សន្តិសុខសង្គម
ពលរដ្ឋរាប់រយនាក់តំណាងឲ្យ៣១២គ្រួសារ សម្រេចរួមគ្នាជួលត្រាក់ទ័រ តភ្ជាប់ផ្លូវដែលក្រុមហ៊ុន ចម្ការចេកហ័ងអាញ់យ៉ាឡាយ កាយផ្ដាច់បិទប៉ារ៉ាស់
រតនគិរី ៖ ប្រជាពលរដ្ឋប្រហែលជាង៣០០នាក់តំណាងឲ្យ៣១២គ្រួសាររស់នៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានសម្រេចចិត្តរួមគ្នាជួលត្រាក់ទ័រចំនួន៣គ្រឿង ឈួសឆាយលុបផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានកាយផ្តាច់មិនឲ្យពួកគាត់ជាប្រជាពលរដ្ឋឆ្លងកាត់នោះ តភ្ជាប់ឡើងវិញនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋជាចាស់ទុំនៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានយើងដឹងថា កាលពីអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានកាយផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះឆ្លងកាត់ទៅមកឡើយ ដែលនេះជាបញ្ហាលំបាកដល់ពួកគាត់រស់នៅតំបន់នេះ។ ប៉ុន្តែបញ្ហានេះកាលនោះពួកគាត់ជាប្រជាពលរដ្ឋបានរួមគ្នាដាក់លិខិតបណ្តឹងចូលទៅមូលដ្ឋានភូមិ-ឃុំ-ស្រុកឲ្យជួយអន្តរាគមន៍សម្រួលដោះស្រាយ តែរឿងរ៉ាវនេះបានអូសបន្លាយរាប់ឆ្នាំនៅតែគ្មានពន្លឺក្នុងការដោះស្រាយសម្របសម្រួលជូនដល់ពួកគាត់ជាប្រជាពលរដ្ឋរស់នៅតំបន់នោះឡើយ ដោយពួកគាត់បានត្រឹមតែសញ្ជឹងរង់ចាំហើយគ្មានដំណោះស្រាយ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា ក្នុងរឿងរ៉ាវទុក្ខលំបាករបស់ពួកគាត់ជាប្រជាពលរដ្ឋមិនត្រឹមតែមិនដោះស្រាយនោះទេ តែនៅពេលថ្មីៗនេះ នាអំឡុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ភាគីខាងក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានបិទប៉ារ៉ាស់កាយផ្តាច់ផ្លូវជាថ្មីមួយកន្លែងបន្ថែមទៀត។

ដោយក្រុមហ៊ុនខាងលើនេះ បានឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មីចំនួន៣១២គ្រួសារនោះ ធ្វើដំណើរតាមខ្នងទំនប់លើកថ្មី ដែលក្រុមហ៊ុនបានកាយលើកឲ្យខ្ពស់ដើម្បីការពារទឹកជំនន់នៅរដូវទឹកឡើង។ ប៉ុន្តែបញ្ហានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មិនអាចទទួលយកផ្លូវនោះបានឡើយ ដោយពួកគាត់សំអាងថា ការធ្វើចរាចរណ៍តាមផ្លូវលើខ្នងទំនប់នោះ គឺមានហានិភ័យគ្រោះថ្នាក់ខ្ពស់។

ម្យ៉ាងផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ កាយផ្តាច់បិទប៉ារ៉ាស់មិនឲ្យពួកគាត់ជាប្រជាពលរដ្ឋឆ្លងកាត់នោះ គឺជាផ្លូវចាស់តដំណរតាំងពីដូនតារបស់ពួកគាត់មកយូរហើយ។ មិនមែនទើបតែបានកើតពេលដែលមានក្រុមហ៊ុននេះនោះទេ ព្រោះក្រុមហ៊ុននេះទើបនិងកើតក្នុងអំឡុងឆ្នាំ២០១២ប៉ុណ្ណោះ។

ជាការសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានលើកដៃសំពះអង្វរដល់ថ្នាក់ដឹកនាំខេត្តរតនគិរី ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេមេត្តាជួយអន្តរាគមន៍ និងផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋពួកគាត់ដែលរស់នៅក្នុងភូមិនេះទាំងអស់ទទួលបានភាពយុត្តិធម៌ និងធ្វើដំណើរលើផ្លូវចាស់ពីដូនតារបស់ពួកគាត់នេះប្រកបដោយក្តីសុខឡើងវិញផង។

ដោយឡែកបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា រឿងក្រុមហ៊ុននេះបានកើតឡើងមិនក្រោម៣លើកនោះទេ ហើយកន្លងទៅអាជ្ញាធរខេត្តរតនគិរី បានយកចិត្តទុកដាក់បង្កើតគណៈកម្មាការជួបប្រជុំដោះស្រាយប្រកបដោយការទទួលខុសត្រូវ ម្យ៉ាងក៏មានការព្រមព្រៀងគ្នាផងដែរ ដោយឲ្យភាគីក្រុមហ៊ុនត្រូវអនុវត្តពីមុនយ៉ាងម៉េចបន្តរក្សាដូចដើមធម្មតា។ ប៉ុន្តែបញ្ហានេះមូលហេតុអ្វីបានជាភាគីក្រុមហ៊ុននៅតែបង្កការស្មុគស្មាញដល់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋរងការលំបាក។

លោក អភិបាលខេត្តរតនគិរី បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះនៅថ្ងៃស្អែករដ្ឋបាលខេត្តនិងចេញ ស.ជ.ណ អនុវត្តលើវិធានការនេះ៕
ដោយ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ