សន្តិសុខសង្គម
ចោរក្មេងៗ ៥ នាក់ ចូលលួចទ្រព្យសម្បត្តិ ត្រូវប៉ូលិសចាប់ខ្លួន
មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ៥ នាក់ ដែលភាគច្រើនមានអាយុក្រោម ១៨ ឆ្នាំ ត្រូវបាននគរបាលស្រុកបវេលឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពគាស់ដំបូលចូលលួចទូរស័ព្ទ និងរបស់របរផ្សេងៗទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការខាងលើនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅភូមិល្វា ឃុំល្វា ស្រុកបវេល។

កិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាក្មេងប្រុស អាយុក្រោម ១៨ ឆ្នាំ ចំនួន ៥ នាក់ និងដកហូតវត្ថុតាងជាច្រើនរួមមាន ៖ ទូរស័ព្ទដៃ ១៨ គ្រឿង ក្នុងនោះគឺ VIVO ០១ គ្រឿង OPPO ០៤ គ្រឿង IPHONE ០២ គ្រឿង REALME ០១ គ្រឿង CAMFONE ០១ គ្រឿង កាតទូរស័ព្ទ ៤០ សន្លឹក ស៊ីមកាត ២៦ សន្លឹក ស្រោមទូរស័ព្ទ ១៨ កាសទូរស័ព្ទ ០៣ និងកង់ ០៣ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរស័ព្ទ។

លោកអធិការបានបញ្ជាក់បន្ថែមថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ២១ និង ៣០ នាទី ចំណុចហាងទូរស័ព្ទ យីហោ ប៊ុនអ៊ិន ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទពីក្នុងហាង ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល។ ក្នុងនោះ ឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្ដង។

ករណីនេះ ជនសង្ស័យចំនួន ០២ នាក់ ដែលមានអាយុ ១៤ ឆ្នាំ និង ១៥ ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី។ ចំណែក ០៣ នាក់ទៀត មានអាយុតិចជាងនេះ បានអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព ហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន។ ដោយឡែកវត្ថុតាងផ្សេងៗ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ