សន្តិសុខសង្គម
ឪពុកម្តាយស្ទើរតែមិនជឿដោយកូនបានស្លាប់ ក្រោយគ្រូពេទ្យតាមភូមិម្នាក់ ព្យួរសេរ៉ូមជាង ២ម៉ោង
ឪពុកម្តាយសោកស្តាយ និងមិនអស់ចិត្ត ដោយសារកូនប្រុសម្នាក់បានស្លាប់ ក្រោយមានអាការៈអស់កម្លាំង ហៅគ្រូពេទ្យ ដែលតែងដើរព្យាបាលតាមភូមិ មកព្យួរសេរ៉ូមបានជាង២ម៉ោង ក៏ប្រតិកម្មស្លាប់ទាំងព្យួរសេរ៉ូម។
ករណីនេះកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយយុវជនម្នាក់ឈ្មោះ ឡាប ប៊ុនទី ភេទប្រុស អាយុ៣៣ឆ្នាំ បានស្លាប់ក្រោយពេលមានអាការៈអស់កម្លាំង ហើយឪពុក បានហៅគ្រូពេទ្យឈ្មោះ ហៀង នៅ ដែលមានទីលំនៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកព្យួរសេរ៉ូម លុះព្យួរបានប្រមាណជា ២ម៉ោង យុវជនរងគ្រោះបានប្រកាច់ស្លាប់ទាំងដៃជាប់ព្យួរសេរ៉ូមតែម្តង ។
តាមឪពុកជនរងគ្រោះ បានឱ្យដឹងនៅក្នុងពិធីបុណ្យសពកូនប្រុសថា រូបលោកស្ទើរតែមិនជឿថា កូនរបស់គាត់ស្លាប់ ទាំងដែលមិនមានជំងឺអ្វីសោះ ដោយគ្រាន់តែកូនអស់កម្លាំង លោកក៏ហៅពេទ្យ ខាងលើ មកព្យួរសេរ៉ូម រួចហើយលោកបានបើកឡានទៅប៉ោយប៉ែត ហើយក៏ត្រូវអ្នកផ្ទះ ទូរស័ព្ទប្រាប់ថា កូនបានស្លាប់បាត់ទៅហើយ ធ្វើឲ្យរូបលោក ស្ទើរតែបើកឡានមកមិនដល់ផ្ទះ។ លោកបន្តថា ពេទ្យខាងលើ លោកតែងតែហៅមកព្យាបាលអ្នកផ្ទះជារើយ ៗ តែលើកនេះមិនដឹងជាមូលហេតុអ្វី បានទៅជាយ៉ាងហ្នឹង ។

រហូតមកដល់រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយសារតែមិនអស់ចិត្ត នឹងការស្លាប់របស់កូន ឪពុកជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចនគរបាលស្រុកមង្គលបូរី រួមមាន ៖ កម្លាំងប៉ុស្តិ៍ កម្លាំងអធិការស្រុក កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី បានចុះមកសាកសួរ និងពិនិត្យសាកសព តែពុំមានការសន្និដ្ឋានថា ការស្លាប់នេះបណ្តាលមកពីអ្វីនោះទេ ។ តែនៅរសៀលថ្ងៃដដែលនេះ គ្រូពេទ្យឈ្មោះ ហៀង នៅ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ហៅទៅ សាកសួរនៅនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយនាង ។ ក្នុងពិធីបុណ្យសពនេះដែរ គេឃើញប្រពន្ធគ្រូពេទ្យដែលព្យួរសេរ៉ូមបណ្តាឱ្យមនុស្សស្លាប់ខាងលើ បានមកចូលរួមក្នុងពិធីបុណ្យសព ដោយបាននាំយកបច្ច័យ ចំនួន៥លានរៀល ចូលរួមកម្មវិធីបុណ្យផងដែរ។

ករណីនេះលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅមិនទាន់អះអាង ថា បុគ្គលពេទ្យខាងលើ ជាបុគ្គលពេទ្យក្របខ័ណ្ឌរដ្ឋ ឬជាពេទ្យដែលគ្មានវិជ្ជាជីវៈនោះទេ ហើយការស្លាប់នេះ បណ្តាលមកពីមូលហេតុអ្វីនោះដែរ ព្រោះលោកនៅមិនទាន់ទទួលបានរបាយការណ៍ ពីស្រុកនៅឡើយទេ ។ តែបើតាមប្រភពខ្លះ បាននិយាយថា គ្រូពេទ្យខាងលើ ជាពេទ្យមកពីជុំរុំ មិនមានវិជ្ជាជីវៈ ឬក្របខ័ណ្ឌជាពេទ្យរដ្ឋទេ ហើយតែងតែដើរព្យាបាល ចាក់ថ្នាំ ព្យួរសេរ៉ូម ឲ្យអ្នកនៅមូលដ្ឋាន ដោយភាគច្រើន អ្នកភូមិស្គាល់ច្បាស់ ៕
អត្ថបទ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?