Connect with us

សន្តិសុខសង្គម

ចោរប្លន់ហាងមាស​ដ៏ធំនៅថៃ ក្លាយជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន

បានផុស

នៅ

ទំហំទឹកប្រាក់ ដែលចោរបានប្លន់ហាងលក់ មាស ពេជ្រ នៅក្នុងផ្សារហាតយ៉ៃ បានក្លាយទៅជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសថៃ ដែលមិនធ្លាប់មានពីមុនមក ព្រោះទឹកប្រាក់ដែលចោរប្លន់យកទៅមានរហូតដល់ ជិត ៨៦ លានបាត។

បើយោងតាមការផ្សាយរបស់គេហទំព័រ BREAKING NEWS (ខាវឌួន) របស់ប្រទេសថៃ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ មានក្រុមចោរមួយក្រុម​ដែលក្នុងនោះមានស្រី ២ នាក់ និងប្រុស ៣ នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ២ ដើម និងកាំភ្លើង M16 ចំនួន ៣ ដើមផង បានជិះរថយន្តតួរីស ចូលធ្វើសកម្មភាពប្លន់ហាងលក់មាសដ៏ធំមួយកន្លែង ក្នុងស្រុកហាតយ៉ៃ ខេត្តសុងខ្លា (ភាគខាងត្បូងនៃប្រទេសថៃ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​​កើតហេតុ មាន​តែ​បុគ្គលិកស្រីចំនួន ៣ នាក់ និង ស្ត្រីម្ចាស់ហាងម្នាក់តែប៉ុណ្ណោះ ដោយសកម្មភាពរបស់ក្រុមចោរ ស្លៀកពាក់ដូចឯកសណ្ឋានកងទ័ព និងមានចងក្រណាត់រុំមុខ ហើយហាក់បីដូចជាស្គាល់ផ្ទៃក្នុងហាងយ៉ាងច្បាស់ ព្រោះជនទី ១ ចូលទៅដល់ បានចូលទៅទាញកញ្ឆក់ផ្តាច់ខ្សែកាមេរ៉ាសុវត្ថិភាពចោលទាំងអស់ ឯក្រុមដែលនៅ​សេសសល់​បានយកកៅអីឈើវាយបំបែកកញ្ចក់ហើយប្រមូលមាស ពេជ្រ ចេញពីទូ តុ គ្មានសល់ គឺប្រើប្រាស់ពេលវេលាប្រហែល១០នាទីគត់ ក្នុងការធ្វើសកម្មភាពប្លន់នេះ។

បន្ទាប់មក ក្រោយពីសមត្ថកិច្ចថៃចុះពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពខាងក្រៅ ឃើញរថយន្តដែលក្រុមចោរជិះយកមកធ្វើសកម្មភាព គឺជាប្រភេទរថយន្តឈ្នួលរត់លើកំណាត់ផ្លូវ ហាតយ៉ៃ-ប៉ាត់តានី។ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានស្រាវជ្រាវទើបដឹងថា នៅមុនពេលកើតហេតុនេះ មានមនុស្ស ៥ នាក់ បានទូរស័ព្ទទៅជួលរថយន្តពីឈ្មោះ រ៉ូ សាលី ដោយធ្វើការម៉ៅតែម្តង ប៉ុន្តែពេលដែលមនុស្សឡើងជិះគ្រប់ទាំង ៥ នាក់ហើយ ពួកគេក៏បានប្លន់រថយន្តនោះតែម្តង ដោយបាន​ចងភ្នែកម្ចាស់រថយន្ត និងបាននាំម្ចាស់យកទៅចងជាប់និងដើមឈើក្នុងចម្ការកៅស៊ូមួយកន្លែង ទើបពួកគេយករថយន្តនោះធ្វើសកម្មភាព។

ក្រោយពីប្លន់មាសបានហើយ ក្រុមចោរបានយករថយន្តទៅប្លុងចោលនៅក្នុងចម្ការកៅស៊ូមួយកន្លែងទៀត ក្នុងស្រុក​ណាខាវី ដែលមានចម្ងាយពីកន្លែងប្លន់ប្រហែល ១៥ គីឡូម៉ែត្រ ដោយពួកគេត្រូវបានរថយន្តមួយគ្រឿងទៀតចាំទទួលដើម្បីគេចខ្លួន។

តាមការអះអាងពីស្ត្រីម្ចាស់ហាងមាសបានបញ្ជាក់ថា ជាធម្មតាហាងរបស់គាត់ មានភ្ញៀវចេញចូលច្រើន ប៉ុន្តែនៅពេលដែលក្រុមចោរចូលធ្វើសកម្មភាព វាទៅជាមានសភាពស្ងាត់ឈឹងទៅវិញ ហើយមាស ពេជ្រ ដែលចោរប្រមូលយកទៅ​នោះ បើសរុបជាទឹកប្រាក់ គឺមានចំនួន ៨៥លាន ៧សែន ១មុឺនបាត។ នៅល្ងាចថ្ងៃដដែលនោះដែរ សមត្ថកិច្ចថៃបានដាក់ពង្រាយកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ព្រោះខ្លាចក្រុមចោរឆ្លងដែនទៅកាន់ប្រទេសម៉ាឡេសុី ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានពន្លឺ ទាក់ទិននឹងក្រុមចោរនេះនៅឡើយទេ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម