សន្តិសុខសង្គម
ពេលចូលប្លន់ ឧកញ៉ា អ៊ាន សៀវម៉ី ក្រុមចោរដឹកនាំដោយលោក William Guang មានទាំងឧបករណ៍ផ្តាច់សេវាទូរស័ព្ទថែមទៀត
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលមានឈ្មោះហៅក្រៅថា William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់សមត្ថកិច្ច ដែលជាកងរាជអាវុធហត្ថថា រូបលោក គឺជាអ្នកដឹកនាំដោយផ្ទាល់ ចំពោះសកម្មភាព ចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់។
អ្វីដែលជាការកត់សម្គាល់នោះ គឺក្រុមជនសង្ស័យជាចោរប្លន់ ដឹកនាំដោយប្រធានគណបក្សខ្មែរក្រោក បានរៀបចំគម្រោងយ៉ាងល្អិតល្អន់ ក្នុងនោះ ក៏មានកាំភ្លើងវែងខ្លីចំនួន ៥ដើម ព្រមឧបករណ៍ផ្តាច់សេវាទូរស័ព្ទថែមទៀត ដែលគេមើលទៅហាក់ដូចជាក្រុមនេះ មានជំនាញខ្លាំងណាស់។
បើតាមព័ត៌មាន ដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា វេលាម៉ោងប្រមាណ១០ និង៤០នាទី ព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា ៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរ បានចាកចេញប្រមាណ ៧នាទី ហើយប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ និងបានរកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវកំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេល មួយយប់មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាត ពីលោកព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្សចំនួន ១០នាក់បន្ថែមទៀត សរុប ១២នាក់ (ប្រុស ៩នាក់ ស្រី ៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមវិធានការជំនាញ គឺលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបលោកជាអ្នកដឹកនាំដោយផ្ទាល់។ ក្នុងនោះ លោក William Guang រួមជាមួយកូនចៅ ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ១ដើម និងកាំភ្លើងខ្លី ៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះតែម្ដង។
លោក William Guang បានប្រាប់សមត្ថកិច្ចបន្តថា ពេលចូលក្នុងផ្ទះរូបលោក បានកាន់កាំភ្លើងខ្លី ១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងស្ពាយសាក់កាដូ ១ តែដោយសាររូបខ្លួនមីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង។ ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់