សន្តិសុខសង្គម
បញ្ជូនក្រុម Hack ៥នាក់ ឆបោកប្រាក់តាមTelegram ដល់តុលាការ
សមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនបុរសជនជាតិចិនចំនួន៤នាក់ និងនារីខ្មែរម្នាក់ ដែលជាក្រុមHack ចូលTelegram ដើម្បីឆបោកប្រាក់ទៅតុលាការ ដែលសំណុំរឿងនេះបានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។

ក្រុមHack ទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ ១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។

ជនសង្ស័យទាំង ០៥នាក់រួមមាន៖
១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។
២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។
៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។
៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។
៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។

តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវាប្រាប់ថារស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ ៕
អត្ថបទ៖ មករា


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង