សន្តិសុខសង្គម
វិវាទទំនាស់នេសាទគ្រែងឈាមនៅឃុំថ្មស ត្រូវបានអាជ្ញាធរកំណត់ដែនជាថ្មី
ទំនាស់កើតទុក្ខមិនសុខចិត្តរបស់ប្រជានេសាទឃុំថ្មស ស្រុកបូទុមសាគរ បានឡើងកម្តៅឡើងវិញតាមរយៈការតវ៉ាទាមទារដល់ថ្នាក់ខេត្តសុំជួយដោះស្រាយ ក្រោយមួយថ្ងៃនៃការប្តឹងផ្តល់ អាជ្ញាធរខេត្តកោះកុង មន្ទីកសិកម្ម និងក្រុមការងារស្រុក ក៏ដោះស្រាយកំណត់ដែននេសាទគ្រែងឈាមជាថ្មី ដើម្បីបញ្ចប់វិវាទ។

សម្រែកទាមទាររបស់ប្រជានេសាទភូមិស្រែថ្មី និងភូមិស្រែត្រាវ ត្រូវបានគេមើលឃើញថា មាន្រសិទ្ធភាពជាងមុនឆ្ងាយ ដោយមានការចាត់តាំងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ត ណែនាំដល់អភិបាលរងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធចុះដោះស្រាយភ្លាមៗ។
លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយរវាងប្រជានេសាទ និងម្ចាស់ស៊ុមគ្រែងឈាមដែលរងការចោទប្រកាន់ថា បានពង្រីកទំហំអាជីវកម្មស៊ុមគ្រែងថា បញ្ហានេះមិនមែនជាថ្មីនោះទេ ពោលវាបានកើតយូរឆ្នាំមកហើយ ព្រោះតែមិនបានកំនត់ដែនទឹកសម្រាប់ការអាស្រ័យផលរួមគ្នាទើបបង្កជាជម្លោះមិនចេះចប់មិនចេះហើយបែបនេះ។

លោកស្រីអភិបាលរងខេត្ត ក៏បានសុំចិត្តដល់ប្រជានេសាទទាំងអស់រៀនចេះគោរពស្រឡាញ់យោគយល់គ្នាទៅវិញទៅមកអំពីការប្រមូលគ្រែងឈាមនេះប្រកបដោយតម្លាភាព ចៀសវាងបន្តពង្រីកបង្គោលស៊ុមគ្រែងឈាមលើផ្ទៃរបស់រដ្ឋបន្ត។ ទន្ទឹមនោះ លោកស្រីដឹកនាំក្រុមការងារជំនាញចុះចុចនិយាមកាផែនទី ដើម្បីកំនត់ដែននេសាទឱ្យច្បាស់លាស់ជាងមុនសំដៅដល់ការបញ្ចប់ទំនាស់ឈរលើនយោបាយឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ។

រដ្ឋបាលខេត្តកោះកុង មន្ទីរកសិកម្ម និងរដ្ឋបាលស្រុកបូទុមសាគរ បានសុំដកអូសស៊ុមគ្រែងរបស់លោក ផល្លី ដែលមានទំហំជាង៦ហិចតា ដោយកាត់៤ហិចតាចេញទៅឱ្យប្រជានេសាទទុកអាស្រ័យរួមគ្នា ព្រោះទំនាស់កើតចេញពីការច្រណែនគ្នា។
ប្រជានេសាទចំនួន២០០គ្រួសារនៅឃុំថ្មស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ លើកគ្នាមកមុខសាលាខេត្តកោះកុង សុំប្តឹងទៅលោកជំទាវអភិបាលខេត្ត អំពីបាតុភាពមិនល្អមួយចំនួនរឿងវិវាទការទទួលផលគ្រែងឈាមមិនស្មើគ្នា។

លោកស្រី ណាវី និង សៀត សុខន តំណាងប្រជានេសាទមកពីភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ដាក់ញ្ញាត្តិសុំប្តឹងដកប្រធានសហគមន៍ និងមន្រ្តីជលផលដែលមានទីស្នាក់នៅក្នុងភូមិស្រែថ្មី ដោយពួកគាត់ចោទថាបានបើកដៃឱ្យអ្នកមានលុយបោះបង្គោលវាទយកដែននេសាទធ្វើជាកម្មសិទ្ធិពីបុគ្គលឈ្មោះ ផល្លី រស់នៅក្នុងភូមិស្រែត្រាវ ក្រោមរូបភាពថាចិញ្ចឹមគ្រែងឈាមធ្វើឱ្យដែននេសាទក្នុងសហគមន៍កាន់តែរួមតូចទៅៗប៉ះពាល់ដល់កត្តាជីវភាពរបស់ពួកគាត់។

ទម្រង់អាជីវកម្មពង្រីកស៊ុមគ្រែងឈាមលើផ្ទៃសមុទ្រស្ថិតនៅក្នុងមូលដ្ឋានឃុំថ្មស ពុំមានមន្ទីរស្ថាប័នណាចេញច្បាប់អនុញ្ញាត្តនោះទេ ដូច្នេះការមានទំនាស់គ្នារវាងប្រជានេសាទនិងប្រជានេសាទដូចគ្នាសុទ្ធតែខុសច្បាប់ទាំងអស់។ ប៉ុន្តែមើលឃើញពីជីវភាពរស់នៅមិនដឹងពួកគាត់ទៅប្រកបមុខរបរអ្វីក្រៅពីនេសាទ ក៏រដ្ឋបាលខេត្ត និងមន្ទីរជំនាញ រមែងតែមានការយោគយល់ពីមនោសញ្ចេតនាសម្រាប់ការអាស្រ័យផល។

លោក អ៉ី ម៉េងលាង ពន្យល់ទៀតថា ការនេសាទខ្យងស និងពង្រីកស៊ុមគ្រែងឈាម រដ្ឋបាលជលផលស្រុកបូទុមសាគរតែងចុះបង្រ្កាបទប់ស្កាត់ជាប្រចាំការ ពិេសសមេឈ្នួញដែលឃុបឃិតទិញលក់នាំចេញទៅក្រៅខេត្ត ឬទៅប្រទេសជិតខាង។ លោកបន្តថា ពេលតាមដានបង្រ្កាបឈ្នួញ បែរជាប្រជានេសាទនិយាយចង់សម្លាប់ដោយនេសាទបានហើយមិនដឹងលក់នៅណា លុះដល់ពេលមិនបង្រ្កាបរិះគន់មកកាន់មន្រ្តីជំនាញថាមិនបង្រ្កាបទៅវិញ។ តែទោះយ៉ាងណា លោកជឿជាក់ថា ទំនាស់បញ្ហាខាងលើនឹងត្រូវបានបញ្ចប់ ក្រោយកំណត់ដែននេសាទច្បាស់លាស់ជំនួសមកវិញនូវការស់នៅសុខុមរមនាក្នុងមូលដ្ឋាន។

ចំពោះលោក ក្រូច សីហា អភិបាលស្រុកបូទុមសាគរ ឯកភាពចំពោះចំណាត់ការរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដោយលោកយល់ថា ចាំបាច់ត្រូវតែមានការកំណត់តំបន់ជាឡូតិ៍ និងដាក់ឈ្មោះប្រជានេសាទកុំឱ្យបន្តទន្រ្ទានវាទទីបន្ថែមដែលនាំឱ្យបញ្ហាកើតមានមិនចេះឈប់មិនចេះឈរ ដោយ១គ្រួសារអាចទទួលបាន១ហិចតាកន្លះសម្រាប់មើលថែចិញ្ចឹមគ្រែងឈាមរបស់ខ្លួន។
លោកអភិបាលស្រុកបូទុមសាគរ មើលឃើញថា នៅពេលបានដោះស្រាយបែបនេះហើយ ការរស់នៅប្រមូលគ្រែងឈាមរបស់ប្រជានេសាទនឹងស្ងប់ចិត្ត និងឈប់ច្រណែនគ្នា៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង