សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោបញ្ចូនខ្លួនមុខសញ្ញា ៤នាក់ ធាក់ និងកាប់ប្លន់យកម៉ូតូពលរដ្ឋ ទៅតុលាការ
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វេីការបង្ហាញមុខក្រុមជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីធាក់ និងកាប់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ រួចបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផាត ភ័ណ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនសង្ស័យ ៤នាក់ ខាងលេីរួមមាន៖ ១. ឈ្មោះ ជា ឆៃហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី៤. ឈ្មោះ ដេត បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង ៥រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងវត្ថុតាងចាប់យក៖ ១. ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IR-6729 ចំនួន ១គ្រឿង (របស់ជនសង្ស័យឈ្មោះ ចាន់ រតនា) ២. ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KE-1726 (របស់ជនសង្ស័យឈ្មោះ អៀ គីមស្រ៊ន)។ ក្នុងនោះក៏មានសម្ភារបាត់បង់៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-1835 ។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នងភូមិសាស្ត្រ រហូតដល់វេលាម៉ោង ៥រសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង ឆ្វែលចុះឆ្វែលឡើងនៅលើ ផ្លូវ១០៤ ត្រង់ចំណុចខាងមុខបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែជនសង្ស័យបានគេចខ្លួន រួចកម្លាំងសមត្ថកិច្ចក៏បានដេញតាមរហូតដល់ឃ្លាំងជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងឃ្លាំងជីខាងលើ។ កម្លាំងសមត្ថកិច្ចក៏បានឡោមព័ទ្ធ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ រួមទាំងវត្ថុតាង យកមកសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ តាមនីតិវិធី។ ចំណែកជនសង្ស័យ ២នាក់ ទី១ ឈ្មោះ សាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ទី២ ឈ្មោះ វូ ភេទប្រុស អាយុ ១៨ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស មិនស្គាល់ស្លាកលេខ គេចខ្លួនបាត់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ៤នាក់ ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង៤០នាទីរសៀល ពួកគេ (ជនសង្ស័យ) និងបក្ខពួក បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-1835 ចំនួន ១គ្រឿង ត្រង់ចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនសង្ស័យ ឈ្មោះ វូ និងឈ្មោះ សាក់ ជាអ្នកយកទៅលក់ នៅខេត្តតាកែវ បានលុយចែកគ្នាស៊ីចាយទាំងអស់។
បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅជនរងគ្រោះមកមើលមុខជនសង្ស័យ ស្គាល់ថា ក្រុមជនសង្ស័យទាំងនេះ ពិតជាបាន ធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឱ្យជនរងគ្រោះរងរបួសកំភូនដៃខាងឆ្វេងមួយកាំបិត និងដួលម៉ូតូ រងរបួសក្បាល ចង្ការ ម្រាមដៃខាងស្តាំ ទៅព្យាបាលនៅទីលំនៅរបស់ជនរងគ្រោះខាងលើ ទើបជនរងគ្រោះមិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹង។ ពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ហើយជនរងគ្រោះស្គាល់មុខថា ក្រុមជនសង្ស័យនេះ ជាអ្នកធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់