Connect with us

សន្តិសុខសង្គម

អភិបាលខេត្ត​កំពង់ស្ពឺ ៖ ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់

បានផុស

នៅ

កំពង់ស្ពឺ​ ៖ ដោយសារ​ភ្លៀង​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) ដូច្នេះ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ផ្អាក​ជា​បណ្តោះអាសន្ន ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវ​ផ្លាស់ប្តូរ​ទិស​រក​ផ្លូវ​វាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងលើ​នេះ​ជា​ការ​លើកឡើង របស់ វ៉ី សំណាង អភិបាលខេត្ត​កំពង់​ស្ពឹ បានលើកឡើង​នៅវេលា​ម៉ោង ៤​និង​២០​នាទី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់​ស្ពឺ​បាន​លើក​ឡើង​ថា “​ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លា​ក់ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) ជាប់​ព្រំប្រទល់​រវាង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច និង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​”​។

លោក វ៉ី សំណាង បាន​បញ្ជាក់​បន្តថា “​សូម​ជម្រាប​ដល់​ពុក​ម៉ែ មាមីង បងប្អូន កូនក្មួយ ដែល​មានបំណង​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ សូម​រក​ផ្លូវ​វាង​បណ្ដោះអាសន្ន​សិន ជាពិសេស​អាច​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដោយសារ​មូលហេតុ​ដោយ​ជំនន់​ទឹកភ្លៀង​បាន​បណ្ដាលឱ្យ​លិច​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) មាន​កម្ពស់ ៣០cm ហូរ​កាត់​លើផ្លូវ​តែម្តង​”​។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បន្តទៀត​ថា “​ចំណុច​ទី​២ គឺ​នៅ​គីឡូម៉ែត្រ​លេខ (៩៩-១០០) ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង ដូច្នេះ សូម​ពុក​ម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តា​ជ្រាប​ជា​ព័ត៌មាន​”​។ លោក​បន្តទៀតថា “​អ្នកប្រើប្រាស់​ផ្លូវជាតិ​លេខ​៤ ទាំងអស់​ត្រូវ​វៀង​តាមផ្លូវ​ផ្សេង ឬ​ផ្លូវ​ល្បឿន​លឿន សម្រាប់​រថយន្ត​ដឹកទំនិញ​ធំៗ ដែល​មិន​ចង់​ប្រើ​អាច​រង់ចាំ​សិន​”​។

លោក វ៉ី សំណាង បាន​បញ្ជាក់​ថា “​ការ​បិទ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ខូចខាត​ផ្លូវ ព្រោះ​កាលណា​ទឹកជំនន់​ហូរ​លើផ្លូវ​បែបនេះ ធ្វើ​ឲ្យ​ជ្រាយ​គ្រឹះ​ផ្លូវ​បើ​មាន​ឡាន​ធំ​ទៅ​វា​អាច​ប៉ះពាល់​ធ្វើ​ឲ្យ​ខូច​ដល់​ផ្លូវ​”៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម