សន្តិសុខសង្គម
ចាប់ឃុំខ្លួនម្នាក់ និងចោទប្រកាន់ម្នាក់ រឿងរំលោភលើទំនុកចិត្ត
សំណុំរឿងមួយដែលជនជាប់ចោទកំពុងឆ្លើយដាក់គ្នា ហើយត្រូវតុលាការបន្តចាត់ការតាមនីតិវិធីជាក់ស្ដែងកាលពីកន្លងទៅ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនបុគ្គលិកក្រុមហ៊ុន តូកូយូ ជប៉ុនអូតូផាតកម្ពុជា ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ «លើទំនុកចិត្ត» ប្រព្រឹត្តនៅតាមបណ្ដាខេត្ត និងរាជធានី កាលពីអំឡុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ បទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះ ផាត មករា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មុនឃុំខ្លួនជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ.ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបុគ្គលិកក្រុមហ៊ុនរូបនោះ ទើបថ្មីៗ នេះ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យទៅចៅក្រមស៊ើបសួរ ចោទប្រកាន់ជាផ្លូវការលើឈ្មោះ ខាន់ វិសាល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជាប្រធានត្រួតពិនិត្យផ្នែកលក់ទូទាំងប្រទេសរបស់ក្រុមហ៊ុន តូកូយូ ជប៉ុន អូតូផាត ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងបន្លាស់រថយន្តម្នាក់ទៀត យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនខាងលើ ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត។

ការចោទប្រកាន់ជាផ្លូវការលើឈ្មោះ ខាន់ វិសាល នេះ តំណាងអយ្យការបានស្នើសុំទៅចៅក្រមស៊ើបសួរ ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្នលើជនខាងលើ ដើម្បីបញ្ចប់ ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមផ្លូវច្បាប់។ ពាក់ព័ន្ធសំណុំរឿងនេះ បើតាមអង្គហេតុ នៃពាក្យបណ្ដឹង បានបញ្ជាក់ប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២០ ឈ្មោះ ខាន់ វិសាល បានចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន តូកូយូ ជប៉ុនអូតូផាតកម្ពុជា ដែលពេលនោះក្រុមហ៊ុនមានការជឿទុកចិត្ត បានឲ្យកាន់តួនាទីជាប្រធានត្រួតពិនិត្យផ្នែកលក់ និងឈ្មោះ ផាត មករា ជាបុគ្គលិក។
ក្នុងអំឡុងពេលកំពុងបម្រើការងារឲ្យក្រុមហ៊ុន ដែលមិនទាន់បញ្ចប់កិច្ចសន្យានៅឡើយ ជនទាំងពីរបានប្រើពេលវេលាក្នុងម៉ោងធ្វើការលួចលក់ ដោយប្រើមធ្យោបាយផ្សេងៗ ព្រមទាំងរថយន្តរបស់ក្រុមហ៊ុន ដើម្បីលួចលក់ផលិតផលឲ្យទៅអតិថិជនរបស់ក្រុមហ៊ុន និងបុគ្គលិកផ្នែកលក់ ជាមួយបក្សពួកផ្សេងទៀត។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីឈ្មោះ ខាន់ វិសាល លាឈប់ពីក្រុមហ៊ុនហើយ បានបំផុសបំផុល និងញុះញង់បុគ្គលិករបស់ក្រុមហ៊ុនផ្សេងទៀត ឲ្យឈប់ធ្វើការនៅក្រុមហ៊ុននេះទៀតផង ដែលទង្វើបែបនេះគឺបទរំលោភលើទំនុកចិត្តដោយអភិបាល ដែលធ្វើឲ្យប៉ះពាល់ និងខូចប្រយោជន៍របស់ក្រុមហ៊ុនយ៉ាងខ្លាំងបំផុត។ ដូចអង្គហេតុតាមពាក្យបណ្ដឹងខាងលើនេះហើយ ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុន តូកូយូ ជាក្រុមហ៊ុនស្របច្បាប់ មិនលើកលែងឲ្យជនទុច្ចរិត ប្រព្រឹត្តអំពើល្មើសបានរួចផុតពីសំណាញ់ច្បាប់ឡើយ។ ម្ចាស់ក្រុមហ៊ុនថែមទាំងបានទទូចស្នើសុំឲ្យតុលាការ ចាត់ការលើបុគ្គលកំហូចទាំងពីរ ដើម្បីរកភាពយុត្តិធម៌មកវិញ សំខាន់គឺនាំខ្លួនជនពាក់ព័ន្ធឈ្មោះ ខាន់ វិសាល មក ដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?