Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនចិន ៤នាក់ ប្រឌិតព័ត៌មាន ករណីចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម

បានផុស

នៅ

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា មិនមានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដូចការផ្សាយតាមព័ត៌មានប្រឌិតមួយចំនួនដែលបានលើកឡើងនោះទេ។ ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនជនជាតិចិន ៤នាក់ ពាក់ព័ន្ធទៅនឹងការប្រឌិតព័ត៌មានខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះនៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអកុសលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឱ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ ៖

ទី១៖ ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។

ទី២៖ អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ឈ្មោះ LI YA YUAN LUN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។

ទន្ទឹមគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្នើរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាងធ្វើការសន្និដ្ឋាន ហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឱ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឱ្យមានភាពភ័យខ្លាចដល់ទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕  

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម