សន្តិសុខសង្គម
ស្នងការខេត្តតាកែវ ស្រាយបំភ្លឺករណីជនមិនស្គាល់មុខគប់កញ្ចក់រថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់រហូតបញ្ជូនទៅសង្ក្រោះនៅក្រៅប្រទេស
បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Emmy TinTin បានបង្ហោះខ្លឹមសារពីភាពអសន្តិសុខនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានខេត្តតាកែវ ដែលបង្កដោយជនមិនស្គាល់មុខមួយក្រុម បានគប់ដុំថ្ម លើរថយន្ដរបស់ខ្លួនបណ្ដាលឲ្យបែក និងរបួសធ្ងន់ម្នាក់រហូតបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះមិនមាននៅមូលដ្ឋានស្រុកត្រាំកក់នោះទេ តែកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលថតបាននៅទីតាំងកើតហេតុ និងនៅតាមផ្លូវជិតទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានក្រុមក្មេងទំនើង០២ក្រុម មួយក្រុមជិះម៉ូតូ៧ ទៅ៨គ្រឿង និងមួយក្រុមទៀតជិះម៉ូតូពី១០ ទៅ១៥គ្រឿង ប្រដេញគ្នាបង្ហោះតាមដងផ្លូវ លុះដល់កន្លែងកើតហេតុ ភាគីមួយមានម៉ូតូម៉ាក ស៊ុយស៊ូគីនិច ម៉ាកហុងដាប៊ីត និងម៉ាកអេចសាយទ័រ បានជិះត្រលប់ក្រោយ ប្រដាប់ដោយដុំថ្មគប់ទៅលើភាគីមួយក្រុមទៀតដែលជិះប្រដេញពីក្រោយ បណ្តាលឱ្យផ្លាតត្រូវរថយន្តរងគ្រោះខាងលើតែម្តង។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពគប់កញ្ចក់រថយន្តមួយគ្រឿងម៉ាក Ford ពណ៌ស ម្ចាស់កម្មសិទ្ធឈ្មោះ អ៊ា អេលុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើដំណើរទិសដៅពីខេត្តកំពត ទៅរាជធានីភ្នំពេញ បណ្តាលឱ្យអ្នកដំណើររងរបួសធ្ងន់០១នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

របាយការណ៍បញ្ចាក់ថា ក្នុងកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានស្រុកត្រាំកក់ ជាពិសេសមុខសញ្ញាក្មេងទំនើងតែងបង្កអសន្តិសុខដេញវាយគ្នា និងគប់កញ្ចក់រថយន្តតាមបណ្តោយផ្លូវជាតិលេខ៣ នាឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ បង្ក្រាបបានចំនួន៤ករណី ករណីគប់កញ្ចក់រថយន្ត០១ករណី ករណីក្មេងទំនើងបង្ហោះម៉ូតូ ដេញវាយគ្នា០២ករណី និងករណីដឹកជញ្ជូនអាវុធខុសច្បាប់ (កាំបិត ដាវ) ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់(ប្រុស)បានអប់រំណែនាំ (ករណីបង្ហោះម៉ូតូ) និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ និងបានរៀបចំកម្លាំងប្រចាំការ ល្បាត នៅតាមគោលដៅចំណុចសំខាន់ ដើម្បីបង្ការ ទប់ស្កាត់ និងត្រៀមអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ក្នុងករណីបទល្មើសកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Emmy TinTin បានបង្ហោះខ្លឹមសារថា៖ ថ្ងៃនេះខ្ញុំសូមនិយាយពាក់ពន្ធ័នឹងករណីអសន្តិសុខតាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំងពីផ្លូវបំបែកគូស មកអង្គតាសោម ខេត្តតាកែវ ថ្ងៃទី២៣ ខែមករា វេលាម៉ោង5ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំ ជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុមបានគប់ដុំថ្មចូលមកក្នុងកញ្ចក់ឡានបែកកញ្ចក់ ផ្លោងត្រូវមនុស្សទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋមពីទីតាំងផ្ទាល់ ដល់ទីរួមខេត្តតាកែវ មកពេទ្យធំភ្នំពេញ ឈានដល់បញ្ជូនទៅក្រៅប្រទេសជាបន្ទាន់។ ចពោះករណីនេះ នាងខ្ញុំបានផ្តល់ដំណឹងដល់សមត្ថកិច្ចក្នុងមូលដ្ឋានរួចរាល់ហើយ តែនៅមិនទាន់ទទួលបានដំណឹងការកំណត់ពីជនពាលបង្កនៅឡើយទេ ក្នុងករណីនេះ គឺខ្ញុំបានលឺមកថា វាកើតឡើងជាញឹកញាប់ណាស់នៅតំបន់ទីតាំងនោះ ករណី គប់ដុំថ្ម ចំពោះបងប្អូនប្រជាពលរដ្ឋ យើងដែលបានឆ្លងកាត់ គឺមានករណីរងគ្រោះមុនៗ រួចមកហើយ ខ្ញុំទទួលបានដំណឹងពីសមត្ថកិច្ចនៅរូបភាពតាមកាំម៉េរាសុវត្ថិភាព តែបន្តទៅទៀតយ៉ាងណាគឺខ្ញុំកំពុងរង់ចាំ តើគួរមានវិធានការបែបណាបន្តទៀត ចំពោះភាពអសន្តិសុខបែបនេះ ?

នាងខ្ញុំផ្ទាល់ និងក្រុមគ្រួសារ មានការឈឺចាប់ណាស់ និងមិនអាចទទួលយកបានឡើយ នៅទង្វើក្មេងពាលបែបនេះទេ សូមសមត្ថកិច្ចមេត្តាវែកមុខជនបង្កអោយបានឆាប់ៗ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវនោះផង។
បងប្អូនប្រជាពលរដ្ឋ ពិតជាធ្លាប់ជួប ធ្លាប់យល់ពីការឈឺចាប់របស់ក្រុមគ្រួសារខ្លួនយើងដែលត្រូវរងគ្រោះ រងការឈឺចាប់ស្ទើរតែបាត់បង់ជីវិត ទាំងមិនដឹងខ្លួនបែបនេះ។ បើមិនអាចរកជនដៃដល់ឃើញ តើថ្ងៃខាងមុខនឹងកើតលើអ្នកណា??៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?