សន្តិសុខសង្គម
ពលរដ្ឋចោទនាយកសាលានគរបាលភូមិភាគ ៥ សង់របងរំលោភកាន់កាប់ដីរាប់សិបហិកតា
ដីចម្ការទំហំ ៧០ ហិកតា ដែលជាដីរបស់ប្រជាពលរដ្ឋកំពុងបង្កបង្កើនផល ហើយក៏ជាដីជាប់បំណុលស្ថិតក្នុងការគ្រប់គ្រងរបស់តុលាការ ត្រូវបានអ្នកមានឥទ្ធិពលមួយរូប ធ្វើរបងឡោមព័ទ្ធទាំងបំពាន ដែលធ្វើឲ្យប្រជាពលរដ្ឋនិងអជ្ញាធរដែលរស់នៅក្នុងតំបន់មានការក្តៅក្រហាយយ៉ាងខ្លាំង។
គួរំលឹកថា ដីទំនាស់នេះ បានកើតឡើងជាច្រើនលើក ច្រើនសារណាស់មកហើយ គឺស្ថិតនៅចំណុចអូរពពេល ក្នុងភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីទំហំ ៧០ ហិកតា ជារបស់ឈ្មោះ សាន ម៉ាលី អតីតយោធិនពលី និង អ្នកស្រី សន រ៉ាណែត។


តាមការរៀបរាប់ពីអ្នកស្រី សន រ៉ាណែត បានលើកឡើងថា ដីទំហំ៧០ហិកតានេះ គឺអ្នកស្រី និងស្វាមី បានទិញនិងបានអាស្រ័យផលតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយមានព្រំប្រទល់ខាងជើងជាប់និងលោកស្រីឆេង សុីវត្ថា ខាងត្បូងទល់និង ចំណីអូរពពេល ខាងលិចទល់និង ប្រឡាយដីលោក គឹមសុណ និងខាងកើតទល់និងប្រឡាយផ្លូវកុងទ្រី ដោយមានចុះហត្ថលេខា និងបោះត្រាយ៉ាងត្រឹមត្រូវពីលោកមេឃុំ ផឹង ហ៊ន ថែមទៀតផង ។
លោកស្រីបានបន្តថា លុះមកដល់ឆ្នាំ ២០១២ ដោយសារស្ថានភាពជម្ងឺគ្រុនចាញ់ប្តីកាន់តែធ្ងន់ ម៉្យាងលុយក៏គ្មានទើបអ្នកស្រីសម្រេចយកប្លង់ដីដែលមានទំហំ ៧០ ហិកតានេះ ទៅដាក់បញ្ចាំនៅធនាគារអេសុីលីដា ប្រចាំស្រុកបវេល ដើម្បីយកលុយមកប្រើការ។
នៅពេលនោះ ដំណាំពោតរបស់អ្នកស្រីកំពុងតែលូតលាស់ល្អ ស្រាប់តែឈ្មោះ បុិ វ៉ាន់ ហៅឡុង ដែលបច្ចុប្បន្នមាននាទីជានាយកសាលានគរបាលភូមិភាគ៥ (ទួលម្កាក់ កំពង់ព្រះ) បានដាក់កម្លាំងនិងគ្រឿងចក្រទៅឈូសបំផ្លាញដំណាំខ្ទេចខ្ទី ហើយគេក៏បានដាំដំឡូងពីលើតែម្តង ដែលធ្វើអោយអ្នកស្រីកើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត ដែលកាលណោះអភិបាលខេត្តគឺឯកឧត្តម ប្រាជ្ញ ច័ន្ទ។
នៅពេលនោះហើយដែលខេត្តបានចាត់តាំង លោក សៀង ស៊ុតថង ដឹកនាំគណកម្មការចម្រុះ ដែលមានទាំងអាជ្ញាធរមូលដ្ឋាន និង ភូមិបាលស្រុក ចុះទៅវាស់វែង និងបោះបង្គោលព្រំ ដោយបានគាស់ហៅភាគីទាំងសងខាងអោយចូលរួម គឺនៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១២ ប៉ុន្តែនៅពេលនោះពុំមានវត្តមានរបស់លោក បុិ វ៉ាន់ ហៅឡុង មកចូលរួមឡើយ។


នៅឆ្នាំ២០១៥ ពេលដែលអ្នកស្រីធ្លាក់ខ្លួន ដោយសារមើលជម្ងឺប្តីអស់ពីខ្លួនរហូតប្តីក៏បានស្លាប់ ដោយសារគ្មានប្រាក់បង់អោយធនាគារ ទើបខាងធនាគារបានប្តឹងអ្នកស្រីទៅតុលាការ ទីបំផុតដីអ្នកស្រីត្រូវបានតុលាការប្រកាសដាក់លក់ឡាយឡុងក្នុងស្រោមសំបុត្រ ប៉ុន្តែមិនមានអ្នកណាចូលដេញថ្លៃទិញនោះទេ ទើបអ្នកស្រីបានចរចារជាមួយធនាគារ សុំលក់ដីមួយចំនួន ដើម្បីបានបង់អោយធនាគារបន្ត។ ប៉ុន្តែនៅពេលនោះ ឈ្មោះខាងលើបានបន្តចូលទន្ទ្រានម្តងទៀត។ ក្រោយពីទទួលបានដំណឹងនេះ ក្រុមអធិការកិច្ចខេត្តបានហៅលោក បុិ វ៉ាន់ ហៅឡុង អោយយកឯកសារមកពិនិត្យរួមគ្នា គឺនៅពេលនោះទើបដឹងថា ប្លង់ដីរបស់លោក បុិ វ៉ាន់ ហៅឡុង មានជារដិបរដុប ហើយមានទីតាំងមិនចំលើដីអ្នកស្រី សន រ៉ាណែតឡើយ។
ថ្មីៗនេះ ខណ:ដែលអ្នកស្រីជាមួយនិងប្រជាពលរដ្ឋមួយចំនួន ដែលបានទិញដីពីអ្នកស្រីកំពុងតែដាំដំណាំ គឺនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែលោក បុិ វ៉ាន់ ហៅឡុង បានដាក់កម្លាំងទៅសង់រោងកណ្តាលចម្ការរបស់ប្រជាពលរដ្ឋ ហើយបានចុះដាំបង្គោលព័ទ្ធខ្សែលួស ទៅទល់ជើងភ្នំទាក់ព្រ័ត្រ និងជើងភ្នំវាយចាប ដែលមានទំហំរាប់រយហិកតា ក្នុងនោះដីទំនាស់ ៧០ ហិកតា ក៏ត្រូវបានព័ទ្ធទាំងអស់ដោយគ្មានរណាហ៊ានតតាំងឡើយ ខណ:ដែលពលរដ្ឋកំពុងដាំដុំនូវ ប្រភេទដំឡូង ពោត ស្វាយចន្ទី និងដើមប្រេងខ្យល់ធំៗទៅហើយ។
តាមរយ:ទូរស័ព្ទលោក ផឹង ហ៊ន មេឃុំអូរសំរិល បានបញ្ជាក់ថា ហត្ថលេខានិងត្រានៅលើលិខិតទិញលក់និងប្លង់របស់អ្នកស្រី សន រ៉ាណែត ពិតជារបស់លោកពិតប្រាកដ គឺលោកទទួលស្គាល់ថាដី៧០ហិកតា ពិតជារបស់អ្នកស្រីមែន។ ដោយឡែករឿងរបស់លោក បុិ វ៉ាន់ ហៅឡុង ដែលចុះព័ទ្ធរបងលួសលើដីនេះ លោកបានរាយការណ៍ទៅស្រុករួចហើយ ដើម្បីមានវិធានការ។
ជុំវិញបញ្ហាដ៏ចម្រូងចម្រាស់នេះ លោក បុិ វ៉ាន់ ហៅឡុង នាយកសាលានគរបាលភូមិភាគ៥ បានបញ្ជាក់តាមរយ:ទូរស័ព្ទ កាលពីថ្ងៃទី១៦ ឧសភា នេះថា ការដែលលោកដាក់កម្លាំងចុះព័ទ្ធរបងនេះ គឺដោយសារតែដីទាំងអស់នេះជារបស់លោកដោយសរុបមានទំហំ ៦០០ ហិកតា គឺលោកបានទិញពីប្រជាពលរដ្ឋទាំងពីឆ្នាំ២០១៥ រហូតដល់ ២០១៧ ដែលកាលណោះ ដីនៅព្រៃនៅឡើយហើយស្ថិតក្នុងភូមិចម្លងរមាំងក្រោមទាំងអស់។
ដោយឡែកចំពោះដី ៧០ ហិកតា របស់អ្នកស្រី សន រ៉ាណែត គឺលោក បុិ វ៉ាន់ បានចោទប្រកាន់ថា ប្តីរបស់អ្នកស្រី គឺលោក សាន ម៉ាលី បានឃុបឃិតជាមួយអភិបាលរងស្រុកម្នាក់ ធ្វើប្លង់ជាន់លើដីរបស់លោក ហើយយកទៅដាក់បញ្ចាំធនាគារអេសុីលីដា។ សម្រាប់សំណួរដែលថា ប្លង់របស់លោកមានរដិបរដុប នេះបើតាមការពិនិត្យរបស់ក្រុមអធិការកិច្ច គឺលោកបានអះអាងថា បើមិនជឿអោយទៅសួរប្រជាពលរដ្ឋនិងលោកមេឃុំទៅគឺសុទ្ធតែដឹងថា តំបន់នេះជាដីរបស់លោកទាំងអស់។
ជុំវិញរឿងនេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកដោះស្រាយដីធ្លីបានលើកឡើងថា លោកមិនបានជ្រាបទាល់តែសោះ ហើយលោកនឹងសាកសួរទៅស្រុកដើម្បីចង់ដឹង និងឲ្យស្រុករុញរបាយការណ៍នេះមករដ្ឋបាលខេត្តជាបន្ទាន់ដើម្បីពិនិត្យ។
នៅព្រឹកថ្ងៃទី១៨ ឧសភា នេះដែរ លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់តាមរយ:ទូរស័ព្ទថា លោកទើបតែទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រហែល៤ថ្ងៃកន្លងមកនេះ ដោយសារឃុំទើបរុញមកស្រុក ហើយរឿងរ៉ាវខាងលើ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែដោយឡែករឿងថ្មីៗ គឺរឿងព័ទ្ធរបងលួសលើផ្ទៃដីដ៏ធំល្វឹងល្វើយនេះ លោកបានចាត់តាំងលោកអភិបាលរងស្រុកមួយរូបដែលទទួលបន្ទុក អោយចុះធ្វើការលើរឿងនេះហើយ ហើយលោកក៏កំពុងត្រៀមឯកសារដើម្បីបញ្ជូនទៅថ្នាក់ខេត្តដែរ៕
អត្ថបទ÷ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?