សន្តិសុខសង្គម
សមត្ថកិច្ច ស្នើឲ្យសិក្សាស្រាវជ្រាវឲ្យច្បាស់ មុនរិះគន់លើការចាប់ខ្លួន ក្រុមអ្នកញុះញង់នៅមុខណាហ្គា
សមត្ថកិច្ចរាជធានីភ្នំពេញ បានស្នើទៅដល់ក្រុមអង្គការ និងសហជីពអន្តរជាតិចំនួន ៨ ដែលបានចេញសេចក្ដីថ្លែងការណ៍ កាលពីពេលថ្មីៗនេះ សូមសិក្សាស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុនសិន អំពីមូលហេតុ ដែលឈានទៅដល់ការចាប់ខ្លួន ក្រុមអ្នកញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រីឯមន្ត្រីសិទ្ធិមនុស្សកម្ពុជា ក៏បានឆ្លើយតបទៅកាន់ក្រុមអង្គការ និងសហជីពទាំងនោះដែរថា នៅក្នុងប្រទេសកម្ពុជា ពុំមានការរំលោភសិទ្ធិមនុស្ស ដូចការលើកឡើងរបស់ពួកគេឡើយ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២០ ខែមករានេះថា ក្រុមអង្គការ និងសហជីពអន្តរជាតិមួយចំនួន មុនពេលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ឬរិះគន់ចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច គួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ អំពីមូលហេតុដែលឈានទៅដល់ការចាប់ខ្លួន ក្រុមចលនាញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា សមត្ថកិច្ច មានឯកសារភស្ដុតាងច្បាស់លាស់ មុនពេលឈានទៅដល់ការចាប់ខ្លួនជនទាំងនោះ ហើយការអនុវត្តទាំងអស់របស់សមត្ថកិច្ច គឺស្របទៅតាមច្បាប់ មិនមានអ្វីផ្ទុយពីច្បាប់ឡើយ។ លោកបានបញ្ជាក់បន្តថា ការអនុវត្តរបស់សមត្ថកិច្ច គឺបន្ទាប់ពីមានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ ក្រោយពីជនទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងការញុះញង់ បង្កឲ្យមានភាពវឹកវរក្នុងសង្គម ហើយសមត្ថកិច្ចក៏រកឃើញនូវឯកសារភស្ដុតាង ជាក់ស្ដែងជាច្រើននៅក្នុងកុំព្យូទ័រ ទូរស័ព្ទ និងតាមឆាតរបស់ពួកគេផងដែរ។
លើសពីនេះទៀតអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាប់ខ្លួនទាំងនោះ ក៏បានញុះញង់ឲ្យមានការបិទផ្លូវសាធារណៈ បិទផ្លូវចូលក្រុមហ៊ុនឯកជន និងញុះញង់ឲ្យមានការបង្កចលាចលផ្សេងៗ នៅក្នុងថ្ងៃឆ្លងឆ្នាំសកលថែមទៀត។ លោកថា អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីណែនាំជាច្រើនលើកច្រើនសារ ហាមមិនឲ្យមានការញុះញង់ បង្កចលាចលក្នុងសង្គម ដូច្នេះឡើយ។
ចំណែកលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា ពុំមានករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ ហើយការចាប់ខ្លួនក្រុមជនទាំងនោះ គឺជាការចាប់ខ្លួនជនបង្កបញ្ហាអសន្តិសុខ អសណ្ដាប់ធ្នាប់នៅសង្គមជាតិ តែប៉ុណ្ណោះ។ ដូច្នេះប្រតិកម្មដែលលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយក្រុមអង្គការ និងសហជីពអន្តរជាតិទាំង ៧នោះ គឺមិនមាននោះទេ។

លោក កត្តា អ៊ន បានបញ្ជាក់ថា «ឥឡូវយើងមើល ទិដ្ឋភាពជាក់ស្ដែង យើងឃើញថា បាតុកម្ម កូដកម្មទាំងអស់នេះ វាក្លាយទៅជាអសណ្ដាប់ធ្នាប់ វាក្លាយទៅជាអំពើមួយ ដែលមិនត្រឹមត្រូវតាមច្បាប់ ដូច្នេះហើយការអនុវត្តច្បាប់ គឺជារឿងត្រឹមត្រូវនៅក្នុងក្របខណ្ឌ នៃការគ្រប់គ្រងរដ្ឋ»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា នៅពេលមានការលូកដៃពីភាគីផ្សេងៗ នៅក្នុងកូដកម្មរបស់ក្រុមអ្នកតវ៉ាទាំងនោះ នឹងធ្វើឲ្យកូដកម្មនោះ ក្លាយទៅជាអំពើខុសច្បាប់។ ដូច្នេះនៅពេលមានអំពើខុសច្បាប់ គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ច នៅក្នុងការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
លោកថា «ដូច្នេះផលប្រយោជន៍ បុគ្គលិកកម្មករនឹងពុំមានទេ ប្រសិនបើការតវ៉ារបស់ខ្លួនខុសច្បាប់ ហើយវាអាចមានហេតុការណ៍អ្វីផ្សេងទៀត នោះអ្នកដែលខាតបង់ប្រយោជន៍គឺកម្មករ ដូច្នេះហើយ មានតែការយើងត្រូវគោរពគោលការណ៍ ច្បាប់ការងារ ហើយយើងរកដំណោះស្រាយ នៅក្នុងការសម្របសម្រួលពីក្រសួងការងារ ឬក៏អាជ្ញាកណ្ដាល ទើបជាវិធីដោះស្រាយបញ្ចប់បញ្ហា ចៀសវាងឲ្យភាគីផ្សេងៗ លូកចូលទៅក្នុងក្រុមអ្នកតវ៉ាទាំងនោះ ឥឡូវយើងឃើញថា មានភាគីទី ៣ខ្លះ លូកបណ្ដើរៗ ហើយ ដូច្នេះសម្រាប់ខ្ញុំ មានការព្រួយបារម្ភណាស់ ខ្លាចតែមានបញ្ហាខុសច្បាប់ធ្ងន់ធ្ងរ»។
សូមជម្រាបថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ក្រុមសហជីព និងសកម្មជនចំនួន ៨នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ពួកគេទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនបានជាបន្តបន្ទាប់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៤ ខែមករាកន្លងទៅនេះ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ បានឲ្យដឹងដែរថា ចំពោះការធ្វើសកម្មភាពតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) នេះ គឺកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌មានជាច្រើន តាមរយៈវីដេអូ សំឡេងបែកធ្លាយ ចេញពីកិច្ចប្រជុំរបស់មេដឹកនាំសកម្មភាព តវ៉ាដោយខុសច្បាប់ ឈ្មោះ ឈឹម ស៊ីថរ។
តាមរយៈសំឡេង ដែលបែកធ្លាយនេះ ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក បានញុះញ៉ង់ឲ្យអតីតបុគ្គលិក នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ធ្វើការខឹងសម្បារ និងឲ្យមានការប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យកើតមានព្រឹត្តិការណ៍កើតឡើង។ ចំណែកឯលោក សេង ហៀង តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឲ្យដឹងថា ចំណាត់ការស៊ើបអង្កេត របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ទៅលើក្រុមមេដឹកនាំសកម្មភាពតវ៉ា ដោយខុសច្បាប់ទាំងនោះ គឺធ្វើឡើងស្ថិតនៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជាក់ស្ដែង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក