សន្តិសុខសង្គម
សមត្ថកិច្ចកំពុងស្រាវជ្រាវករណីប្លន់ម៉ូតូ ប៉ះចំជនរងគ្រោះមានកាំភ្លើងបាញ់ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់
អ្នកនាំពាក្យនគរបាល បានឲ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការងារយកចិត្តទុកដាក់ ចំពោះករណីធាក់ប្លន់យកម៉ូតូ ប៉ះចំជនរងគ្រោះមានកាំភ្លើង បាញ់បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែមីនានេះថា ករណីជនរងគ្រោះបាញ់ជនសង្ស័យម្នាក់ស្លាប់ ក្រោយពីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនោះ គឺសមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវយ៉ាងចិត្តទុកដាក់។
ទោះជាបែបណាក៏ដោយ អ្នកនាំពាក្យនគរបាលរូបនេះ មិនទាន់អាចបញ្ជាក់ករណីនេះបែបណានោះទេ ដោយរង់ចាំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានគ្រប់ជ្រោយសិន ទើបអាចបញ្ជាក់បាន។ លោកថា «ឥឡូវនេះ ជំនាញយើងអត់ទាន់បញ្ជាក់ថា យ៉ាងម៉េចនោះទេ ដោយកម្លាំងជំនាញកំពុងធ្វើការ សហការគ្នាយ៉ាងមមារញឹក ទីមួយដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ពីករណីហ្នឹង ទីពីរខាងកោសល្យវិច្ច័យ ក៏កំពុងធ្វើតែការងារលើសាកសពដែរ អញ្ចឹងនិយាយរួមមានន័យថា ជំនាញកំពុងតែធ្វើការងារហ្នឹង»។
សូមជម្រាបថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានមន្ត្រីយោធាម្នាក់ (ជនរងគ្រោះ ) បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ម្នាក់ និងបក្ខពួកជាច្រើននាក់ទៀត បានរត់គេចខ្លួនអស់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួល រួចលើកម៉ូតូជនរងគ្រោះ បម្រុងបើករត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងហុងដាឌ្រីមសង់សេ ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4840 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ បំណងទៅអង្គភាពបំពេញការងារ។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែលិចមុខជនសង្ស័យមួយក្រុម មានគ្នាចន្លោះពី ៦ ទៅ ៧នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពជិះម៉ូតូទៅក្បែរជនរងគ្រោះ រួចធាក់ផ្ដួលម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីម៉ូតូដួលលើដី។
ភ្លាមៗនោះ ជនសង្ស័យម្នាក់ បានស្ទុះទៅលើកម៉ូតូជនរងគ្រោះបំណងជិះរត់គេច ក៏ត្រូវជនរងគ្រោះជាមន្ត្រីយោធា ដកកាំភ្លើងពីចង្កេះបាញ់ស្រោចទៅលើក្រុមជនសង្ស័យ បណ្តាលឲ្យជនសង្ស័យម្នាក់ ដែលជិះម៉ូតូរបស់ជនរងគ្រោះ ដួលស្លាប់នៅលើម៉ូតូតែម្តង។ ចំណែកដែលបក្ខពួកផ្សេងទៀត បានជិះរត់គេចបាត់ស្រមោលសូន្យ បន្ទាប់ពីដឹងថា ជនរងគ្រោះមានកាំភ្លើង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើហេតុ ដើម្បីធ្វើការពិនិត្យវិច្ច័យ។ ក្នុងការពិនិត្យ សមត្ថកិច្ចរកឃើញមានគ្រាប់កាំទុះចំនួន ៩គ្រាប់ ដែលជាគ្រាប់កាំភ្លើងម៉ាកឡុក។ រីឯសពជនសង្ស័យ ត្រូវបានដឹកតាមរថយន្តយកទៅកាន់ វត្តឬស្សីសាញ់ ដើម្បីធ្វើកោសល្យវិច័យនៅទីនោះ។ ចំណែកឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអញ្ជើញខ្លួនទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ អំពីដំណើររឿងហេតុ ដែលបានកើតឡើង៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ