូនប្រុសបង្កើតពីរនាក់ទៀត បាននាំគ្នាទិញស្រាបៀរ ចំនួនកន្លះកេស យកមកផឹកនៅក្នុងផ្ទះខ្លួន ពេលដែលកំពុងផឹកស្រាបៀអស់ម្នាក់ពីរទៅបីកំប៉ុង ប្អូនប្រុសឈ្មោះ ផន សីហា បាននិយាយប្រាប់ខ្លួននិងប្អូនប្រុសម្នាក់ទៀតថា អំមិញអញឃើញអាគ្រូធ្មប់(ជនរងគ្រោះ) ដើរកាត់មុខផ្ទះទៅត្បូង។ បានមួយសន្ទុះជនដៃដល់ឈ្មោះ ផន សីហា ចេញទៅនោមខាងក្រៅផ្ទះ រួចក៏ត្រឡប់ចូលមកវិញបាននិយាយប្រាប់ថា អាធ្មប់វាកំពុងអង្គុយនៅលើផ្លូវមាត់ព្រែក! ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីហា បានយកញញួរដងធ្វើពីឈើផ្លែដែក ចំណែកខ្លួនបានយកកាំបិតកញ្ចែតដងធ្វើពីឬស្សីប្រវែង៥៥cm សម្រាប់ហាន់ដើមចេក មកកាន់និងដៃ រីឯជនសង្ស័យឈ្មោះ ផន សីឡូត ពុំមានកាន់អ្វីនិងដៃទេមានពាក់នាឡិកា។ បន្ទាប់មកពួកខ្លួនបានដើរសំដៅទៅកន្លែងដែរជនរងគ្រោះកំពុងអង្គុយ និងមានដបស្រាថ្នាំចំនួនកន្លះលីត្រនៅក្បែរខ្លួន។ ពេលទៅដល់ជនរងគ្រោះ បានសួរមកពួកខ្លួនទាំង៣នាក់ថា ពួកឯងនាំគ្នាទៅណា? ខណៈនោះឈ្មោះ ផន សីហា បានយកញញួរដែលកាន់និងដៃស្រាប់ វាយទៅលើជនរងគ្រោះចំនួន១ញញួរ ចំក្បាលបណ្តាលឲ្យជនរងគ្រោះដួលសន្លប់ និងបាក់ដងញញួរជាពីរកំណាត់ ហើយក៏នាំគ្នាយកកាំបិតកាប់លើជនរងគ្រោះម្នាក់ម្ដងរហូតស្លាប់រួចអូសជនរងគ្រោះទម្លាក់ចូលក្នុងទឹកប្រឡាយនិងយកកំផ្លោកកប់ពីលើ រួចក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ផន សីហាក់ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងផ្នែកជំនាញនគរបាលស្រុក បានសហការជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ផន សីហា ហើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចចម្លើយរបស់បងប្រុសពិតមែន។
បន្ទាប់ពីសួរនាំ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញ នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញដើម្បីស្វែងរកវត្ថុតាងនៅកន្លែងកើតហេតុ និងបានរកឃើញកាំបិតកញ្ចែតដងធ្វើពីឬស្សីផ្លែដែក ប្រវែង៥៥cm ចំនួន០១ នៅទឹកក្នុងព្រែកក្បែរកន្លែងកើតហេតុចម្ងាយ១៥ម៉ែត្រ និងបានចាប់យកវត្ថុតាងខាងលើ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?