សន្តិសុខសង្គម
និសិ្សតអនុបណ្ឌិតនៅសិង្ហបុរី ប្រាប់ល្បិចថ្មី នៃក្រុមឧក្រិដ្ឋជនឆបោកជំរិតប្រាក់ ៧១ ម៉ឺនដុល្លារ
បុរសវ័យក្មេងជនជាតិចិនមួយរូប ជានិស្សិតសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១ ផ្នែកទីផ្សារភាគហ៊ុន នៅសកលវិទ្យាល័យគ្រប់គ្រង ប្រទេសសិង្ហបូរី ត្រូវបានសមត្ថកិច្ចកម្ពុជា រកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលដែលទទួលការគំរាមទារប្រាក់ប្រមាណ ៧១ ម៉ឺនដុល្លារ។
តាមរយៈការរាយការណ៍ព័ត៌មាន និងផ្ដល់បទសម្ភាសជូន “កម្ពុជាថ្មី” នាពេលថ្មីៗនេះ ជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ កំឡុងពេលកំពុងសិក្សានៅប្រទេសសិង្ហបូរី លោកបានទទួលទូរសព្ទពីបុរស មិនស្គាល់អត្តសញ្ញាណ និយាយជាភាសាចិន អះអាងថា ជាសមត្ថកិច្ចអន្តោប្រវេសន៍ប្រទេសសិង្ហបូរី បានទាក់ទងមករូបលោកថា ពួកគេមានអត្តសញ្ញាណលេខទូរសព្ទ និងងឈ្មោះរបស់លោក ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកជាច្រើនករណី។
ជនរងគ្រោះ បានឱ្យដឹងបន្តថា៖ “ដោយមិនបានពិចារណាវែងឆ្ងាយ រូបខ្ញុំមានការភិតភ័យ ជឿតាមការបោកប្រាស់របស់ពួកគេ ហើយពួកគេបានបន្តឱ្យខ្ញុំទាក់ទងទៅគ្នារបស់ពួកគេចំនួន ៣នាក់ បន្ថែមទៀត ដោយសុទ្ធតែអះអាងថា ខ្លួនជានគរបាលអន្តោប្រវេសន៍សិង្ហបុរី ខ្លួនជានគរបាលចិន និងជារដ្ឋអាជ្ញាជាដើម។ ក្រុមឧក្រិដ្ឋជន បានណែនាំខ្ញុំឱ្យមកប្រទេសកម្ពុជាដើម្បីថតវីដេអូខ្លី អំពីសកម្មភាពចាប់ជំរិតខ្លួនឯង ដើម្បីអប់រំ និងលាងភាពស្អាតស្អំរបស់ខ្ញុំ រួចផ្ញើទៅឱ្យពួកគេ ព្រមទាំងផ្តល់ព័ត៌មានផ្ទាល់ចំនួន ៦ដង ក្នុងមួយថ្ងៃ ដើម្បីគ្រប់គ្រងរូបខ្ញុំ”។
បុរសខាងលើបានឱ្យដឹងបន្ថែមថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោកបានមកប្រទេសកម្ពុជាតាមការណែនាំរបស់ក្រុមឧក្រិដ្ឋជន មកជួលសណ្ឋាគារដើម្បីថតវីដេអូចាប់ជំរិតដោយខ្លួនឯងចំនួន ៣លើក ហើយបានផ្ញើរត្រឡប់ទៅឱ្យពួកគេវិញ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកត្រូវបានសមត្ថកិច្ចកម្ពុជា និងឪពុក ស្វែងរកឃើញ ពេលកំពុងដើរក្នុងផ្សារទំនើប។ ក្រោយពេលជួបឪពុក និងសមត្ថកិច្ចកម្ពុជា ទើបលោកបានដឹងថា ខ្លួនត្រូវចាញ់បោកក្រុមឧក្រិដ្ឋជន។
ជនរងគ្រោះបានបន្តថា៖ “ក្នុងកំឡុងពេលដែលខ្ញុំផ្ញើវីដេអូចាប់ជំរិតខ្លួនឯងទៅឱ្យពួកគេ គឺក្រុមឧក្រិដ្ឋជនបានយកវីដេអូដែលខ្ញុំផ្ញើឱ្យ យកទៅគំរាមទារប្រាក់ពីម្តាយរបស់ខ្ញុំចំនួន ៥លានយ៉ន់លុយចិន ស្មើ ប្រមាណ ៧១ម៉ឺនដុល្លារអាមេរិក ក្នុងនោះម្ដាយខ្ញុំបានប្រគល់ប្រាក់ទៅឱ្យពួកគេអស់ចំនួន ៣៣ ០០០ យ៉ន់ ប្រហែល ៥ ០០០ ដុល្លារ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ ចំពោះការខ្វះខាតការពិចារណារបស់ខ្ញុំ ធ្វើឱ្យខាតពេលវេលា និងទ្រព្យសម្បត្តិរបស់ឪពុកម្ដាយខ្ញុំ និងរំខានដល់សមត្ថកិច្ច ដែលខ្ញុំបានលាក់បាំងព័ត៌មានខាងលើ ដោយមិនព្រមរកជំនួយពីគ្រួសារ និងសមត្ថកិច្ច”។
និស្សិនចិនរូបនេះ បានផ្ដាំផ្ញើថា៖ “ខ្ញុំសូមអំពាវនាវដល់និស្សិតចិន ដែលរៀននៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ សូមមានការប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោកដូចខ្ញុំ ពិសេសនៅពេលមានការសង្ស័យណាមួយ ត្រូវហ៊ានរាយការណ៍ទៅសមត្ថកិច្ច ក៏ដូចជាអាណាព្យាបាល ដើម្បីរកដំណោះស្រាយ ចៀសវាងការលាក់បាំងព័ត៌មានដូចរូប ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលកម្ពុជា នគរបាលចិន នគរបាលសិង្ហបូរី ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានប្រឹងប្រែងជួយសង្គ្រោះរូបខ្ញុំ ឱ្យរួចផុតពីការឆបោករបស់ក្រុមឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យានេះ”។
គួរបញ្ជាក់ថា ចំពោះករណីបទល្មើសចាប់ជំរិតជនបរទេសឆ្លងដែនមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចកម្ពុជាបង្ក្រាបបានជាបន្តបន្ទាប់បានប្រមាណ ៣ករណីរួចមកហើយ។ ជាក់ស្ដែង កាលពីចុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីស្រដៀងគ្នានេះដែរ បានកើតឡើងចំពោះ និស្សិតចិនស្រី សិក្សាឆ្នាំទី១ នៅប្រទេសជប៉ុន ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា ជួយស្វែងរក និងប្រគល់ជូនអាណាព្យាបាលវិញផងដែរ៕
សូមចុច Link ទស្សនាវីដេអូ៖ និសិ្សតចិន សិក្សាអនុបណ្ឌិតនៅសិង្ហបុរី ប្រាប់ល្បិចជនល្មើសឆបោកជំរិតប្រាក់
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ