សន្តិសុខសង្គម
បទយកការណ៍ ៖ ក្រសួងពាក់ព័ន្ធ ឆ្លើយតបក្ដីបារម្ភចំពោះការផ្សព្វផ្សាយលក់ផលិតផលសណ្ដំ សម្រើបផ្លូវភេទ
បច្ចុប្បន្ន មានការបង្ហោះផ្សព្វផ្សាយលក់ផលិតផល ឬថ្នាំសណ្ដំ ថ្នាំសម្រើបអារម្មណ៍ផ្លុវភេទ តាម ទំព័រ Facebook ជាបន្តបន្ទាប់ ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ថា តើការផ្សព្វផ្សាយនោះស្របច្បាប់ ឬទេ? ទន្ទឹមពេលមានការព្រួយបារម្ភជាខ្លាំង ពិសេសអ្នកដែលមានកូនប្អូនក្មួយចៅស្រីៗ។

អាជីវករលក់គ្រឿងក្រអូប នៅភ្នំពេញ អ្នកស្រី សុផារី បានលើកឡើងថា អ្នកស្រីប្រើប្រាស់បណ្ដាញសង្គម ឬ Facebook ដើម្បីជាការកម្សាន្ត ទំនាក់ទំនងញាតិមិត្ត និងអតិថិជន ក៏ដូចជាបានដឹងព័ត៌មាន បច្ចុប្បន្នភាព និងព្រឹត្តិការណ៍សង្គម។ ស្ត្រីវ័យ ៤៥ ឆ្នាំរូបនេះបានបន្តថា ស្រាប់តែពេលខ្លះ អ្នកស្រី បានឃើញ Facebook លោតបង្ហោះនូវការផ្សាយពាណិជ្ជកម្មលក់ ថ្នាំសណ្ដំ ថ្នាំសម្រើបអារម្មណ៍ភេទ ក៏ដូចជាថ្នាំពង្រីកប្រដាប់ភេទបុរស ជាដើម។ ការណ៍នេះ ធ្វើឱ្យអ្នកស្រី ក៏ដូចជាអ្នកលក់ជិតខាង មានការងឿងឆ្ងល់ផង និងការព្រួយចិត្តផង។
អ្នកស្រីបន្តថា ការបង្ហោះលក់ផលិតផលទាំងនោះ មានអ្នក Like ចូលចិត្ត និងអ្នក Comment សួរនាំច្រើនទៀត ទន្ទឹមពេលម្ចាស់ Page អ្នកលក់ បញ្ជាក់ថា លក់បញ្ចុះតម្លៃ និងមានការដឹកជញ្ជូនឥតគិតថ្លៃទូទាំងប្រទេស។

អ្នកស្រី សុផារី ថ្លែងថា៖ “ឃើញមានទាំងថ្នាំគ្រាប់ និងថ្នាំទឹក។ គេផ្សាយថា ដាក់តែ១ដំណក់ ក្នុងទឹកក៏បាន ក្នុងភេសជ្ជៈក៏បាន នឹងធ្វើឱ្យនារីលែងដឹងខ្លួន ឬមានអារម្មណ៍ [ផ្លូវភេទ] ជាមួយ [បុរសអ្នកដាក់ថ្នាំ] ហើយមិនបាច់ចំណាយពេលយូរ… អ៊ីចឹង ខ្ញុំគិតថា វាជាថ្នាំសណ្ដំ។ ហើយឆ្ងល់គេសុំសិទ្ធិពីណា ម៉េចគេផ្សាយលក់បាន? មានកូនស្រីផង យើងជាឪពុកម្ដាយបារម្ភណាស់រាល់ថ្ងៃហ្នឹង អូនអើយ… ខ្លាចតែកូនទៅរៀន ឬដើរជាមួយមិត្តភក្ដិ ហើយត្រូវគេដាក់ថ្នាំធ្វើបាប…”។
ទាក់ទងករណីនេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា បណ្តា Page ដែលផ្សព្វផ្សាយលក់ផលិតផលទាំងនោះ មិនមានការសុំអនុញ្ញាតិ ពីក្រសួងព័ត៌មានឡើយ។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា៖ “កន្លងមក ក្រសួងព័ត៌មាន តែងតែអំពាវនាវ និងលើកទឹកចិត្តឱ្យផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវខ្ពស់ និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងប្រពៃណីល្អ របស់សង្គម។ ចំណែក អ្នកប្រព្រឹត្តិល្មើសនឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន”។
លោក មាស សុភ័ណ្ឌ លើកឡើងថា ក្រសួងព័ត៌មាន សូមអំពាវនាវដល់ក្រសួងស្ថាបន័ពាក់ព័ន្ធចូលរួមចាត់វិធានការ និងអនុវត្តតាមនីតិវិធីច្បាប់ ចំពោះការផ្សព្វផ្សាយតាម Page ទាំងឡាយណាដែលពុំមានការអនុញ្ញាតិពីក្រសួងស្ថាប័នពាក់ព័ន្ធ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក លីវ សុផាណារិទ្ធិ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងនឹងការលក់ផលិតផលក្លែងក្លាយ ឬខុសច្បាប់ កន្លងមក សមត្ថកិច្ចមានវិធានការបានចុះទៅណែនាំដល់អ្នកលក់ ឬរហូតកសាងសំណុំរឿងទៅតុលាការជាដើម ដាក់ទោសទៅតាមទំហំ និងករណីជាក់ស្ដែង។

លោក លីវ សុផាណារិទ្ធិ អំពាវនាវថា៖ “សូមកុំមើលឃើញតែផលចំណេញផ្ទាល់ខ្លួន ហើយមិនគិតដល់ផលប៉ះពាលដល់ប្រជាពលរដ្ឋ និងក្មេងៗដែលប្រើប្រាស់បណ្ដាញសង្គម ដែលខ្វះការយល់ដឹង និងសូមប្រកបអាជីវកម្មដោយគុណធម៌ សីលធម៌ និងការទទួលខុសត្រូវ”។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខភាពបាន បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ទាក់ទងទៅនឹង មានការលោតផ្សាយពាណិជ្ជកម្មថ្នាំសម្រើប ក៏ដូចជាថ្នាំពង្រីកប្រដាប់ភេទជាដើម តាមបណ្ដាញ Facebook នោះ ម្ចាស់ផលិតផលទាំងនោះ មិនបានស្នើសុំ ហើយក្រសួងសុខាភិបាលក៏មិនបានផ្ដល់ច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយការដាក់លក់ដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្តថា៖ “នោះជាការផ្សាយខុសច្បាប់ ហើយក្រសួងសុខាភិបាល នឹងពិនិត្យ ស្រាវជ្រាវ ដើម្បីអនុវត្តតាមនីតិវិធិជាបន្ត”។

កន្លងមក ក្រសួងសុខាភិបាលតែងចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលផ្សព្វផ្សាយលក់ផលិតផល ដោយមិនមានការទទួលស្គាល់ និងមិនមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពី “លក្ខខណ្ឌក្នុងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល” ជាធរមាន។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផល ចំណីអាហារ ដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ថា ក្នុងករណីត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ប្រជាពលរដ្ឋអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០៧៧ ៨០ ៤៩ ៦៦ ដោយភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុក និងផលិតផលទាំងនោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ