សន្តិសុខសង្គម
អាវុធហត្ថលើផ្ទៃប្រទេស ចាត់ទុកការចុះផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួនជាការបំផ្លើស និងរៀបចំទុកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ
បន្ទាប់ពីបានឃើញ និងកត់សម្គាល់នូវការផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមតាមប្រព័ន្ធអនឡាញមួយចំនួនបានចុះផ្សាយពាក់ព័ន្ធនឹងអង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកការចុះផ្សាយរបស់បណ្ដាញព័ត៌មានតាមប្រព័ន្ធអនឡាញមួយចំនួនជាការបំផ្លើស និងរៀបចំទុកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏សូមអំពាវនាវគ្រប់បណ្តាញព័ត៌មានផ្សព្វផ្សាយទាំងអស់ មុននឹងធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ សូមមេត្តាផ្ទៀងផ្ទាត់ប្រភព ភស្តុតាង សាក្សី ជាពិសេសទំនាក់ទំនងសួរឱ្យបានច្បាស់លាស់ជាមុនសិន។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កងរាជអាវុធហត្ថ បានឃើញនិងកត់សម្គាល់នូវការផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមតាមប្រព័ន្ធអនឡាញមួយចំនួន មានការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងអង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ ដែលជាព័ត៌មានមិនពិត បំផ្លើស គ្មានមូលដ្ឋានសម្អាងច្បាស់លាស់ គ្មានភស្តុតាង ហើយព័ត៌មានខ្លះទៀត គឺជាព័ត៌មានដែលរៀបចំទុកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់អង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ។
សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកយកព្រឹត្តិការណ៍ចំនួន៣ ដែលអង្គភាពសារព័ត៌មានមួយចំនួនបានចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងអង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ។
ករណីទី១៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានការបង្ហោះផ្សព្វផ្សាយថា “បែកធ្លាយលោក ឡុង វឿន មេស្នាក់ការសន្តិសុខជើងទឹក B06 កំពុងតែប្រមូលលុយពីបទល្មើសនេសាទរត់ការឡើងមេស្រុក”។ ដែលករណីនេះ កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវរកពុំឃើញការប្រព្រឹត្តកំហុសនោះទេ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានធ្វើរបាយការណ៍បញ្ជាក់ថា មិនមានករណីនោះកើតឡើងទេ ក្រោយពីយើងខ្ញុំបានឆ្លើយតប ព័ត៌មាននោះក៏បានលុបចេញពីបណ្តាញព័ត៌មានសង្គមរួចហើយ។
ករណីទី២៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានការបង្ហោះផ្សព្វផ្សាយថា “សូមបងប្អូនពុកម៉ែជួយរកយុត្តិធម៌ជូនក្រុមគ្រួសារខ្ញុំបាទផង…..ហេតុអីៈ ឪពុកម្តាយរបស់ខ្ញុំចាប់បានជនសង្ស័យប្រគល់ជូនខាងប៉េអឹមខេត្តស្ទឹងត្រែងហើយ បែរជាអ្នកដែលចាប់ប្រគល់ជូនត្រូវជាប់ពន្ធនាគារទៅវិញ ប្អូនសុំមិនយល់ សូមមេធាវីរបស់សម្ដេចពុកជួយរកយុត្តិធម៌ឱ្យកូនចៅផង”។ កងរាជអាវុធហត្ថ បានឆ្លើយតបជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយនានា ដោយយោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានលិខិតបញ្ជាក់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង អំពីករណីនេះផងដែរ គឺអនុវត្តតាមនីតិវិធី ដោយបានសុំគោលការណ៍ដឹកនាំ សម្របសម្រួលត្រឹមត្រូវតាមច្បាប់។
ករណីទី៣-កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការផ្សព្វផ្សាយថា “តើ លោកយ៉ាន់ ម៉េង ហាក់ ជានរណា បានជាហ៊ានប្រើអំណាចនិងតួនាទីប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងលួចកាត់សោផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះមិននៅ…!”។ តាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ថា៖ ករណីនេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះវិហារ បានធ្វើលិខិតជូនដំណឹងជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីការបើកការស៊ើបអង្កេតលើលោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ ពីបទអំពើលួច ដោយមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា។ តាមការស្រាវជ្រាវ ស៊ើបអង្កេតបានបញ្ជាក់ថា លោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ គឺដំណើរហេតុសង្ខេបបញ្ជាក់ថា លោក យ៉ាន់ ម៉េងហាក់ បានប្រទះឃើញលោកស្រី នឿន សុកឃាង និងបក្សពួកចំនួន០៥នាក់ កំពុងធ្វើការរុះរើសម្ភារៈនៅផ្ទះ នឿន វ៉ាន់នី បម្រុងដឹកចេញ ហើយខ្លួនបានឃាត់ និងបានរាយការណ៍ទៅអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍។ ករណីនេះ ភាគីរឿងក្តីមិនសុខចិត្ត គឺអាចតវ៉ាតាមផ្លូវច្បាប់នៅតុលាការគ្រប់ជាន់ថ្នាក់។
ជាមួយនឹងសេចក្ដីប្រកាសព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអំពាវនាវគ្រប់បណ្តាញព័ត៌មានផ្សព្វផ្សាយទាំងអស់ មុននឹងធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ សូមផ្ទៀងផ្ទាត់ប្រភព ភស្តុតាង សាក្សី ជាពិសេសទំនាក់ទំនងសួរឱ្យបានច្បាស់លាស់ជាមុនសិន។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា អាវុធហត្ថនឹងរង់ចាំទទួលជានិច្ចនូវការផ្ដល់ព័ត៌មាន ការសុំបកស្រាយ គឺរួមគ្នាកសាងព័ត៌មានពិត រហ័ស ទាន់ហេតុការណ៍ជូនសាធារណជនជាតិនិងអន្តរជាតិ៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?