សន្តិសុខសង្គម
ល្បែងលេងកាំជ្រួចរបស់ជនជាតិថៃជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍ ជាខែលដាក់ឲ្យលួចលេងល្បែងអាប៉ោង និងបៀរខុសច្បាប់ក្នុងទឹកដីកម្ពុជា
ល្បែងលេងកាំជ្រួចរបស់ជនជាតិថៃ នៅលើទឹកដីកម្ពុជាក្បែរច្រកអន្តរជាតិជាំ ស្ថិតនៅចំណុចអូរថ្ម ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលត្រូវបានបិទមួយរយៈក្នុងអំឡុងកូវីដនេះ គឺត្រូវបានគេដឹងថា ការលេងល្បែងភ្នាល់ដាក់លុយរបស់ជនជាតិថៃជ្រកក្រោម ច្បាប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍ ដោយបានចាប់ផ្ដើមដំណើរការឡើងវិញ។ មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា នៅក្នុងទីតាំងលេងកាំជ្រួច មានសកម្មភាពការលេងល្បែងស៊ីសងផ្សេងទៀត ដែលគេដាក់ការសង្ស័យថា អាជ្ញាប័ណ្ណក្រុមហ៊ុនមួយនេះ មានការឃុបឃិតឲ្យល្បែងខុសច្បាប់។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ នេះ មានជនជាតិថៃបានចូលមកកម្ពុជា តាមច្រកអន្តរជាតិជាំភាគីថៃស្រងាំ ហើយចូលទៅលេងនៅចំណុចអូរថ្ម ដែលជាទីតាំងលេងកាំជ្រួតរបស់ក្រុមហ៊ុន ដោយមានប្រជាការពារខ្មែរ ចាំសួរនាំ ដែលគេអនុញ្ញាតឱ្យតែអ្នកលេងល្បែងស៊ីសងដូចជា ៖ ពលរដ្ឋខ្មែរ ពលរដ្ឋថៃ និងអ្នកបើករថយន្ត ឬក៏ម៉ូតូ ដែលដឹកជនជាតិថៃចូលលេងប៉ុណ្ណោះ។ ដោយឡែកចំពោះអ្នកសារព័ត៌មាន គឺគេមិនឲ្យអនុញ្ញាតចូលនោះឡើយ។

ក្នុងទីតាំងលេងល្បែងកាំជ្រួច ក្រោមការរៀបចំរបស់ក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍ ដែលនៅក្នុងបរិវេណនោះគេសង្កេតឃើញថា មានការដាក់ឲ្យលេងល្បែង បៀរ និងអាប៉ោង ដែលការលេងមានភ្នាល់គ្នាចាក់លុយយ៉ាងសប្បាយរីករាយ អមដោយសមត្ថកិច្ចកម្ពុជាប្រចាំការការពារសន្តិសុខឲ្យដូចជា៖ ប៉ូលីសព្រំដែន ប៉ូលីសប៉ុស្តិ៍ ប៉ូលីសស្នងការខេត្ត និងមន្ត្រីកងរាជអាវុធហត្ថ។ ដោយចំពោះបញ្ហានេះ គេអាចសង្ស័យថា អាជ្ញាប័ណ្ណច្បាប់លេងល្បែងកាំជ្រួចរបស់ក្រុមហ៊ុនសាមនខេមរៈអភិវឌ្ឍ គឺជាលេសមួយ លាក់បាំងនៃការលេងល្បែងសង បៀរ និងអាប៉ោងខុសច្បាប់ក្នុងទឹកដីកម្ពុជា។
ប្រជាពលរដ្ឋដែលរស់នៅ ចំណុចអូរថ្ម ក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះល្បែងកាំជ្រួចភ្នាល់ដាក់លុយរបស់ជនជាតិថៃ នៅពេលដែលគេលេងអុជកាំជ្រួចម្តងៗ បានបង្កជាសម្លេងដូចមីស៊ីល ធ្វើឲ្យផ្អើលដល់សត្វគោ និងសត្វពាហនៈដែលនៅក្បែរនោះរាល់ពេលដែលកាំជ្រួចអុជលេងម្តងៗ។ មិនប៉ុណ្ណោះការព្រួយបារម្ភរបស់ពួកគាត់អំពីបញ្ហាហានិភ័យ នៅពេលដែលបំណែកកាំជ្រួចហោះទៅលើអាកាស ហើយបំណែកកាំជ្រួចនឹងធ្លាក់មកដីវិញ អាចនឹងប៉ះពាល់ទៅលើលំនៅឋាន និងដំណាំរបស់ពួកគាត់។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលមានដីកំពុងតែអាស្រ័យផលនៅក្បែរចំណុចជើងភ្នំដងរ៉ែក ជិតអូថ្ម ក៏មានការព្រួយបារម្ភសុខសុវត្ថិភាពលើអាយុជីវិតរបស់ពួកគាត់ ចំពោះបំណែកកាំជ្រួចដែលធ្លាក់មកនៅពេលណា ឬថ្មើរណា ក៏ពួកគាត់មិនអាចមើលឃើញគ្រប់ពេលវេលាផងដែរ៕
ដោយ ៖ ចាន់ ធី





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម