សន្តិសុខសង្គម
ដឹងមូលហេតុពិត នៃការធ្វើអត្តឃាត អ្នកសារព័ត៌មានម្នាក់ តែងបង្ហោះរូបភាពរីករាយ
លោក ញ៉ែម ប្រសិដ្ឋ ជាអ្នកសារព័ត៌មានម្នាក់ អំណត់ការងារ មានចរិតស្លូតបូត រួសរាយរាក់ទាក់ និងគោរពគួរសមជាមួយជាមួយញាតិមិត្ត និងអ្នករួមអាជីព ទោះបំពេញការងារនៅស្ថាប័នផ្សេងគ្នា និងមិនដែលជួបមុខគ្នាក្ដី។ តាមបណ្ដាញសង្គម លោកតែងបង្ហោះរូបភាពជួបជុំប្រពន្ធកូន គ្រួសារយ៉ាងរីករាយ និងដាក់ចំណងជើងបែបកំប្លែងៗ។ ប៉ុន្តែ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ដំណឹងអកុសលមួយបានកើតឡើង គឺ លោក ញ៉ែម ប្រសិដ្ឋ ទទួលមរណភាព ដោយការធ្វើអត្តឃាត ចងក។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/២២០៩០៧2-4-1024x614.jpg)
មរណភាពរបស់ លោក ញ៉ែម ប្រសិដ្ឋ បានធ្វើឱ្យមានការភ្ញាក់ផ្ញើល សោកស្ដាយជាខ្លាំង ការរំលឹកអនុស្សាវរីយ៍ល្អៗ និងរំលែកទុក្ខ ឧទ្ទិសកុសលពីញាតិមិត្ត សូម្បីតែអ្នកមិនដែលជួបមុខលោកផ្ទាល់ក្ដី។ ជាមួយគ្នានេះក៏មានការងឿងឆ្ងល់ថា ខណៈសូម្បីតែមុនពេលបាត់បង់ជីវិតប៉ុន្មានម៉ោងនោះ លោកនៅតែបង្ហោះហ្វេសប៊ុកបែបរីករាយលើបណ្ដាញសង្គមជាធម្មតា ព្រមទាំងបានជួបជុំគ្រួសារ និងបានប្រាប់ថា ទៅស្ទួចត្រីដូចពីម្សិលមិញ។ ប៉ុន្តែតើហេតុអ្វីលោកសម្រេចជ្រើសរើសការបញ្ចប់ជីវិតបែបនេះ? រហូតមានការសង្ស័យថាអាចជាបញ្ហា ស្នេហ៍ត្រីកោណ បំណុល ចាញ់ល្បែង តើជាអំពើអត្តឃាត ឬឃាតកម្មបង្វែរដាន ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/269714415_1089562258463140_1907891435898216319_n-768x1024.jpg)
លោក ធឿន វណ្ណសុង ជាប្អូនថ្លៃ លោក ញ៉ែម ប្រសិដ្ឋ បានឱ្យ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នៅថ្ងៃកើតហេតុ មានកម្មវិធីជួបជុំគ្រួសារនៅខាងគ្រួសាររបស់លោក នៅខណ្ឌដង្កោ ហើយបានប្រាប់ ប្ដីប្រពន្ធ លោក ប្រសិដ្ឋ ចូលរួមដែរ តែលោក ប្រសិដ្ឋ មិនបាននាំប្រពន្ធកូនមកដូចសព្វមួយដងទេ។ ក្រោយមក លោក ប្រសិដ្ឋ បានប្រាប់ ម្ដាយបង្កើត និងប្រពន្ធ នៅផ្ទះ សង្កាត់ ស្ទឹងមានជ័យ ថាទៅស្ទួចត្រី នៅម្ដុំផ្ទះឪពុកក្មេក នៅខណ្ឌដង្កោ ដូចដែលលោកក៏បានធ្វើកាលពីម្សិលមិញ (មុនថ្ងៃកើតហេតុ)។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/303002361_7922076574530578_2188261391788095921_n-1024x577.jpg)
លោក ធឿន វណ្ណសុង បានឱ្យដឹងបន្តថា៖ “ពេលមកផ្ទះពុកក្មេក គាត់ក៏បានជួបនិយាយលេងជាមួយបងប្អូនថ្លៃ ហើយថាទៅស្ទូចត្រី។ ដល់ពេលម៉ោង ២ [រសៀល] ជាង តាខ្ញុំរៀបចំទៅសមាទានសីលលើផ្ទះ។ គាត់ចាស់ ភ្នែកមើលមិនច្បាស់ លុះពេលគាត់ថយក្រោយ ក៏ប៉ះសព [លោក ញ៉ែម ប្រសិដ្ឋ ក្នុងស្ថានភាពចងក] ទើបដឹងថា គាត់ស្លាប់ទៅហើយ។ ភ្លាមៗហ្នឹង គ្រប់គ្នាមិនជឿទេថា នោះជាសព បងសិដ្ឋ ព្រោះគាត់ធម្មតា អត់ដែលមានបញ្ហាអីសោះ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/301519524_7922146547856914_1894230368713068251_n-1024x768.jpg)
លោក វណ្ណសុង ដែលជាអ្នកបួសមុខភ្លើង ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោក ញ៉ែម ប្រសិដ្ឋ ផងនោះ បានឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តកោរសក់ មិនស្ដាយសក់ មិនស្ដាយសម្រស់នេះ ដោយសារ កាលនៅមានជីវិត លោក ញ៉ែម ប្រសិដ្ឋ មានបុគ្គលិកលក្ខណៈស្លូតបូតគួរឱ្យគោរព ពោលគឺលោកគោរពស្រឡាញ់គ្រួសារខាងភរិយា ដូចសាច់បង្កើតរបស់លោកដែរ ហើយគ្រួសារលោក វណ្ណសុង ក៏ស្រឡាញ់ចូលចិត្ត លោក ប្រសិដ្ឋ ខ្លាំងដែរ ទន្ទឹមពេល លោក ប្រសិដ្ឋ ក៏បានបណ្ដុះបណ្ដាល ណែនាំការងារ ដល់លោក វណ្ណសុង រហូតមក។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/299840307_1243017989784232_3581862663329049089_n.jpg)
លោក ញ៉ែម សំណាង ជាប្អូនប្រុសបង្កើតរបស់ លោក ញ៉ែម ប្រសិទ្ធ មុននេះ ទើបបាន បង្ហោះហ្វេសប៊ុក ពីដឹងមូលហេតុពិត នៃការស្លាប់បងប្រុសរបស់ខ្លួន ដោយលោកបានដឹងតាមរយៈការបន្សល់ទុកការថតសំឡេងជិត ១ នាទី នៅក្នុងទូរសព្ទដៃ មុខពេលលោក ប្រសិដ្ឋ ធ្វើអត្តឃាត។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/305763934_5399320340151037_689467160086209924_n.jpg)
លោក ញ៉ែម សំណាង បានឱ្យដឹងថា យោងតាមសំឡេងចុងក្រោយបានបង្ហាញថា លោក ញ៉ែម ប្រសិដ្ឋ មានជំងឺស្ត្រេស និងបាក់ទឹកចិត្ត ដោយមិនបានប្រាប់ក្រុមគ្រួសារ និងប្រពន្ធកូន ឱ្យបានដឹងនោះទេ ហើយក្រុមគ្រួសារទៀតសោត ក៏មិនបានដឹងថា លោកមានជំងឺបែបនេះដែរ ព្រោះកាយវិការរស់នៅប្រចាំថ្ងៃរបស់ លោក ប្រសិដ្ឋ មិនបានបង្ហាញថា លោកមានជំងឺនេះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/298028591_1235468730539158_7455822341961727164_n-683x1024.jpg)
លោក ញ៉ែម សំណាង បន្តថា៖ “គាត់បញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ មិនមែនជាកំហុសរបស់អ្នកណាម្នាក់នោះទេ គឺគាត់សម្រេចចិត្តដោយខ្លួនឯង និងបានលើកឡើងថា គឺគាត់អសមត្ថភាពក្នុងការដឹកនាំគ្រួសារ។ បណ្ដាំចុងក្រោយបន្ថែមថា គាត់សូមទោស លោកយាយ លោកតា ម្ដាយ ប្រពន្ធកូន និងអ៊ំពូមីងបងប្អូន ដែលគាត់សម្រេចចិត្តធ្វើបែបនេះ។ និងផ្ដាំដល់ ប្រពន្ធ អូនត្រូវរឹងមាំ និងតស៊ូឡើង ដើម្បីមើលថែរក្សាកូន និងសូមឱ្យ អ្នកម្ដាយជួយមើលថែចៅប្រុស ឱ្យបានរៀនដល់ថ្នាក់ខ្ពស់ផង”។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/278286549_1158250374927661_7138282058604949802_n-1024x768.jpg)
លោក ញ៉ែម សំណាង បានបន្តថា៖ “នេះគឺជាពាក្យពេចន៍ផ្ដាំផ្ញើររបស់គាត់ ហើយខ្ញុំក៏សូមព្រមាន និង ផ្ដាំផ្ញើទៅដល់អ្នកវិនិច័្ឆយអគតិមួយចំនួនថា បងប្រុសខ្ញុំសម្រេចចិត្តបែបនេះដោយសារ លេងល្បែងលង់ខ្លួន មានស្រីក្បត់ប្រពន្ធ និងបានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរចំពោះគ្រួសារជាដើម…។ ខ្ញុំសូមបញ្ជាក់ថា បងប្រុសខ្ញុំមិនដែលមានប្រវត្តិប្រព្រឹត្តិរឿងទាំងអស់នេះនោះទេ ហើយបងប្អូនញាតិជិតខាងគឺ ស្រឡាញ់ និងរាប់អានបងប្រុសខ្ញុំខ្លាំងណាស់ ព្រោះថា គាត់មានអត្តចរិតសុភាពរាបសារ និងមានគ្រូបាអាចារ្យប្រដៅ ដឹងចាស់ដឹងទុំត្រឹមត្រូវ…”។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/273377543_1120666385352727_980018025948943805_n-644x1024.jpg)
គួរបញ្ជាក់ថា លោកញ៉ែម ប្រសិដ្ឋ កើតនៅឆ្នាំ១៩៩០ មានបងប្អូន ៣ នាក់ ស្រីមួយនាក់ លោកជាកូនទី២។ ក្នុងវ័យកុមា ប្រសិដ្ឋ បានសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពីបញ្ចប់ការសិក្សានៅខេត្តកំពង់ឆ្នាំង លោកបានមកភ្នំពេញ និងបានចូលបម្រើការងារនៅក្នុងស្ថាប័នវិទ្យុសូលីដា ពីឆ្នាំ២០១០ ដល់ ២០១៤។ ក្រោយមក លោកបានចូលបម្រើការងារជាអ្នកសារព័ត៌មាននៅក្នុងវិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីឆ្នាំ២០១៤ រហូតដល់ថ្ងៃមរណភាព។ នៅឆ្នាំ២០១៦ លោក ញ៉ែម ប្រសិដ្ឋ បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកស្រី សល់ ស្រីនាថ និងមានបុត្រា ១ នាក់ដ៏គួរឱ្យស្រឡាញ់៕
![](https://www.kampucheathmey.com/wp-content/uploads/2022/09/300235141_1244577719628259_321998129292849895_n-576x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?